កម្ពុជាស្វាគមន៍កូនផ្សោតថ្មី ១ក្បាល នៅខេត្តក្រចេះ ដែលធ្វើឱ្យចំនួនសត្វផ្សោតទន្លេមេគង្គនៅកម្ពុជា កើនដល់ ១១១ក្បាល
MoINFO APP
ចំនួនផ្សោតទន្លេមេគង្គនៅកម្ពុជា កើនឡើងដល់ ១១១ក្បាល ហើយ គិតត្រឹមថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥នេះ បន្ទាប់ពីប្រទះឃើញកូនផ្សោតកើតថ្មី ១ក្បាល អាយុប្រមាណ ២ថ្ងៃ ត្រូវបានប្រទះឃើញនៅអន្លង់កាំពី ភូមិជ្រោយបន្ទាយ ឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។ ក្រុមការងារស្រាវជ្រាវនៃរដ្ឋបាលជលផល និងអង្គការ WWF ថតបានកូនផ្សោតថ្មីនេះ នៅវេលាម៉ោង ១០ និង៣៥នាទីព្រឹក ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥។ កូនផ្សោតនេះស្ថិតនៅក្នុងក្រុមសត្វផ្សោតធំៗចំនួន ៤ក្បាល ផ្សេងទៀត។
គិតត្រឹមដើមខែឧសភា ឆ្នាំ២០២៥នេះ កម្ពុជាទទួលបានកូនផ្សោតកើតថ្មីចំនួន ៧ក្បាល ក្នុងនោះ៥ក្បាល កើតនៅខេត្តក្រចេះ និង២ក្បាលនៅខេត្តស្ទឹងត្រែង ដែលធ្វើឲ្យចំនួនសត្វផ្សោតទន្លេមេគង្គនៅកម្ពុជាសរុប កើនឡើងដល់ចំនួន ១១១ក្បាល។
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងរដ្ឋបាលជលផល ជាសេនាធិការ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅអស់ពីដួងចិត្ត ចំពោះការលះបង់របស់បងប្អូនឆ្មាំទន្លេទាំង៧២រូប នៅខេត្តស្ទឹងត្រែងនិងក្រចេះ ក្នុងបុព្វហេតុអភិរក្សសត្វផ្សោតទន្លេមេគង្គ ហើយក្រសួងនឹងខិតខំប្រឹងប្រែងអស់ពីលទ្ធភាពដើម្បីគាំទ្រការងាររបស់បងប្អូនឆ្មាំទន្លេយើង។
ក្រសួងក៏សូមអរគុណផងដែរ ចំពោះអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋដែលបានចូលរួមថែរក្សានិងការពារធនធានជលផលដ៏មានតម្លៃ។ ប្រសិនបងប្អូនប្រជានេសាទ បានប្រទះឃើញសត្វផ្សោត ពិសេសកូនផ្សោត សូមផ្តល់ព័ត៌មានមកសមត្ថកិច្ចជលផល ដែលមានលេខទូរស័ព្ទ ០១២ ៨៩៧ ៩៤៣, ០១១ ៣៥៥ ៨៨៣, ០៩៩ ៧៩១ ៩១៩, ០៩២ ៩១៨ ១៤៤ និង ០១៧ ៨១៨ ៣៨២៕