ព័ត៌មានជាតិ

ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី៖ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងមុខងារសាធារណៈ បោះជំហ៊ានស្វាហាប់ និងប្រកបដោយការទទួលខុសត្រូវ ហើយសម្រេចបានសមិទ្ធផលជាបន្តបន្ទាប់ក្នុងនាមជាសេនាធិការរាជរដ្ឋាភិបាល

ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី៖ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងមុខងារសាធារណៈ បោះជំហ៊ានស្វាហាប់ និងប្រកបដោយការទទួលខុសត្រូវ ហើយសម្រេចបានសមិទ្ធផលជាបន្តបន្ទាប់ក្នុងនាមជាសេនាធិការរាជរដ្ឋាភិបាល
ចេញផ្សាយ ថ្ងៃទី ០១ ខែ កក្កដា ឆ្នាំ ២០២៥
MoINFO APP

ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ បានលើកឡើងថាថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងមុខងារសាធារណៈ បានបោះជំហ៊ានស្វាហាប់ និងប្រកបដោយការទទួលខុសត្រូវ ហើយសម្រេចបានសមិទ្ធផលជាបន្តបន្ទាប់ក្នុងនាមជាសេនាធិការរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។

តាមរយៈបណ្តាញសង្គមការងារផ្លូវការ នាថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥នេះ ឯកឧត្តម ហ៊ុន ម៉ានី បានបន្តថា «កន្លងមក មិនថាការងារមានសភាពកាន់តែមមាញឹកយ៉ាងណាក្តី ថ្នាក់ដឹកនាំដែលទទួលបន្ទុកការងារទាំងការងារស្នូល និងការងារកែទម្រង់រដ្ឋបាលសាធារណៈ រួមទាំងមន្ត្រីរាជការទាំងអស់នៃក្រសួងមុខសាធារណៈ តែងតែបានអនុវត្តការងារបានយ៉ាងសកម្ម ហ្មត់ចត់ និងប្រកបដោយការទទួលខុសត្រូវខ្ពស់ ជាពិសេសការយកចិត្តទុកដាក់លើអត្ថប្រយោជន៍របស់មន្ត្រីរាជការ។ ក្នុងនោះ ការងារបើកប្រាក់បៀវត្សជូនមន្ត្រីរាជការ ២ដង ក្នុងមួយខែត្រូវបានរៀបចំយ៉ាងទៀតទាត់ មិនឱ្យមានភាពយឺតយ៉ាវ ឬអាក់ខាននោះឡើយ។

ជាមួយគ្នានេះ ការងារគ្រប់គ្រងផ្លាស់ប្តូរស្ថានភាពមន្ត្រីទូទាំងប្រទេសប្រចាំថ្ងៃ ក៏ដូចជាការរៀបចំតាក់តែងចងក្រងឯកសារបទដ្ឋានគតិយុត្តនានា ក៏ដូចជាការលើកកម្ពស់វិស័យមុខងារសាធារណៈ ទាំងក្នុង និងក្រៅប្រទេស ត្រូវបានបន្តអនុវត្តប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានបន្ថែមថា ទន្ទឹមការអនុវត្តការងារស្នូលក្នុងការដឹកនាំ គ្រប់គ្រង និងអភិវឌ្ឍវិស័យមុខងារសាធារណៈ ការសហការជាមួយក្រសួង ស្ថាប័ននានា ក្នុងការអនុវត្តវិធានការគន្លឹះទាំង៣ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ ក៏ទទួលបានសមិទ្ធកម្មជាក់លាក់ ហើយផុសចេញនូវផលជះជាវិជ្ជមានជាបណ្តើរៗ និងជាបន្តបន្ទាប់។

មិនថាការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិល ដែលទទួលបានការកោតសរសើរ និងសាទរពីបេក្ខជន និងសាធារណៈជនគួរជាទីមោទនៈនោះទេ ការពិនិត្យឡើងវិញ ការវិភាគមុខងារនិងរចនាសម្ព័ន្ធ ក្រសួងស្ថាប័ន ការធ្វើជំរឿនមន្ត្រី ការរៀបចំប្រព័ន្ធលើកទឹកចិត្តមន្ត្រីផ្អែកលើសមិទ្ធកម្ម ក៏ដូចជាចលនាប្រឡងប្រណាំងអង្គភាពផ្តល់សេវាសាធារណៈគំរូ សុទ្ធតែត្រូវបានទទួលស្គាល់ និងចាត់ទុកថាជាបេសកកម្មដ៏ឧត្តម ក្នុងការធ្វើទំនើបកម្មប្រព័ន្ធរដ្ឋបាលសាធារណៈដែលមានសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ ដែលជាជំហ៊ានឆ្ពោះទៅការសម្រេចបានស្របតាមចក្ខុវិស័យរបស់សម្តេចធិបតី និងជាកេរមរតកដ៏ពិសិដ្ឋសម្រាប់ទុកជូនអ្នកជំនាន់ក្រោយផងដែរ»។

ថ្នាក់ដឹកនាំក្រសួងខាងលើ សម្តែងនូវការកោតសរសើរ និងមានមោទនភាព ដោយមានថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់ៗរូប ចូលរួមសហការការងារគ្នាយ៉ាងសស្រាក់សស្រាំពោរពេញដោយឧត្តមភាព ក្នុងបុព្វហេតុ ដើម្បីជាតិ និងប្រជាជនរបស់យើង។

Leave a Reply

Your email address will not be published. Required fields are marked *