សម្តេចតេជោហ៊ុនសែន ចង់បញ្ចប់ “ស្ថានភាពចាញ់-ចាញ់” អោយបានឆាប់
សម្តេចតេជោហ៊ុនសែនប្រធានព្រឹទ្ធសភាកាលពីព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥ នៅក្នុងជំនួបសំណេះសំណាលជាមួយសិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូ នៅវិទ្យាល័យ ជា ស៊ីម កំចាយមារ ខេត្តព្រៃវែង បានសំដែងភាពធុញទ្រាន់ចំពោះវិបត្តិច្រកព្រំដែន ជាមួយថៃដែលបានអូសបន្លាយប្រមាណ១ខែកន្លងមកនេះហើយត្រូវបានថ្នាក់ដឹកនាំថៃបបួលចរចា។
សម្តេចតេជោបានបញ្ជាក់ថា កម្ពុជាប្រកាន់ជំហរគ្មានការចរចាបញ្ហាបើកច្រកព្រំដែននោះទេ ព្រោះពេលបិទគឺថៃបិទជាឯកតោភាគី។ ការកែសម្រួលពេលម៉ោងបិទបើកច្រកព្រំដែនជាឯកតោភាគីរបស់ថៃនិងមិនជូនដំណឹងដល់កម្ពុជានេះ គឺជាការរំលោភលើកិច្ចព្រមព្រៀង រវាងប្រទេសទាំងពីរ ទៅលើបញ្ហាច្រកព្រំដែនដែលបានព្រមព្រៀងគ្នា ។
ការបិទច្រកព្រំដែនខុសពីទម្លាប់ធម្មតាដោយឯកតោភាគីរបស់ថៃនេះ ត្រូវបានសម្តេចតេជោ ហៅថាជា “ស្ថានភាពចាញ់-ចាញ់”។ ជាតថភាព យើងឃើញថាការបិទច្រកព្រំដែននឹងបង្កប៉ះពាល់ដល់បញ្ហាធ្វើពាណិជ្ជកម្ម ដល់ប្រទេសទាំងសង្ខាង។ ប៉ុន្តែសម្តេចតេជោបានបញ្ជាក់ថាអ្នកដែលចាញ់ធ្ងន់ជាងគេមិនមែនខ្មែរទេ។ អាស្រ័យហេតុនេះបានជាថៃបបួលចរចាបើកព្រំដែនឡើងវិញ។
យ៉ាងណាក៏ដោយសម្ដេចតេជោបានលើកឡើងថាកម្ពុជានៅតែចង់ធ្វើទំនាក់ទំនងល្អ ជា មិត្តភាពនិងជាអ្នកជិតខាងល្អជាមួយថៃ។ ខាងកម្ពុជាត្រូវការតែ ធ្វើអោយច្រកព្រំដែនដំណើរការដូចមុន តែប៉ុណ្ណោះ។
សូមបញ្ជាក់ថា ការបិទច្រកព្រំដែនខុសធម្មតា ឬ ការបង្រួមពេលវេលាបើកច្រកព្រំដែន បានធ្វើឡើងដោយឯកតោភាគីថៃ ដូចនេះមានតែភាគីថៃទេ ដែលត្រូវដោះស្រាយដោយខ្លួនឯង។
សម្តេតេជោបានជូនជាយោបល់ថា ដើម្បីបញ្ចប់បញ្ហាបើកច្រកព្រំដែននេះ ថៃ មិនចាំបាច់មកសុំកម្ពុជាចរចានោះឡើយ គឺថ្នាក់ដឹកនាំថៃនិយាយប្រាប់ទៅកាន់ ពលរដ្ឋរបស់ខ្លួនផ្ទាល់ថា «ច្រកព្រំដែនដែលត្រូវបានកែសម្រួលពីមុនពីម៉ោង៨ព្រឹកដល់ម៉ោង៤ល្ងាចត្រូវកែសម្រួលត្រឡប់មកវិញពីម៉ោង៦ព្រឹកដល់ម៉ោង១០យប់ ហើយការកែសម្រួលនេះមិនត្រូវបានកែសម្រួលសារជាថ្មីទេ»។
ការចង់អោយថ្នាក់ដឹកនាំថៃបញ្ចប់រឿងបិទបើកច្រកព្រំដែននេះ បានធ្វើឡើងបន្ទាប់ពី ភាគីថៃបានស្នើសុំចរចាចំនួន៣លើកហើយ។
កាលពីថ្ងៃ ១៤មិថុនា២០២៥ ភាគីថៃបានដាក់របៀបវីរៈចរចាបើកទ្វារច្រកព្រំដែននេះ នៅក្នុងកិច្ចប្រជុំគណៈកម្មការបច្ចេកទេសចម្រុះ(JTC) ប៉ុន្តែត្រូវបានភាគីខ្មែរបដិសេធ។
កាលពីថ្ងៃទី១៥មិថុនា២០២៥ នាយករដ្ឋមន្ត្រីថៃ លោកស្រីផែថងថាន ស៊ីណាវ៉ាត់ បានទូរសព្ទមកសម្តេចតេជោហ៊ុនសែន និងសម្តេចបវរធិបតីហ៊ុនម៉ាណែត ដើម្បីសុំចរចាបើកព្រំដែនឡើងវិញ។ ប៉ុន្តែត្រូវបានភាគីកម្ពុជាបដិសេធមិនមានការចរចានោះទេ ពីព្រោះពេលបិទព្រំដែន ភាគីថៃបានធ្វើឡើងដោយឯកតោភាគី មិនបានពិភាក្សាជាមួយកម្ពុជានោះទេ។
ហើយកាលពីថ្ងៃ២៩មិថុនា២០២៥ ភាគីថៃនៅខេត្តស្រះកែវ បានធ្វើលិខិតមកអាជ្ញាធរមាន សមត្ថកិច្ចរបស់កម្ពុជាដោយស្នើសុំឱ្យមានការបើកច្រកព្រំដែនកម្ពុជា-ថៃមួយចំនួន និងអនុញ្ញាតឱ្យរថយន្ត ដឹកទំនិញចេញ-ចូល ដើម្បីបន្ធូរការប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។
យ៉ាងណាក៏ដោយ កូនសោបើកច្រកទ្វារព្រំដែនថៃ គឺស្ថិតនៅក្នុងកណ្តាប់ដៃកងទ័ពស្រាប់ហើយ ខាងកម្ពុជាបានបញ្ជាក់ច្បាស់ហើយថា បើថៃបើកច្រកទ្វារព្រំដែនឡើងវិញ កម្ពុជានឹងប្រើពេលយ៉ាងយូរបំផុត៥ម៉ោងដើម្បីបើកច្រកព្រំដែនតាមក្រោយភាគីថៃ។