ឯកឧត្ដម សួន សុម៉ាលីន អញ្ជើញចូលរួម ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារសាលសហសិក្សា ផ្ទាំងLED តុ កៅអី សម្ភារៈគាំទ្រ ផ្លូវ និងសួនច្បារ និងពិធីបិទវគ្គបណ្តុះបណ្តាល កម្រិតបឋមវិជ្ជាជីវៈនគរបាល ជំនាន់ទី១៨ លើកទី១ នៅសាលានគរបាលជាតិភូមិភាគ២ ខេត្តកំពង់ចាម
ព្រៃវែង៖ នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្ដម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាព្រៃវែង និងឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារសាលសហ សិក្សា ផ្ទាំងLED វាំងននក្នុងអគារ ម៉ាស៊ីនត្រជាក់ តុ កៅអី សម្ភារៈគាំទ្រ ផ្លូវ និងសួនច្បារអមជុំវិញបរិវេណអគារ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចក្រឡាហោម ស ខេង និងលោកជំទាវ ញ៉ែម សាខន និងពិធីបិទវគ្គ បណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាល ជំនាន់ទី១៨ លើកទី១ ដែលមានសិស្សនគរបាលជ័យលាភីចំនួន ១៩១នាក់ ជានារី៥៩នាក់ នៅសាលានគរបាលជាតិភូមិភាគ២ ខេត្តកំពង់ចាម ដែលពិធីនេះស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ ។
ជាកិច្ចចាប់ផ្តើមនៃពិធី លោកឧត្តមសេនីយ៍ទោ រ័ត្ន ចំរើន នាយកសាលា បានធ្វើរបាយការណ៍អំពីលទ្ធផល នៃការងារបណ្តុះបណ្តាល ដំណើរការសាងសង់ និងសមិទ្ធផលនានា របស់សាលានគរបាលជាតិភូមិភាគ២។
ថ្លែងក្នុងពិធីនេះ ឯកឧត្តម អភិសន្តិបណ្ឌិត បានលើកឡើងថា ក្នុងការអនុវត្តកម្មវិធីនយោបាយនិងយុទ្ធ សាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃនិងទស្សនវិស័យជឿនលឿនរបស់សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងនីតិកាលទី៧នៃរដ្ឋសភានេះ ក្រសួង មហាផ្ទៃបានដាក់ចេញនូវកម្មវិធីកំណែទម្រង់ច្បាស់លាស់ទាក់ទងនឹងវិស័យសន្តិសុខ ដោយផ្តោតលើគោលដៅ ៣សំខាន់ៗគឺ: ទី១-ការបណ្តុះបណ្តាលដើម្បីពង្រឹងសមត្ថភាពវិជ្ជាជីវៈកងកម្លាំងនគរបាលជាតិក្នុងការបម្រើជាតិ និងប្រជាពលរដ្ឋឱ្យបានកាន់តែល្អប្រសើរ ទី២- ការពង្រឹងសមត្ថភាព និងបន្តជំរុញវឌ្ឍនភាពបណ្ឌិត្យសភា នគរបាលកម្ពុជានិងសាលានគរបាលជាតិភូមិភាគនានា ទី៣-ការបំពាក់សម្ភារៈ ឧបករណ៍ទំនើបៗនិងមធ្យោបាយ គ្រប់គ្រាន់សម្រាប់គាំទ្រដល់កិច្ចប្រតិបត្តិការ និងការបំពេញភារកិច្ចប្រចាំថ្ងៃរបស់មន្ត្រីនគរបាលជាតិ។
ទន្ទឹមនេះដែរ ឯកឧត្តម អភិសន្តិបណ្ឌិត បានថ្លែងកោតសរសើរបណ្ឌិត្យសភានគរបាលកម្ពុជា និង សាលានគរបាលជាតិភូមិភាគ២ ដែលមានការអភិវឌ្ឍយ៉ាងឆាប់រហ័សគួរឱ្យកត់សម្គាល់និងប្រកបដោយ មោទនភាព ដើម្បីបំពេញបានតម្រូវការជាក់ស្តែងនៃការងារបណ្តុះបណ្តាលធនធានមនុស្ស ព្រមទាំងបានថ្លែង អំណរគុណដល់សប្បុរសជនទាំងអស់ដែលបានចូលរួមចំណែកជាមួយក្រសួងមហាផ្ទៃ ក្នុងការអភិវឌ្ឍបណ្ឌិត្យ សភានិងសាលានគរបាលជាតិភូមិភាគនានា។
ជាមួយគ្នានេះដែរ ឯកឧត្តម អភិសន្តិបណ្ឌិត បានថ្លែងកោតសរសើរដល់ប្អូនៗជាសិស្សនគរបាលជ័យ លាភីទាំងអស់ដែលបានខិតខំសិក្សាទទួលបានជោគជ័យ ព្រមទាំងបានផ្តាំផ្ញើឱ្យបន្តការសិក្សា ដកស្រង់បទ ពិសោធ ពង្រឹងនិងពង្រីកចំណេះដឹងឱ្យកាន់តែទូលំទូលាយបន្ថែមទៀត ដើម្បីបំពញភារកិច្ចទទួលខុសត្រូវ បានល្អប្រសើរជូនជាតិនិងប្រជាពលរដ្ឋ។
នៅទីបញ្ចប់ ឯកឧត្តម អភិសន្តិបណ្ឌិត បានផ្តល់កិត្តិយសប្រគល់វិញ្ញាបនបត្រសិក្សាដល់តំណាងសិស្ស នគរបាលជ័យលាភីចំនួន១៥រូប និងប័ណ្ណថ្លែងអំណរគុណដល់សប្បុរសជនចំនួន៥រូប ផងដែរ៕