បទពិសោធ និងអនុសាសន៍របស់កម្ពុជាដែលបានលើកឡើងក្នុងសន្និសីទពិភពលោកលើប្រធានបទ “បរិវត្តកម្មទេសចរណ៍ និងនិរន្តភាព (Tourism Transformation & Sustainability” ត្រូវបានទទួលការសាទរ និងគាំទ្រយកជាគម្រូ
ចេញផ្សាយ ថ្ងៃទី ០៦ ខែ មិថុនា ឆ្នាំ ២០២៥
MoINFO APP
ទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ៖ នាព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានអញ្ជើញថ្លែងសុន្ទរកថាគន្លឹះក្នុងសន្និសីទឧស្សាហកម្មទេសចរណ៍ពិភពលោកលើកទី៤ ក្រោមប្រធានបទ “បរិវត្តកម្មទេសចរណ៍ និងនិរន្តភាព (Tourism Transformation & Sustainability)” ដោយមានអ្នកចូលរួមជាថ្នាក់ដឹកនាំ អង្គទូតបរទេសប្រចាំសាធារណរដ្ឋកូរ៉េ អ្នកជំនាញអន្តរជាតិក្នុងវិស័យទេសចរណ៍ និងក្រុមហ៊ុនឯកជនជាច្រើននាក់។
ក្នុងសុន្ទរកថាគន្លឹះ ឯកឧត្តមរដ្ឋមន្រ្តី បានចែករំលែកបទពិសោធនៃការអភិវឌ្ឍវិស័យទេសចរណ៍ ជាពិសេសក្នុងបរិបទដែលកម្ពុជាបានឆ្លងកាត់នូវសម័យកាលដ៏ល្វីងជូរចត់ និងសែនពិបាករហូតដល់បានទទួលនូវសុខសន្តិភាពដ៏ពេញលេញ ដែលកម្ពុជាបានឆ្លុះបញ្ចាំងដល់ពិភពលោកពីតម្លៃមិនអាចកាត់ថ្លៃបាននៃសន្តិភាព និងទំនាក់ទំនងមិនអាចកាត់ផ្តាច់បានរវាងសន្តិភាព និងទេសចរណ៍ ដូចពាក្យស្លោកប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី “ទេសចរណ៍រីកលូតលាស់ក្នុងសន្តិភាព”។
ទន្ទឹមនឹងនេះដែរ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានគូសបញ្ជាក់ថាការរក្សានូវនិរន្តភាពជារឿងដ៏ពិបាកតែអាចសម្រេចតាមរយៈសកម្មភាពរួមគ្នាជាក់ស្តែងដែលឯកឧត្តមរដ្ឋមន្រ្តីបានលើកជាអនុសាសន៍ចំនួន៤ ដែលឯកឧត្តមរដ្ឋមន្រ្តីបានលើកឡើងក្នុងសុន្ទរកថាគន្លឹះ។ បទពិសោធ និងអនុសាសន៍ដែលបានលើកឡើងដោយឯកឧត្តមរដ្ឋមន្រ្តី ត្រូវបានទទួលការសាទរគំាទ្រ និងត្រូវបានយកជាកម្មវត្ថុនៃគំនិតពិភាក្សាក្នុងសនិ្នសីទកម្រិតអន្តរជាតិដែលគំាទ្រដោយអង្គការសហប្រជាជាតិទេសចរណ៍ (UNWTO)។