ព័ត៌មានជាតិ

ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង និងសហភាពអឺរ៉ុប បញ្ជាក់ការគាំទ្រកំណែទម្រង់វិស័យទឹកស្អាតនៅកម្ពុជា

ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង និងសហភាពអឺរ៉ុប បញ្ជាក់ការគាំទ្រកំណែទម្រង់វិស័យទឹកស្អាតនៅកម្ពុជា
ចេញផ្សាយ ថ្ងៃទី ០៦ ខែ មិថុនា ឆ្នាំ ២០២៥
MoINFO APP

ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) និងសហភាពអឺរ៉ុប បានបញ្ជាក់ការគាំទ្ររបស់ខ្លួន ចំពោះកំណែទម្រង់វិស័យទឹកស្អាតនៅកម្ពុជា ក្នុងជំនួបជាមួយ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅទីស្តីការក្រសួងកាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥។

គណៈប្រតិភូដែលដឹកនាំដោយលោកស្រី Sandrine Boucher នាយកប្រចាំប្រទេសរបស់ AFD បានពិភាក្សាអំពីគម្រោងវិនិយោគដែលកំពុងអនុវត្តនិងគម្រោងអនាគត កំណែទម្រង់ស្ថាប័ន និងយុទ្ធសាស្រ្តដើម្បីពន្លឿនការពង្រីកសេវាទឹកស្អាត និងអនាម័យនៅទូទាំងប្រទេស។

ឯកឧត្តម ហែម វណ្ណឌី បានកោតសរសើរដល់ AFD និងសហភាពអឺរ៉ុបចំពោះការបន្តគាំទ្រកម្ពុជា ព្រមទាំងបញ្ជាក់ពីសារៈសំខាន់នៃការពង្រីកសេវាទឹកស្អាតសម្រាប់សហគមន៍ដែលមិនទាន់ទទួលសេវា ជាពិសេសនៅតំបន់ជនបទ។ ឯកឧត្តមបានលើកឡើងថា៖ “យើងមិនអាចពន្យារការផ្តល់សេវាទឹកស្អាត ដោយរង់ចាំតែគម្រោងហេដ្ឋារចនាសម្ព័ន្ធខ្នាតធំទេ។ ដំណោះស្រាយជាក់ស្តែងនៅតាមតំបន់ និងការផ្តល់ហិរញ្ញប្បទានគឺជារឿងចាំបាច់ ដើម្បីពង្រីកសេវា និងដោះស្រាយបញ្ហាប្រកួតប្រជែងក្នុងការប្រើប្រាស់ប្រភពទឹក។”

ឯកឧត្តមក៏បានណែនាំឱ្យក្រុមការងារបច្ចេកទេសរបស់ក្រសួង សហការជាមួយក្រុមហ៊ុន PROPARCO ដែលជាដៃគូបម្រើវិស័យឯកជនរបស់ AFD ដើម្បីសម្រួលការផ្តល់ហិរញ្ញប្បទានក្នុងអត្រាការប្រាក់សមរម្យសម្រាប់ប្រតិបត្តិករទឹកស្អាតឯកជន ដោយសារប្រតិបត្តិករទាំងនេះដើរតួនាទីសំខាន់ក្នុងការផ្តល់សេវាទឹកស្អាតដល់ប្រជាជនក្នុងតំបន់ជនបទ។

លោកស្រី Sandrine Boucher បានលើកឡើងថា AFD កំពុងពិចារណាហិរញ្ញប្បទានប្រមាណ ២៧៥ លានអឺរ៉ូ សម្រាប់កម្ពុជា ពីឆ្នាំ២០២៥-២០២៧ ដោយក្នុងនោះ ៧០% ពាក់ព័ន្ធនឹងទឹក។

លោកស្រីបានបន្ថែមថា៖ “សម្រាប់វិស័យឯកជន តាមរយៈ PROPARCO យើងកំពុងបង្កើតកញ្ចប់ឥណទានថ្មីមួយ ដោយសហការជាមួយធនាគារពាណិជ្ជ ដើម្បីផ្តល់ហិរញ្ញប្បទានដល់ប្រតិបត្តិករទឹកស្អាតឯកជន។”

កិច្ចពិភាក្សាក៏ផ្តោតលើការធ្វើបច្ចុប្បន្នកម្មច្បាប់ ក្របខណ្ឌស្ថាប័នសម្រាប់ប្រតិបត្តិករទឹកស្អាត និងកម្មវិធី បណ្តុះបណ្តាលដោយសហការជាមួយវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និងប្រើប្រាស់សមត្ថភាពរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ដើម្បីអភិវឌ្ឍធនធានមនុស្សសម្រាប់វិស័យនេះ។

ឯកឧត្តមរដ្ឋមន្ត្រីបានអំពាវនាវឱ្យមានការយកចិត្តទុកដាក់បន្ថែមលើនវានុវត្តន៍ ដោយលើកឡើងថា៖ “យើងស្នើសហភាពអឺរ៉ុប ឱ្យពិចារណាផ្តល់ហិរញ្ញប្បទានសម្រាប់ការស្រាវជ្រាវនវានុវត្តន៍ ក្នុងវិស័យទឹកស្អាត។ ការស្រាវជ្រាវលើ AI អាចជួយបង្កើនប្រសិទ្ធភាព ដូចជាស្វែងរកការលេចធ្លាយ សន្សំថាមពលតាមរយៈស្វ័យប្រវត្តិកម្មម៉ាស៊ីនបូម តាមដានគំរូនៃការប្រើប្រាស់ទឹកឆ្លាតវៃ និងពង្រីកលទ្ធភាពកែច្នៃទឹកពីប្រភពឧស្សាហកម្មសម្រាប់ប្រើប្រាស់ឡើងវិញជាដើម។”

លោក Koen Everaert អនុប្រធានកិច្ចសហប្រតិបត្តិការនៃប្រតិភូសហភាពអឺរ៉ុបប្រចាំកម្ពុជា បានបញ្ជាក់ថា ទឹក រួមជាមួយថាមពល និងការអប់រំ នៅតែជាវិស័យអាទិភាពសម្រាប់សហភាពអឺរ៉ុបនៅកម្ពុជា ក្រោមកម្មវិធី Global Gateway របស់ខ្លួន។

Leave a Reply

Your email address will not be published. Required fields are marked *