ព័ត៌មានជាតិ

ថ្នាក់ដឹកនាំក្រសួងសុខាភិបាលណែនាំ៨ចំណុច ដើម្បីរៀបចំនូវសារអប់រំក្នុងវិស័យសុខាភិបាល

ថ្នាក់ដឹកនាំក្រសួងសុខាភិបាលណែនាំ៨ចំណុច ដើម្បីរៀបចំនូវសារអប់រំក្នុងវិស័យសុខាភិបាល
ចេញផ្សាយ ថ្ងៃទី ០២ ខែ កក្កដា ឆ្នាំ ២០២៤
MoINFO APP

លោកជំទាវវេជ្ជ​បណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាលបានណែនាំ៨ចំណុចដល់ក្រុមការងារ​ជាមន្ត្រីបង្គោលមក​ពីនាយកដ្ឋាន មជ្ឈមណ្ឌលជាតិ និងកម្មវិធីជាតិ ព្រមទាំងដៃគូអភិវឌ្ឍវិស័យសុខាភិបាល សម្រាប់ជាមូលដ្ឋានក្នុងការរៀបចំសារអប់រំទាក់ទងនឹងសុខភាពសាធារណៈ។

ការណែនាំនេះបានធ្វើឡើងក្នុងកិច្ចប្រជុំលើកទី៥ ស្ដីពីការអប់រំសុខភាព និងលើកកម្ពស់សុខភាពកាលពី​ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលជាតិលើកកម្ពស់សុខភាព។កិច្ចប្រជុំនេះមានគោលបំណងធ្វើបច្ចុប្បន្នភាពការងារអប់រំសុខភាព និងកំណត់សារ​អប់រំសុខភាព។

ទាក់ទងនឹងសារអប់រំនេះដែរលោកជំទាវរដ្ឋលេខាធិការបានផ្តល់អនុសាសន៍ឱ្យយកចិត្តទុកដាក់លើការងារប្រាំបីចំណុច ។ក្នុងនោះ មាន ១.ការផលិតសារអប់រំសុខភាពតិចអំបិល តិចខ្លាញ់ តិចស្ករ រួមជាមួយការរំលេចសារអប់រំពីគ្រឿងញៀន ជាស្លាកបញ្ឈតូចៗ និងការណែនាំឱ្យដាក់លើតុពិសារអាហារនៅតាមភោជនីយដ្ឋាននានា បើអាចធ្វើទៅបាន។២.ការបន្តកិច្ចខិតខិតខំប្រឹងប្រែង ក្នុង​ការចាក់ផ្សាយសារអប់រំសុខភាពនៅលើផ្ទាំងអិលអ៊ីឌី( LED) តាមដងផ្លូវ ទីផ្សារ សាលារៀន ទូទាំងរាជធានីខេត្ត ។៣. ការរៀប​ចំដាក់អាល់កុលលាងដៃនៅគ្រប់បន្ទប់ពិគ្រោះ និងព្យាបាលជំងឺតាមមន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាពនានា។ ៤. ការបង្កើតកិច្ច​សហការជាមួយ ក្រសួងអប់រំយុវជន និងកីឡា និងកាកបាទក្រហមកម្ពុជា ដើម្បីចូលរួមចែករំលែក និងបង្កើនការផ្សព្វផ្សាយ សារអប់រំសុខភាព។៥.ការជំរុញពន្លឿនការរៀបចំឡើងវិញនូវក្រុមការងារបច្ចេកទេសផលិតសម្ភារអប់រំសុខភាព​ប្រឆាំងនឹងជំងឺ​របេងនៅមជ្ឈមណ្ឌលជាតិកម្ចាត់រោគរបេង និងហង់សិន។៦. ការបង្កើតជា ឃ្យូអ កូដ (QR Code) សម្រាប់ផ្ទុករាល់ឯកសារអប់រំ​សុខភាពផ្សេងៗ ។៧.ការត្រៀមលក្ខណ:ក្នុងការបើកយុទ្ធនាការអប់រំសុខភាព ប្រយុទ្ធប្រឆាំងនឹងជំងឺគ្រុនឈាមនិង​ទី៨.ការត្រៀមនូវ​ប្រធានបទអប់រំសុខភាព និងលើកកម្ពស់សុខភាពសម្រាប់ឆ្នាំ ២០២៥។

ក្នុងប្រជុំនេះដែរលោកជំទាវរដ្ឋលេខាធិការ បានសម្ដែងនូវការកោតសរសើរដល់​ក្រុមការងារទាំងអស់ដែល​តែងតែរិះរកនូវ​គំនិតច្នៃប្រឌិតថ្មីៗ ក្នុងការរៀបចំនូវសារអប់រំសុខភាពកាន់តែមានភាពទាក់ទាញ និងផ្ដល់នូវប្រសិទ្ធិភាពខ្ពស់៕

Leave a Reply

Your email address will not be published. Required fields are marked *