ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ បានអញ្ជើញទស្សនកិច្ចអគារពិជ័យសេនា និងពិភាក្សាការងារជាមួយឯកឧត្តមនាយឧត្តមសេនីយ៍ ណឹម សុវត្ថិ
MoINFO APP
នាព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ ក្រោមម្លប់នយោបាយឈ្នះ ឈ្នះ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានដឹកនាំគណៈប្រតិភូក្រសួងទេសចរណ៍ អញ្ជើញទស្សនកិច្ចអគារពិជ័យសេនា និងពិភាក្សាការងារជាមួយ ឯកឧត្តម ណឹម សុវត្ថិ ទីប្រឹក្សាពិសេស សម្តេចពិជ័យសេនា ទៀ បាញ់ និងជាអគ្គនាយកនៃអគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស និងបានធ្វើទស្សនកិច្ចនៅអគារពិជ័យសេនាននៃវិមានឈ្នះ ឈ្នះ ដែលជាសមិទ្ធផលឆ្លុះបញ្ចាំងអំពី «ការធ្វើសមាហរណកម្មនៃការកសាងស្ថាបត្យកម្មសំណង់រូបវ័ន្ត បម្រើដល់ខ្លឹមសារទាំងទស្សនៈនិងគំនិត» ឱ្យបានឋិតថេរយូរអង្វែងជាមួយគ្នា។
ថ្លែងក្នុងឱកាសពោរពេញដោយអត្ថន័យយ៉ាងជ្រាលជ្រៅនេះ ឯកឧត្តមរដ្ឋមន្ត្រី មានប្រសាសន៍ថា អគារសម្តេចពិជ័យសេនា ត្រូវបានចាត់ទុកថា ជាសមិទ្ធផលដ៏មានសារៈសំខាន់មួយ ក្នុងចំណោមសមិទ្ធផលសំខាន់ៗដទៃទៀតរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈការរក្សាបាននូវសន្តិភាព និងការឯកភាពជាតិពេញលេញ តាមរយៈការអនុវត្តដ៏ជោគជ័យនៃនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ដែលជាកត្តារុញច្រានដ៏ចម្បងដល់ការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ និងការធ្វើសមាហរណកម្មកម្ពុជា ទៅក្នុងតំបន់ និងអន្តរជាតិ ហើយបានប្រែក្លាយជីវភាពរស់នៅ របស់ប្រជាជនចាកចេញពីជីវភាពក្រីក្រ មកជាប្រជាជនមានចំណូលកម្រិតមធ្យម។
សូមជម្រាបជូនបន្ថែមថា អគារពិជ័យសេនា ក្នុងនោះមានអង្គភាពសេនាតេជោ ដែលជាសេនាធិការ បានបំពេញតួនាទីភារកិច្ចយ៉ាងល្អប្រសើរ តាមរយៈការគ្រប់គ្រងថែរក្សា សំណង់ ការបណ្តុះធនធានមនុស្ស ផ្នែកមគ្គុទ្ទេសក៍ និងការងារប្រវត្តិសាស្ត្រយោធា ការរៀបចំអត្ថាធិប្បាយ និងទទួលបដិសណ្ឋារកិច្ចជូនប្រតិភូជាតិ-អន្តរជាតិ ប្រជាពលរដ្ឋ មហាជន និងស្ថាប័ន គ្រឹះស្ថានអប់រំនានា បានចូលមកទស្សនា និងសិក្សាឈ្វេងយល់អំពីស្ថាបត្យកម្មដ៏មានអត្ថន័យជា ប្រវត្តិសាស្ត្រ នៅវិមានឈ្នះឈ្នះ ទទួលបានលទ្ធផលគួរឱ្យកត់សម្គាល់។