ព័ត៌មានជាតិ

ក្រុមហ៊ុន MMAG Holdings Berhad និងក្រុមហ៊ុន NexG Berhad បង្ហាញបំណងស្វែករកឱកាសវិនិយោគលើវិស័យឌីជីថល​នៅកម្ពុជា

ក្រុមហ៊ុន MMAG Holdings Berhad និងក្រុមហ៊ុន NexG Berhad បង្ហាញបំណងស្វែករកឱកាសវិនិយោគលើវិស័យឌីជីថល​នៅកម្ពុជា
ចេញផ្សាយ ថ្ងៃទី ២៨ ខែ ឧសភា ឆ្នាំ ២០២៥
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាត លោក Datuk Hanifah Noordin នាយកប្រតិបត្តិនៃ MMAG Holdings Berhad និង ក្រុមហ៊ុន NexG Berhad ចូលជួបសម្ដែងការគួរសម ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤៦ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី នាល្ងាច ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥។

ក្នុងឱកាសនៃជំនួប លោកនាយកប្រតិបត្តិក្រុមហ៊ុនបានថ្លែងអំណរគុណចំពោះសម្តេចបវរធិបតី ដែលបានអនុញ្ញាតឱ្យរូបលោក និងសហការីចូលជួបសម្តែងការគួរសមនាឱកាសនេះ។ លោកនាយកប្រតិបត្តិបានជម្រាបជូនពីអាជីវកម្មរបស់ក្រុមហ៊ុន ដែលមានជំនាញឯកទេសលើវិស័យបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ជាពិសេសផ្នែកសន្តិសុខឌីជីថល ដែលកំពុងមានប្រតិបត្តិការអាជីវកម្មនៅក្នុងប្រទេសម៉ាឡេស៊ី និងបណ្តាប្រទេសមួយចំនួនទៀតនៅក្នុងតំបន់។

បច្ចុប្បន្ន ក្រុមហ៊ុនក៏មានប្រតិបត្តិការអាជីវកម្មលើផ្នែកឡូជីស្ទីកនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរផងដែរ។ បន្ថែមលើនេះ ក្រុមហ៊ុនក៏មានបំណងស្វែរកឱកាសវិនិយោគលើវិស័យសន្តិសុខឌីជីថល និងការពង្រីកការវិនិយោគបន្ថែមទៀតលើវិស័យឡូជីស្ទីកនៅកម្ពុជា។

ជាការឆ្លើយតប សម្តេចបវរធិបតីបានសម្តែងនូវក្តីសោមនស្សរីករាយ ដែលបានជួបពិភាក្សាលោកនាយកប្រតិបត្តិក្រុមហ៊ុន និងបានស្វាគមន៍ចំពោះបំណងវិនិយោគរបស់ក្រុមហ៊ុននៅកម្ពុជា។ សម្តេចបវរធិបតីបានគូសបញ្ជាក់ពីគោលនយោបាយសំខាន់ៗរបស់រាជរដ្ឋាភិបាល ដើម្បីគាំទ្រដល់វិស័យឡូជីស្ទីករបស់កម្ពុជា និងការជំរុញវិស័យនេះ តាមរយៈការកសាងហេដ្ឋា​រចនាសម្ព័ន្ធ​ដូចជាការពង្រីកសមត្ថភាពកំពង់ផែទឹកជ្រៅក្រុងព្រះសីហនុ សំដៅប្រែក្លាយជាមជ្ឈមណ្ឌលឡូជីស្ទីកនៅក្នុងតំបន់,​ការកសាង​ព្រលាន​យន្តហោះ​ និងផ្លូវថ្នល់ ជាដើម។

សម្តេចបវរធិបតីក៏បានគូសបញ្ជាក់ពីការរៀបចំយន្តការតំបន់សេដ្ឋកិច្ចពិសេសតាមប្រភេទឧស្សាហកម្ម និងប្រទេសជាក់លាក់ និងការដាក់ចេញគោលនយោបាយគាំទ្រដល់វិនិយោគិនបរទេស តាមរយៈការបង្កើតបរិយាកាសអំណោយផល និងការសម្រួលនីតិវិធីវិនិយោគលើវិស័យ​ឡូជីស្ទីកនេះ។ ចំពោះវិស័យឌីជីថល សម្តេចបវរធិបតីបានសង្កត់ធ្ងន់ពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដែលបានចាត់ទុកវិស័យឌីជីថលជាវិស័យអាទិភាពគន្លឹះ។ សម្តេចបវរធិបតីបានលើកទឹកចិត្តដល់ក្រុមហ៊ុនឱ្យបន្តផ្សារភ្ជាប់ទំនាក់ទំនងជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធនៃរាជរដ្ឋាភិបាលកម្ពុជា ដើម្បីពិនិត្យលទ្ធភាពវិនិយោគជាក់ស្តែងនៅកម្ពុជា៕

Leave a Reply

Your email address will not be published. Required fields are marked *