ព័ត៌មានជាតិ

ប្រធានសហព័ន្ធលើកទម្ងន់អាណត្តិថ្មីប្តេជ្ញាជំរុញស្មារតីសាមគ្គីភាពផ្ទៃក្នុង ដើម្បីបន្តការអភិវឌ្ឍបោះជំហានទៅមុខ

ប្រធានសហព័ន្ធលើកទម្ងន់អាណត្តិថ្មីប្តេជ្ញាជំរុញស្មារតីសាមគ្គីភាពផ្ទៃក្នុង ដើម្បីបន្តការអភិវឌ្ឍបោះជំហានទៅមុខ

ចេញផ្សាយ ថ្ងៃទី 

ឯកឧត្តម តែម ម៉ឺន ទទួលបានការគាំទ្រពីជាប្រធានសហព័ន្ធកីឡាលើកទម្ងន់កម្ពុជា អាណត្តិថ្មី ២០២៥-២០២៩ជាមួយនឹងការប្តេជ្ញាចិត្តខ្ពស់ ក្នុងការជំរុញឱ្យប្រភេទកីឡាអូឡាំពិកមួយនេះបោះជំហានអភិវឌ្ឍទៅមុខ ដើម្បីត្រៀមចូលរួមប្រកួតអន្តរជាតិសំខាន់ៗ នាពេលខាងមុខ។

ការឯកភាពគាំទ្រជូនដល់ឯកឧត្តម តែម ម៉ឺន ជាប្រធានសហព័ន្ធ និងសមាជិកគណៈកម្មាធិការប្រតិបត្តិសរុប ២៧នាក់ ត្រូវបានធ្វើឡើងក្នុងមហាសន្និបាតបញ្ចប់អាណត្តិទី២ និងបន្តអាណត្តិថ្មី ទី៣ ឆ្នាំ២០២៥-២០២៩ ដែលបានប្រារព្ធធ្វើឡើងនៅទីស្នាក់ការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៥។ ឯកឧត្តម វ៉ាត់ ចំរើន ប្រធានសហព័ន្ធកីឡាលើកទម្ងន់កម្ពុជា អាណត្តិចាស់បានសុំលាលែង ដោយសារតែឯកឧត្តម មមាញឹកការងារច្រើន។

ឯកឧត្តម តែម ម៉ឺន បានបង្ហាញនូវការប្តេជ្ញាចិត្ត និងរួបរួមក្នុងស្មារតីសាមគ្គីភាពផ្ទៃក្នុងចំនួន៨ចំណុចសំខាន់ៗ ដែលមានដូចជា គោរពអនុវត្តតាមលក្ខខន្តិកៈ និងបទបញ្ជាផ្ទៃក្នុង ក៏ដូចជាគោលការណ៍រួមរបស់សហព័ន្ធដោយឈរលើ គោលការណ៍សមូហភាពដឹកនាំបុគ្គលទទួលខុសត្រូវលើការងារ។ គោរពតាមគោលនយោបាយ គោលការណ៍របស់ក្រសួងអប់រំ យុវជន និងកីឡា គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងអង្គការកីឡាពិភពលោកដែលពាក់ព័ន្ធ។ រៀបចំរចនាសម្ព័ន្ធ និងគ្រប់គ្រងដឹកនាំសហព័ន្ធដោយបែងចែកភារកិច្ចទទួលខុសត្រូវតាមឋានុក្រម។ ពង្រឹងស្មារតីសាមគ្គីភាព និងឯកភាពផ្ទៃក្នុងឱ្យបានរឹងមាំ ដើម្បីធានាបាននូវប្រសិទ្ធភាពការងារសហព័ន្ធ។

ពង្រឹងទំនាក់ទំនងល្អជាមួយស្ថាប័នជាតិ-អន្តរជាតិ ដើម្បីអភិវឌ្ឍវិស័យកីឡាលើកទម្ងន់កម្ពុជាឱ្យកាន់តែរីកចម្រើនឈានទៅដល់ការដណ្តើមមេដាយ និងពានរង្វាន់ថ្នាក់ជាតិ ថ្នាក់តំបន់ និងពិភពលោក។ ចូលរួមចំណែកផ្សព្វផ្សាយពីសមិទ្ធផលរីកចម្រើនលើគ្រប់វិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការ ដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា តាមរយៈកីឡាលើកទម្ងន់កម្ពុជាលើឆាកអន្តរជាតិ។ ស្វែងរកការឧបត្ថម្ភគាំទ្រដើម្បីបង្កើនប្រាក់ចំណូល គ្រប់គ្រងសកម្មភាពដឹកនាំ បម្រើឱ្យការងារ ប្រកបដោយគុណភាព និងគុណផលជូនដល់មន្ត្រីបច្ចេកទេស ក្រុមការងារ គ្រូបង្វឹក កីឡាករ កីឡាការិនី។ ជំរុញការប្រមូលផ្តុំការងារបណ្តុះបណ្តាល កីឡាករ កីឡាការិនី ដើម្បីបង្កើនការប្រមូលផ្តុំគុណផលការងារ និងពង្រឹងចំណងទំនាក់ទំនងល្អ សាមគ្គីភាព មិត្តភាព សុខភាព និងកិច្ចសហការយូរអង្វែង។

ជាមួយគ្នានេះ ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការ ក្រសួងអប់រំ និងជាអគ្គលេខាធិការ NOCC បានជំរុញលើកទឹកចិត្តដល់គណៈកម្មាធិការប្រតិបត្តិអាណត្តិថ្មីឱ្យមានសាគ្គីភាពផ្ទៃក្នុងឱ្យបានល្អ ជាពិសេសបន្តជួយជ្រោមជ្រែងដល់ដំណើរការអភិវឌ្ឍប្រភេទកីឡាអូឡាំពិកមួយនេះឱ្យកាន់តែប្រសើរ។ អតីតប្រធានសហព័ន្ធលើកទម្ងន់កម្ពុជារូបនេះក៏បានលើកឡើងនូវបេសកកម្មធំៗចំនួន២ គឺត្រៀមចូលរួមប្រកួតកីឡាយុវជនអាស៊ី នៅប្រទេសបារ៉ែន នាខែតុលា ឆ្នាំ២០២៥ និងស៊ីហ្គេម លើកទី៣៣ នៅប្រទេសថៃ នាខែធ្នូ ឆ្នាំ២០២៥ផងដែរ។

Leave a Reply

Your email address will not be published. Required fields are marked *