ព្រឹទ្ធសភាបានអនុម័តដោយមានសំឡេងគាំទ្រចំនួន៥៧សំឡេង លើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិរបស់រាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភា
ព្រឹទ្ធសភាបានអនុម័តដោយមានសំឡេងគាំទ្រចំនួន៥៧សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល ទៅលើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិរបស់រាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភា ក្នុងសម័យប្រជុំលើកទី៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកទី២៩ ខែឧសភា ឆ្នាំ២០២៥ នៅវិមានព្រឹទ្ធសភា។
សេចក្តីព្រាងច្បាប់នេះ តាក់តែងឡើងក្នុងគោលបំណងដើម្បីវាយតម្លៃអំពីលទ្ធផលរួមនិងបញ្ហាប្រឈមចម្បងៗដែលបានកើតមានឡើង នៅក្នុងការអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ២០១៩-២០២៣ និងដាក់ចេញនូវវិធានការសកម្មភាពនិងកម្មវិធីអាទិភាពទាំងឡាយជាលក្ខណៈវិស័យ និងអន្តរវិស័យដែលជាមគ្គុទ្ទេសក៍សម្រាប់ក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់ ធ្វើជាមូលដ្ឋានក្នុងការរៀបចំផែនការយុទ្ធសាស្ត្ររបស់ខ្លួនដោយតម្រឹមតម្រង់ជាមួយ នឹងគោលដៅយុទ្ធសាស្ត្ររួមនៃការអភិវឌ្ឍជាតិ និងធានានូវបាវចនាទាំង៥ របស់យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ គឺកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ព្រមទាំងការដាក់ចេញជាយន្តការមួយសម្រាប់តាមដានត្រួតពិនិត្យ និងវាយតម្លៃសំដៅធានាការអនុវត្តផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិរបស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភាប្រកបដោយជោគជ័យ។ សេចក្តីព្រាងច្បាប់នេះ ក៏បានគិតគូរយ៉ាងច្បាស់លាស់គ្រប់ជ្រុងជ្រោយលើគ្រប់ទិដ្ឋភាព និងមានការចូលរួមពីគ្រប់ក្រសួង ស្ថាប័នទាំងអស់ និងបានដាក់ចេញវិធានការផែនការសកម្មភាពកម្មវិធីអាទិភាពតាមវិស័យ និងសូចនាករសមិទ្ធកម្មច្បាស់លាស់សម្រាប់តាមដានត្រួតពិនិត្យនិងវាយតម្លៃដើម្បីម្ខាងជំរុញការអនុវត្តឱ្យសម្រេចបានជោគជ័យ និងម្ខាងទៀតជំរុញការអនុវត្តវិធានការផែនការសកម្មភាព និងកម្មវិធីអាទិភាពតាមវិស័យដែលមានវឌ្ឍនភាពយឺត ឬមិនមានវឌ្ឍនភាព សំដៅធានាការអនុវត្តអាចប្រព្រឹត្តទៅរួមគ្នាប្រទាក់ក្រឡាគ្នានិងបំពេញគ្នាទៅវិញទៅមកប្រកបដោយប្រសិទ្ធភាពនិងសក្តិសិទ្ធិភាព។ សេចក្តីព្រាងច្បាប់នេះ តាក់តែងឡើងមាន៣មាត្រា ត្រូវបានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាអនុម័តយល់ព្រមជាលើកដំបូងចំនួន១០៣សំឡេងនៃចំនួនសមាជិករដ្ឋសភាទាំងមូល កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ នាសម័យប្រជុំរដ្ឋសភាលើកទី៤ នីតិកាលទី៧។
នៅក្នុងសម័យប្រជុំនេះដែរ ព្រឹទ្ធសភាក៏បានប្រកាសទទួលស្គាល់សមាជិកព្រឹទ្ធសភាថ្មីចំនួន២រូប រួមមាន ១-លោកជំទាវ ចឹក ហេង ជាសមាជិកាព្រឹទ្ធសភា នៅមណ្ឌលភូមិភាគទី៨ (ខេត្តកំពង់ធំ ខេត្តព្រះវិហារ ខេត្តក្រចេះ ខេត្តស្ទឹងត្រែង ខេត្តរតនគិរី និងខេត្តមណ្ឌលគិរី )ជំនួសឯកឧត្តម មួង ប៉យ ដែលបានទទួលមរណភាព។ ២-ឯកឧត្តម អ៊ុន វណ្ណា ជាសមាជិកព្រឹទ្ធសភា នៅមណ្ឌលភូមិភាគទី៥ (ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប) ជំនួសឯកឧត្តម ទេព យុទ្ធី ដែលបានទទួលមរណភាពផងដែរ៕