ឯកឧត្តមរដ្ឋមន្ដ្រី ៣រូប អញ្ជើញដឹកនាំកិច្ចប្រជុំអន្តរក្រសួងថ្នាក់រដ្ឋមន្រ្តីលើកទី៤ ស្ដីពីការងារកសិកម្ម ធនធានទឹក និងអភិវឌ្ឍន៍ជនបទ
MoINFO APP
នៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំកិច្ចប្រជុំអន្តរក្រសួងលើកទី៤ ស្ដីពីការងារសម្របសម្រួលអនុវត្តកម្មវិធីគោលនយោបាយ និងសកម្មភាពដែលពាក់ព័ន្ធនឹងសហគមន៍កសិកម្មទំនើប សហគមន៍កសិករប្រើប្រាស់ទឹក និងភូមិគំរូ។
កិច្ចប្រជុំនេះ ធ្វើឡើងនៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមសហប្រធាន ថោ ជេដ្ឋា រដ្ឋមន្ដ្រីក្រសួងធនធានទឹក និងឧតុនិយម និងឯកឧត្តមសហប្រធាន ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ អមដោយក្រុមការងារលេខាធិការដ្ឋានត្រី-វិស័យ និងមន្រ្តីជំនាញនៃក្រសួងទាំងបី។
ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា បានកោតសរសើរ និងវាយតម្លៃខ្ពស់នូវក្រុមការងារត្រី-វិស័យ ដែលខិតខំប្រឹងប្រែងសហការរួមគ្នាយ៉ាងជិតស្និត មានផែនការមេច្បាស់លាស់ កំណត់អាទិភាពនិងដាក់មធ្យោបាយរួម មានការគិតគូរជាលក្ខណៈបុរេសកម្ម ស្តែងចេញជាលទ្ធផលជួយដល់ប្រជាជននៅមូលដ្ឋានឱ្យមានជីវភាពប្រសើរឡើង មានភោគផលសេដ្ឋកិច្ច និងលើកទឹកចិត្តឱ្យបន្តការងារនេះ ដើម្បីជំរុញឱ្យមានសន្ទុះលឿនជាងមុនបន្ថែមទៀត។
សូមជម្រាបជូនថា កិច្ចប្រជុំអន្តរក្រសួងថ្នាក់រដ្ឋមន្ត្រីលើកទី៤ រៀបចំឡើងដើម្បីពិនិត្យ ពិភាក្សា និងផ្តល់ការឯកភាពលើ របាយការណ៍សង្ខេបស្ដីពីវឌ្ឍនភាពការងាររបស់ក្រុមការងារត្រី-វិស័យបន្ទាប់ពីកិច្ចប្រជុំអន្តរក្រសួងលើកទី៣, សេចក្តីព្រាងផែនការសកម្មភាពបីឆ្នាំរំកិល២០២៥-២០២៧ និងការរៀបចំក្របខ័ណ្ឌយុទ្ធសាស្ត្រត្រី-វិស័យរយៈពេល៥ឆ្នាំ២០២៦-២០៣០។
សូមបញ្ជាក់ថា ក្រុមការងារអន្តរក្រសួងត្រី-វិស័យកសិកម្ម ធនធានទឹក និងអភិវឌ្ឍន៍ជនបទ បានបង្កើតឡើងដើម្បីជំរុញកិច្ចសហការជិតស្និទ្ធ បង្កើនប្រសិទ្ធភាព និងសហថាមពល សំដៅគាំទ្រដល់ការលើកកម្ពស់ និងកែលម្អជីវភាពសហគមន៍ជនបទ លើកស្ទួយកំណើនសេដ្ឋកិច្ច ចូលរួមចំណែកអនុវត្តន៍កម្មវិធីនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដោយផ្តោតលើការសម្របសម្រួលឱ្យមានភាពបន្ស៊ីគ្នារវាងសហគមន៍កសិកម្មទំនើប សហគមន៍កសិករប្រើប្រាស់ទឹក និងភូមិគំរូ៕