លោក ភុន សម្ផស្ស អភិបាលនៃគណៈអភិបាលស្រុក បានអញ្ជើញមានមតិសំណេះសំណាល និងជូនដំណើរយុវជន និងអនុញ្ញាតឲ្យ លោក លឹម គីមឡុង អភិបាលរងស្រុក ជាតំណាង ដឹកនាំយុវជនចំនួន២០៨នាក់ មកពីវិទ្យាល័យទាំងបីក្នុងស្រុកព្រះស្ដេច មានវិទ្យាល័យហ៊ុនសែនតាគោក វិទ្យាល័យមិត្តភាពខ្មែរ-ជប៉ុន និងវិទ្យាល័យប្រមូលព្រហ្ម ធ្វើដំណើរទស្សនកិច្ចប្រវត្តិសាស្ត្រទៅកាន់ទីតាំងបីគឺ មជ្ឈមណ្ឌលធនធាន នៃអង្គជំនុំជំរះវិសាមញ្ញក្នុងតុលាការកម្ពុជា, សារមន្ទីរប្រល័យពូជសាសន៍គុកទួលស្លែង និងវិមានឈ្នះឈ្នះ ក្រោមការឧបត្ថម្ភដ៏ខ្ពង់ខ្ពស់នៃឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែវ សួនសុភី ស សុខា ដើម្បីស្វែងយល់សក្ខីភាពប្រវត្តិសាស្រ្តថ្មីៗរបស់កម្ពុជាគឺ៖
-បានយល់ដឹងកាន់តែច្បាស់ អំពីសក្ខីកម្មនៃអំពើប្រល័យពូជសាសន៍ របស់របប ប៉ុល ពត យល់ដឹងពីការពិត និងចងចាំកាន់តែច្បាស់ថា របបប៉ុលពតពិតជាមានការកាប់សម្លាប់ប្រជាជនដោយឥតញញើតដៃតាមគ្រប់រូបភាពអស់រាប់លាននាក់ត្រឹមតែរយៈពេល ៣ឆ្នាំ ៨ខែ និង២០ថ្ងៃប៉ុណ្ណោះ។
-បានយល់ដឹងកាន់តែច្បាស់ អំពីវីរភាពការតស៊ូរំដោះជាតិ ដោយសម្តេចទាំង៣គឺ សម្តេច ជា ស៊ីម សម្តេច ហេង សំរិន សម្តេចតេជោ ហ៊ុន សែន និងឥស្សរជនមួយចំនួនទៀត ដោយបានយកជីវិតធ្វើជាដើមទុន ក្រោកឈរតស៊ូរំដោះប្រទេសជាតិរហូតទទួលបានជ័យជំនះជូនជាតិមាតុភូមិ ព្រមទាំងទទួលបាននូវទស្សនៈមួយគឺស្អប់ខ្ពើមសង្គ្រាម ហើយស្រឡាញ់សន្តិភាព។
-បានស្ដាប់ការពន្យល់យ៉ាងក្បោះក្បាយ និងទស្សនាអំពីប្រវត្តិនៃការអនុវត្តយុទ្ធសាស្ត្រឈ្នះឈ្នះ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបញ្ចប់សង្រ្គាម បង្រួបបង្រួមជាតិទទួលបានសន្តិភាពពេញបរិបូរណ៍មកដល់សព្វថ្ងៃនេះ។
រដ្ឋបាលស្រុកព្រះស្ដេច សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះទឹកចិត្តដ៏ថ្លៃថ្លារបស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង និងលោកជំទាវ កែ សួនសុភី ស សុខា ។
សូមគោរពថ្លែងនូវអំណរគុណយ៉ាងជ្រៀលជ្រៅបំផុតចំពោះសម្ដេចទាំងបី សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ព្រមទាំង ឯកឧត្ដមអភិសន្តិបណ្ឌិត និងលោកជំទាវ ដែលបានផ្ដល់ឱកាសដល់យើងខ្ញុំបានស្គាល់ទីតាំងប្រវត្តិសាស្ត្រទាំងនេះ និងសូមប្ដេជ្ញាចិត្តចូលរួមថែរក្សាសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍមាតុភូមិកម្ពុជា ជាទីស្នេហានៃយើង។
#ស្រុកព្រះស្ដេច ថ្ងៃពុធ ២កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥