ព័ត៌មានជាតិ

វៀតណាម នឹងស្រាវជ្រាវកំណត់អត្តសញ្ញាណ ជនដែលបញ្ចេញមតិមិនសមរម្យក្នុងវីដេអូ Tik Tok សម្តេចតេជោ

វៀតណាម នឹងស្រាវជ្រាវកំណត់អត្តសញ្ញាណ ជនដែលបញ្ចេញមតិមិនសមរម្យក្នុងវីដេអូ Tik Tok សម្តេចតេជោ
ចេញផ្សាយ ថ្ងៃទី ២០ ខែ ឧសភា ឆ្នាំ ២០២៤
ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលជួប ឯកឧត្តម Nguyễn Huy Tăng ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំកម្ពុជា នៅទីស្តីការក្រសួង នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ការភ្ញាក់ផ្អើលយ៉ាងខ្លាំងរបស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះការបង្ហោះសារតាម Tik Tok ជេរប្រមាថថ្នាក់ដឹកនាំជាន់ខ្ពស់របស់កម្ពុជា ពាក់ព័ន្ធនឹងគម្រោងព្រែកជីកហ្វ៊ូណនតេជោ ដែលបានបង្កឱ្យមានអារម្មណ៍មិនល្អក្នុងរង្វង់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកសំណើរបស់រាជរដ្ឋាភិបាលកម្ពុជា សូមឱ្យរដ្ឋាភិបាលវៀតណាមផ្តល់កិច្ច សហការធ្វើការស្រាវជ្រាវដើម្បីកំណត់សមាសភាព អត្តសញ្ញាណអ្នកដែលបានបង្ហោះខ្លឹមសារអមិត្តទាំងនោះ ដើម្បីទប់ស្កាត់ការប៉ុនប៉ងណាមួយសំដៅបំផ្លាញចំណងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងថ្នាក់ដឹកនាំ និងប្រជាជននៃប្រទេសទាំងពីរ។
ឯកឧត្តមឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានយល់ស្របមតិថា ការបង្ហោះខ្លឹមសារអមិត្តទាំងនោះ ជាសកម្មភាពអវិជ្ជមាន ដែលចាំបាច់ត្រូវមានកិច្ចសហការយ៉ាងជិតស្និទ្ធរវាងស្ថាប័នមានសមត្ថកិច្ចរបស់ប្រទេសទាំងពីរ ដើម្បីធ្វើការស្រាវជ្រាវកំណត់សមាសភាព អត្តសញ្ញាណជនដែលនៅពីក្រោយសកម្មភាពទាំងនោះ។
គួររំលឹកផងដែរថាសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា នារាត្រីថ្ងៃទី១៩ ខែឧសភានេះ បានស្នើឱ្យសមត្ថកិច្ចកម្ពុជា សហការជាមួយសមត្ថកិច្ចវៀតណាម ស្រាវជ្រាវសមាសភាព អ្នកលេងបណ្តាញសង្គម តិចតុក ដែលប្រើប្រាស់ភាសាវៀតណាម ចូលមកបញ្ចេញយោបល់ក្នុងលើវីដេអូរបស់សម្តេច។
ការបញ្ជារឲ្យស្រាវជ្រាវខាងលើ បានធ្វើឡើងក្រោយពីអ្នកលេងបណ្តាញសសង្គមទាំងនោះ ប្រើពាក្យពេចន៍មិនសមរម្យមកលើសម្តេច៕ ដោយ៖ កន ចំណាន

ក្រសួងព័ត៌មាន ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

Leave a Reply

Your email address will not be published. Required fields are marked *