រុស្ស៉ី ថា សន្និសីទនៅស្វីសពាក់ព័ន្ធនឹងអ៊ុយក្រែន ជារឿងឥតប្រយោជន៍
ចេញផ្សាយ ថ្ងៃទី ២៩ ខែ ឧសភា ឆ្នាំ ២០២៤
AKP ភ្នំពេញ ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ —
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ប៉េសកូវ (Dmitry Peskov) បានប្រាប់ប៉ុស្តិ៍ទូរទស្សន៍ RT ថា វិមានក្រឹមឡាំងគិតថា សន្និសីទស្តីពីអ៊ុយក្រែន ដែលគ្រោងនឹងធ្វើឡើងនៅក្នុងប្រទេសស្វីសក្នុងខែមិថុនាខាងមុខនេះ គឺជារឿងឥតប្រយោជន៍។
លោកបាននិយាយថា «រហូតមកដល់ពេលនេះ យើងបានឃើញការប៉ុនប៉ងមួយ ដើម្បីរៀបចំសន្និសិទនៅក្នុងប្រទេសស្វីស។ តាមទស្សនៈរបស់យើង សន្និសីទនេះ គឺពិតជាគ្មានប្រយោជន៍ទាល់តែសោះ ក្នុងការស្វែងរកមធ្យោបាយមួយចំនួននៃការដោះស្រាយបញ្ហាជម្លោះនៅអ៊ុយក្រែន»។
មន្ត្រីវិមានក្រឹមឡាំង បានលើកឡើង អំពីគំនិតនៃការពិភាក្សាបញ្ហាទាំងនេះនៅក្នុងកិច្ចប្រជុំកំពូល ដោយមិនមានវត្តមានរុស្ស៊ី ថាជារឿងមិនទំនងទាល់តែសោះ។
ទោះជាយ៉ាងណាក៏ដោយ លោកបានកត់សម្គាល់ថា បណ្តាប្រទេសលោកខាងលិច «បានសម្រេចចិត្តចូលរួមនៅក្នុងរឿងមិនសមហេតុផលនេះ»៕