ព័ត៌មានជាតិ

UN បិទទ្វារប្រជុំបន្ទាន់ ក្រោយអ៉ីស្រាអែល ទំលាក់មីស៊ីល ក្បែរឃ្លាំងទីភ្នាក់ងារជំនួយ និងការងាររបស់ខ្លួន ចេញផ្សាយ ថ្ងៃទី ២៩ ខែ ឧសភា ឆ្នាំ ២០២៤

UN បិទទ្វារប្រជុំបន្ទាន់ ក្រោយអ៉ីស្រាអែល ទំលាក់មីស៊ីល ក្បែរឃ្លាំងទីភ្នាក់ងារជំនួយ និងការងាររបស់ខ្លួន
ចេញផ្សាយ ថ្ងៃទី ២៩ ខែ ឧសភា ឆ្នាំ ២០២៤
AKP ភ្នំពេញ ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ —

ប្រភពការទូតរបស់ក្រុមប្រឹក្សាសន្តិសុខ បានប្រាប់សារព័ត៌មានតាសស៍ (TASS) ថា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) បើកកិច្ចប្រជុំជាបន្ទាន់មួយកាលពីថ្ងៃទី២៨ ខែឧសភា ស្តីពីការវាយប្រហារដោយគ្រាប់មីស៊ីលរបស់កងកម្លាំងអ៊ីស្រាអែល (IDF) នៅឯជំរុំតង់មួយក្នុងទីក្រុងរ៉ាហ្វាហ៍ ដែលបានសម្លាប់ប្រជាជនប៉ាឡេស្ទីនរាប់សិបនាក់។

ប្រភពនោះបាននិយាយថា «កាលពីល្ងាចថ្ងៃអង្គារ កិច្ចប្រជុំពិគ្រោះយោបល់បិទទ្វារមួយបានប្រព្រឹត្តទៅ ក្រោមការស្នើសុំរបស់ប្រទេសអាល់ហ្សេរី»។

កាលពីល្ងាចថ្ងៃអាទិត្យសប្តាហ៍មុន យោធាអ៉ីស្រាអែលបានធ្វើការវាយប្រហារទៅលើតំបន់រ៉ាហ្វាហ៍ ដែលយ៉ាងហោចណាស់គ្រាប់មីស៊ីលចំនួន ៨គ្រាប់បានវាយប្រហារជំរុំតង់មួយនៅតំបន់តាល់ អាល់-ស៊ុលតង់ ក្បែរឃ្លាំងរបស់ទីភ្នាក់ងារជំនួយ និងការងាររបស់អង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីននៅតំបន់ជិតតំបន់បូព៌ា (UNRWA)។

យោងតាមរបាយការណ៍ចុងក្រោយបំផុតបានឱ្យដឹងថា មនុស្សយ៉ាងហោចណាស់ ៤០នាក់ត្រូវបានសម្លាប់ ដែលភាគច្រើនជាស្ត្រី និងកុមារ។

ការិយាល័យសារព័ត៌មាន IDF បាននិយាយថា បរិធានអគ្គសេនាធិការ បានផ្តួចផ្តើមការស៊ើបអង្កេតទៅលើការស្លាប់របស់ជនស៊ីវិលនៅក្នុងតំបន់ដែលរងការវាយប្រហារនោះ។

កាលពីថ្ងៃទី២៤ ខែឧសភា តុលាការអន្តរជាតិរបស់អង្គការសហប្រជាជាតិ បានសម្រេចថា អ៉ីស្រាអែលត្រូវតែបញ្ឈប់ការវាយលុកទៅលើទីក្រុងរ៉ាហ្វាហ៍ និងសកម្មភាពផ្សេងទៀតដែលអាចជះឥទ្ធិពលអវិជ្ជមានដល់ប្រជាជនក្នុងទីក្រុង។ តុលាការ​ក៏​បាន​តម្រូវឱ្យ​អ៉ីស្រាអែល​រក្សា​ប៉ុស្តិ៍​ត្រួតពិនិត្យរ៉ាហ្វាហ៍ឱ្យនៅបើកដំណើរការ​សម្រាប់​ការ​ផ្តល់​ជំនួយ​ដល់​ប្រជាជន​ប៉ាឡេស្ទីនផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *