ធ្វើសៀវភៅស្នាក់នៅ បន្ថែមបន្ទុកការងារលើនគរបាលប៉ុស្តិ៍ឃុំ សង្កាត់បន្តិចមែន តែប្រជាពលរដ្ឋសប្បាយចិត្ត!
ចេញផ្សាយ ថ្ងៃទី ០៤ ខែ កុម្ភៈ ឆ្នាំ ២០២៥
MoINFO APP
ប្រជាពលរដ្ឋបានសម្ដែងការពេញចិត្ត និងរីករាយនៅពេលរាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងមហាផ្ទៃ បានសម្រេចផ្ទេរសិទ្ធិអំណាចនៃការធ្វើសៀវភៅស្នាក់នៅ ដែលពីមុនស្ថិតក្រោមសមត្ថកិច្ចអធិការដ្ឋានក្រុង ស្រុក ខណ្ឌ ឱ្យមកនៅត្រឹមប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់។ ពលរដ្ឋសប្បាយចិត្ត ក៏ដោយសារតែសេវានេះកាន់តែនៅកៀកពួកគាត់ ហើយពួកគាត់ក៏មានទំនាក់ទំនងល្អជាមួយមន្ត្រីនគរបាលនៃឃុំ សង្កាត់ នោះស្រាប់។
បើតាមលោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ភារកិច្ចផ្ដល់សេវានេះ អាចជាបន្ទុកការងារថ្មីមួយទៀត បន្ថែមលើតួនាទី និងភារកិច្ចស្នូលរបស់នគរបាលប៉ុស្ដិ៍រដ្ឋបាលឃុំ សង្កាត់ ជាអាទិ៍ ការធានាថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម និងការផ្ដល់សេវាផ្សេងទៀត។ កញ្ញា ស៊ាន ធីតា មន្រ្តីសុខាភិបាលរស់នៅខណ្ឌច្បារអំពៅថ្លែងថា នាងពិតជាមានការភ្ញាក់ផ្អើលនៅពេលដឹងថា សេវាធ្វើសៀវភៅស្នាក់នៅឥឡូវ ត្រូវទៅសុំត្រឹមតែប៉ុស្តិ៍នគរបាលសង្កាត់ ពីព្រោះតាមបទពិសោធន៍ដែលនាងមករស់នៅរាជធានីភ្នំពេញដំបូង គឺបានទៅស្នើសុំសេវានេះ២ដំណាក់កាលឯណោះ គឺពីប៉ុស្តិ៍ដល់អធិការដ្ឋាន។
បើតាមពលរដ្ឋជាយុវជនរូបនេះ ការផ្ទេរតួនាទីបម្រើសេវាសាមញ្ញៗពីថ្នាក់លើមកឱ្យសមត្ថកិច្ចថ្នាក់ក្រោម គឺពិតជាផ្ដល់ភាពងាយស្រួលច្រើនដល់ពលរដ្ឋ ប៉ុន្តែនាងក៏ដឹងដែរថា តាមការសង្កេតរាល់ថ្ងៃ មន្រ្តីនគរបាលប៉ុស្តិ៍របស់នាង គឺប៉ុស្តិ៍នគរបាលសង្កាត់និរោធិ៍ រវល់ទាំងការងារសេវាខាងក្នុង ការងារចរាចរណ៍ខាងក្រៅ និងការងារល្បាតពេលយប់។ មន្ត្រីនគរបាលនៃប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ ពិតជាបានផ្ដល់សេវាសៀវភៅស្នាក់នៅបានលឿនរហ័សជាងមុន។
ជាក់ស្ដែងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់អូរបែកក្អម នៃខណ្ឌសែនសុខ បានផ្ដល់សេវាសៀវភៅស្នាក់នៅជូនប្រជាពលរដ្ឋ លឿនជាងពេលកំណត់ ពោលគឺឱ្យតែពលរដ្ឋមានឯកសារគ្រប់គ្រាន់ មន្រ្តីនឹងលៃលកពេលវេលាចាត់នីតិវិធីជូន ដោយពេលខ្លះត្រឹមតែ៣ថ្ងៃ ទៅ១សប្ដាហ៍ប៉ុណ្ណោះ។ នេះបើតាមការឱ្យដឹងពីលោកវរសេនីយ៍ត្រី នាង ផល្លី នាយប៉ុស្តិ៍ នៃប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់អូរបែកក្អម។