សម្ដេចក្រឡាហោម ស ខេង អញ្ជើញបញ្ចុះបឋមសិលាសាងសង់សាលាបុណ្យ មហាកុដិ និងសមិទ្ធផលនានា ក្នុងវត្តរតនៈសិលា (ហៅវត្តក្របៅថ្មី)
ព្រៃវែង៖ ព្រឹកថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៥ សម្ដេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអ្នកតំណាងរាស្រ្ត នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតី បញ្ចុះបឋមសិលាសាងសង់សាលាបុណ្យ មហាកុដិ និងសមិទ្ធផលនានា ក្នុងវត្តរតនៈសិលា (ហៅវត្តក្របៅថ្មី)ដែលប្រព្រឹត្តទៅនៅបរិវេណវត្តរតនៈសិលា ស្ថិតនៅភូមិក្របៅជួរ ឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង ព្រមទាំងមានការអញ្ជើញចូលរួមឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្ត និងឯកឧត្តម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត។
ឧបដ្ឋានសាលា ដែលបើកការដ្ឋានសាងសង់ថ្មីនេះមានបណ្តោយ ២១ ម៉ែត្រ និងទទឹង ១២ ម៉ែត្រ កម្ពស់ ១៥ ម៉ែត្រ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេច ក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីកសាងទុក្ខតម្កល់ក្នុងព្រះពុទ្ធសាសនា ដើម្បីជាប្រយោជន៍រួមដល់ពុទ្ធបរិស័ទក្នុងការធ្វើបុណ្យទាន។
សម្ដេចក្រឡាហោមក៏បានមានប្រសាសន៍លើកឡើងអំពីគុណតម្លៃនៃសន្តិភាពដែលធ្វើឲ្យប្រទេសជាតិមានការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យទាំងផ្នែក អាណាចក្រនិងពុទ្ធចក្រ បានដើរ ទៅមុខជាបន្តបន្ទាប់ជាក់ស្ដែងដូចនៅក្នុងវត្តរតនៈសិលាហៅវត្តក្របៅថ្មីនេះ បានកសាងនូវសមិទ្ធផលថ្មីៗជាច្រើនរីកដុះដាលនៅក្នុងព្រះពុទ្ធសាសនាដែលធ្វើឲ្យវត្តអារាមមួយនេះបានបំពេញនៅសទ្ធាជ្រះថ្លារបស់ពុទ្ធបរិស័ទ និងធ្វើឲ្យប្រជាពុទ្ធបរិស័ទងាយស្រួលក្នុងការធ្វើបុណ្យទាន ភាវនាធម៌ សមាទានសីល ដែលជាប្រយោជន៍ក្នុងការលើកកម្ពស់គុណតម្លៃនៃព្រះពុទ្ធសាសនា ក៏ដូចជាការធ្វើឲ្យពុទ្ធបរិស័ទ បានបំពេញនូវបុណ្យកុសលរបស់ខ្លួន នោះផងដែរ។
សម្ដេចក៏បានមានប្រសាសន៍បន្ថែមទៀតថា វត្តអារាមបានដើរតួនាទីយ៉ាងសំខាន់ក្នុងការអប់រំសីលធម៌ សុជីវធម៌ អប់រំកាយចិត្តមនុស្សឲ្យប្រព្រឹត្តតែអំពើល្អជាឆ្ងាយអំពីអំពើអកុសលទាំងពួង។ ហើយវត្តអារាមក៏ជាទីកន្លែងមួយសម្រាប់ជាការស្នាក់អាស្រ័យដល់សិស្សានុសិស្សដែលមកពីទីឆ្ងាយស្នាក់អាស្រ័យនៅវត្តដើម្បីបន្តការសិក្សារៀនសូត្រ នោះផងដែរ៕