ព័ត៌មានជាតិ

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យ លោកតា ជេម សុខ មកមើលស្រុកខ្មែរឱ្យច្បាស់ កុំវិភាគស៊ីអារម្មណ៍ពីចម្ងាយ

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យ លោកតា ជេម សុខ មកមើលស្រុកខ្មែរឱ្យច្បាស់ កុំវិភាគស៊ីអារម្មណ៍ពីចម្ងាយ
ចេញផ្សាយ ថ្ងៃទី ១១ ខែ វិច្ឆិកា ឆ្នាំ ២០២៤
AKP កែប ថ្ងៃទី១១ ខែវិច្ឆុកា ឆ្នាំ២០២៤–

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានស្នើឱ្យលោកតា ជេម សុខ ដែលតែងតែវិភាគខុសការពិតពីកម្ពុជា មកលេងស្រុកខ្មែរ ដើម្បីមើលការរីកចម្រើនដោយផ្ទាល់ភ្នែក ជៀសវាងការនិយាយខុសម្ដងហើយម្ដងទៀត។

ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធវិថីតេជោសន្តិភាពឆ្នេរអង្គោល ប្រវែងសរុប ១២ ៦៤៥ម៉ែត្រ ស្ថិតនៅភូមិកែប និងភូមិអ ង្គោល ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប នាព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានផ្ដាំលោកតា ជេម សុខ សូមកុំវិភាគតាមតែការផ្ដល់ព័ត៌មានមិនគ្រប់ជ្រុងជ្រោយពីមនុស្សមួយចំនួនហើយនិយាយខុសតាមនោះតទៅទៀត។

សម្ដេចធិបតី បានថ្លែងថា សម្ដេចស្វាគមន៍ និងផ្តល់ឱកាសឱ្យលោកតា ជេម សុខ អ្នកវិភាគនៅក្រៅប្រទេសអាចមកស្រុកខ្មែរបានដើម្បីជួបផ្ទាល់ ជាមួយរដ្ឋមន្ត្រីតាមក្រសួងស្ថាប័ននានា ដើម្បីស្ដាប់ឱ្យដឹងថា តើរយៈពេលជាង១៥ខែកន្លងមករដ្ឋមន្ត្រីនីមួយៗបានធ្វើអ្វីខ្លះ។

ជាមួយគ្នានេះ សម្ដេចប្រកាសចេញលុយឱ្យ លោកតា ជេម សុខ ដើរមើលការអភិវឌ្ឍនិងសមិទ្ធផលជាក់ស្ដែងនៅកម្ពុជា។ សម្ដេចថ្លែងថា«លោកតា ជេម សុខ ត្រូវមកមើលជាក់ស្ដែង ហ៊ានស៊ី ហ៊ានសងរដ្ឋាភិបាលអត់មានអីលាក់បាំងទេ»។

សូមរម្លឹកជូនថា ពិធីសម្ពោធវិថីតេជោសន្តិភាពឆ្នេរអង្គោល ប្រវែងសរុប ១២ ៦៤៥ម៉ែត្រ ស្ថិតនៅភូមិកែប និងភូមិអ ង្គោល ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែបនៅព្រឹកនេះ គឺជាសក្ខីភាពនៃសមិទ្ធផលថ្មីមួយបន្ថែមទៀត របស់ជាតិស្ថិតនៅក្នុងភូមិសាស្ត្រតំបន់ទេសចរណ៍ខេត្តកែប ដែលបានលេចចេញជារូបរាងឡើ​ង នៅក្នុងយុគសម័យតេជោសន្តិភាព និងជាការបង្ហាញឱ្យឃើញពីការសម្រេចចិត្តរបស់ប្រជាពលរដ្ឋកម្ពុជាទាំងមូល ជាពិសេសបងប្អូនប្រជាពលរដ្ឋអ្នករស់នៅខេត្តកែបដែលបានជឿជាក់ និងបានជ្រើសរើសយក មគ្គុទ្ទេសក៍ដឹកនាំកម្ពុជា បានត្រឹមត្រូវ ទើបមានឱកាសបាន ឃើញនិងបានទទួលផលពីការអភិវឌ្ឍរីកចម្រើនដោយផ្ទាល់ដូចនាពេលបច្ចុប្បន្ន៕

Leave a Reply

Your email address will not be published. Required fields are marked *