ព័ត៌មានជាតិ

រដ្ឋមន្ត្រី នេត្រ ភក្ត្រា ជំរុញឱ្យមន្ត្រីព័ត៌មាន និងសាធារណមតិ ផ្សព្វផ្សាយពីសមិទ្ធផលដែលអាជ្ញាធរសម្រេចបាន ដើម្បីពង្រឹងការយល់ដឹងដល់ពលរដ្ឋ និងទប់ស្កាត់ការបំភ្លៃព័ត៌មានខុសពីការពិតរបស់ក្រុមជ្រុលនិយម

រដ្ឋមន្ត្រី នេត្រ ភក្ត្រា ជំរុញឱ្យមន្ត្រីព័ត៌មាន និងសាធារណមតិ ផ្សព្វផ្សាយពីសមិទ្ធផលដែលអាជ្ញាធរសម្រេចបាន ដើម្បីពង្រឹងការយល់ដឹងដល់ពលរដ្ឋ និងទប់ស្កាត់ការបំភ្លៃព័ត៌មានខុសពីការពិតរបស់ក្រុមជ្រុលនិយម
2025-01-14 09:08pm
រដ្ឋមន្ត្រី នេត្រ ភក្ត្រា ជំរុញឱ្យមន្ត្រីព័ត៌មាន និងសាធារណមតិ ផ្សព្វផ្សាយពីសមិទ្ធផលដែលអាជ្ញាធរសម្រេចបាន ដើម្បីពង្រឹងការយល់ដឹងដល់ពលរដ្ឋ និងទប់ស្កាត់ការបំភ្លៃព័ត៌មានខុសពីការពិតរបស់ក្រុមជ្រុលនិយម
លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានជំរុញឱ្យក្រុមការងារព័ត៌មាន និងសាធារណមតិ រួមជាមួយអ្នកសារព័ត៌មានទាំងអស់ រួមគ្នាផ្សព្វផ្សាយពីសមិទ្ធផលនានារបស់អាជ្ញាធរខេត្តដែលសម្រេចបានឱ្យបានទូលំទូលាយ ដើម្បីបញ្ជ្រាប ពង្រឹងការយល់ដឹងដល់ប្រជាពលរដ្ឋ និងទប់ស្កាត់ ឆ្លើយតប បំភ័ន្ត បំភ្លៃព័ត៌មានខុសពីការពិតរបស់ក្រុមប្រឆាំងជ្រុលនិយម។
ការជំរុញបែបនេះរបស់លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានធ្វើឡើងនៅក្នុងឱកាសដែលលោករដ្ឋមន្ត្រី និងលោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ រួមជាមួយថ្នាក់ដឹកនាំក្រសួងព័ត៌មាន បានជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំមន្ត្រីរាជការ និងជាប់កិច្ចសន្យានៃមន្ទីរព័ត៌មានខេត្តពោធិ៍សាត់ នៅរសៀលថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥នេះ នាទីស្នាក់ការទូរទស្សន៍ជាតិកម្ពុជា ខេត្តពោធិ៍សាត់។
បន្ថែមពីការផ្សព្វផ្សាយព័ត៌មានរបស់មន្ត្រីព័ត៌មាន និងក្រុមការងារសាធារណមតិ, លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន ក៏ណែនាំដល់អាជ្ញាធរខេត្ត ព្រមទាំងមន្ត្រីនៅតាមមូលដ្ឋាននានាត្រូវចូលរួមផ្តល់កិច្ចសហការជាមួយមន្ទីរព័ត៌មានខេត្ត ផ្តល់នូវលទ្ធផលសកម្មភាពការងារ ដែលខ្លួនសម្រេចបានដើម្បីឱ្យមន្ទីរ មានប្រភពគ្រប់គ្រាន់ ក្នុងការផ្សព្វផ្សាយព័ត៌មាន ដែលមានខ្លឹមសារល្អ គ្រប់ជ្រុងជ្រោយ សម្រាប់ជាប្រយោជន៍ដល់ប្រជាពលរដ្ឋជាដើម។
លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា ក៏បានគូសបញ្ជាក់ពីភាពចាំបាច់ និងសារៈសំខាន់នៃការងារគ្រប់គ្រងការងារសតិអារម្មណ៍មិនមែនត្រឹមជាការក្តាប់ស្ថានសភាពការណ៍ប៉ុណ្ណោះទេ តែក៏ជាការជំរុញឱ្យមានការយល់ដឹងត្រឹមត្រូវ និងវិជ្ជមានចំពោះការផ្សព្វផ្សាយពីសភាពការណ៍ជាតិ-អន្តរជាតិ ជូនដល់ដៃប្រជាពលរដ្ឋឱ្យបានយល់ច្បាស់ពីដំណើរការវិវត្តន៍នានានៅក្នុងសង្គមកម្ពុជា។ នៅក្នុងដំណើរការរីកចម្រើនបច្ចេកវិទ្យាឌីជីថល ការផ្លាស់ប្តូរផ្នត់គំនិត និងឥរិយាបថរបស់ប្រជាពលរដ្ឋក្នុងការទទួលព័ត៌មាន កាន់តែស្រួចស្រាវលើបញ្ហាសតិអារម្មណ៍ ខណៈបច្ចុប្បន្ននេះ ប្រជាពលរដ្ឋមានជម្រើសច្រើនក្នុងទទួលបានព័ត៌មាន ប្រសិនបើប្រព័ន្ធផ្សព្វផ្សាយផលិតព័ត៌មាន ដែលគ្មានខ្លឹមសារ គ្មានការទាក់ទាញ ផលិតព័ត៌មានដែលមិនឆ្លើយតបនឹងតម្រូវការរបស់ពួកគាត់ ចំណង់ចំណូលចិត្ត ឬផ្តល់ចំណេះដឹងនោះពួកគាត់នឹងងាកទៅប្រើប្រាស់បណ្តាញសង្គម Facebook និង TikTok ព្រមទាំងបណ្តាញសង្គមផ្សេងទៀតដើម្បីទទួលបានព័ត៌មានជាដើម។
លោករដ្ឋមន្ត្រីបានឱ្យដឹងថា បច្ចុប្បន្ននេះ បណ្តាញសង្គម Facebook និង TikTok គឺជាមូលដ្ឋានដ៏ធំនៃប្រភពព័ត៌មានដ៏សម្បូរបែបរបស់ប្រជាពលរដ្ឋ។ គ្រាន់តែគណនី Facebook នៅកម្ពុជា គឺមានចំនួន ១៥លានគណនី ហើយ TikTok គឺមានជាង១០លានគណនី ដូច្នេះ នៅក្នុង១ថ្ងៃៗ មានខ្លឹមសាររាប់លានខ្លឹមសារ ត្រូវបានចែកចាយនៅក្នុងបណ្តាញទំនាក់ទំនងសង្គមក្នុងប្រទេសកម្ពុជា។ ត្រង់ចំណុចនេះវាក៏ជាឱកាសរបស់ក្រុមជនទុច្ចរិតក្នុងការប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមនេះ ដើម្បីបំភ្លៃ បំភ្លើស បំភ័ន្ត បំប៉ោងទៅលើសាធារណមតិឱ្យយល់ច្រឡំ ឬបង្កើតការសង្ស័យ ហើយការឱ្យមានការសង្ស័យ ឬមន្ទិលលើរាជរដ្ឋាភិបាល គឺជាយុទ្ធសាស្ត្ររបស់ក្រុមប្រឆាំងដែលតែងតែប្រើប្រាស់។
លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានបន្តថា ការងារព័ត៌មាន ឬសមរភូមិសតិអារម្មណ៍ គឺជាសមរភូមិអំណាចមួយយ៉ាងសំខាន់ បច្ចុប្បន្ននេះមន្ត្រីព័ត៌មាន និងសាធារណមតិបានធ្វើកិច្ចការងារជាច្រើន ប៉ុន្តែក្រុមប្រឆាំងរដ្ឋាភិបាលបានព្យាបាលបង្កើតនូវព័ត៌មានប្រឌិត ក្លែងក្លាយដើម្បីធ្វើយ៉ាងឱ្យប្រជាពលរដ្ឋដកសេចក្តីទុកចិត្តមកលើរដ្ឋាភិបាល។ ដូច្នេះ ក្នុងនាមជាមន្ត្រីព័ត៌មាន ក្រុមការងារសាធារណមតិ ត្រូវតែបង្កើនការយកចិត្តទុលដាក់ចំពោះករណីនេះ ជាពិសេសត្រូវធ្វើយ៉ាងណាបង្កើននូវទំនុកចិត្តដល់ប្រជាពលរដ្ឋ មកលើអាជ្ញាធរ និងរាជរដ្ឋាភិបាលស្របច្បាប់ដែលទទួលបានសំលេងគាំទ្រតាមរយៈការបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត ពីសំណាក់ប្រជាពលរដ្ឋឱ្យកាន់តែសកម្មបន្ថែមទៀត តាមរយៈព័ត៌មានពិត និងមានខ្លឹមសារគ្រប់គ្រាន់។
បើតាមលោក ខូយ រីដា បានលើកឡើងថា តាមរយៈការដឹកនាំក្រសួងព័ត៌មានរបស់រដ្ឋមន្ត្រី នេត្រ ភក្ត្រា ក្នុងអាណត្តិទី៧ នៃរដ្ឋសភា គឺបានផ្តល់ភាពកក់ក្តៅដល់រដ្ឋាភិបាលខេត្តពោធិ៍សាត់ ក្នុងការទប់ស្កាត់ ឆ្លើយតបបានទាន់ពេលវេលាចំពោះព័ត៌មានក្លែងក្លាយដែលបង្កើតឡើងដោយក្រុមប្រឆាំងមួយក្តាប់តូច ដែលមានមហិច្ឆតាញុះញង់ ដល់ប្រជាពលរដ្ឋនៅតាមូលដ្ឋាន ក្នុងចេតនាបំផ្លាញគោលនយោបាយអភិវឌ្ឍន៍ប្រទេសជាតិរបស់រាជរដ្ឋាភិបាលស្របច្បាប់នៅកម្ពុជា។

Leave a Reply

Your email address will not be published. Required fields are marked *