ព័ត៌មានជាតិ

សម្ដេចធិបតី ហ៊ុន ម៉ាណែត ជំរុញការផលិតគ្រឿងបន្លាស់រថយន្តក្នុងស្រុក ដើម្បីកាត់បន្ថយការនាំចូល និងបង្កើតការងារ

សម្ដេចធិបតី ហ៊ុន ម៉ាណែត ជំរុញការផលិតគ្រឿងបន្លាស់រថយន្តក្នុងស្រុក ដើម្បីកាត់បន្ថយការនាំចូល និងបង្កើតការងារ
ចេញផ្សាយ ថ្ងៃទី ២២ ខែ មេសា ឆ្នាំ ២០២៥
MoINFO APP

ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធខ្សែសង្វាក់ផលិតកម្មរថយន្ត Ford ថ្មីរបស់ក្រុមហ៊ុន RMA Cambodia នៅព្រឹកថ្ងៃអង្គារនេះ សម្ដេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានប្រកាសពីការលើកទឹកចិត្តរបស់រាជរដ្ឋាភិបាលចំពោះអ្នកវិនិយោគដែលមានបំណងបង្កើតរោងចក្រផលិតគ្រឿងបង្គុំរថយន្តនៅក្នុងប្រទេសកម្ពុជា។

សម្ដេចធិបតីបានកោតសរសើរចំពោះការរីកចម្រើននៃខ្សែចង្វាក់ផលិតកម្មរថយន្តនៅកម្ពុជា ដែលបានចាប់ផ្ដើមប្រើប្រាស់គ្រឿងបង្គុំមួយចំនួនផលិតក្នុងស្រុក។ ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលនឹងរៀបចំគោលនយោបាយជាក់លាក់ ដើម្បីជំរុញឱ្យមានការផលិតគ្រឿងបង្គុំរថយន្តកាន់តែច្រើនមុខថែមទៀតនៅក្នុងប្រទេស។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា៖ «ឥឡូវនេះរាជរដ្ឋាភិបាលកំពុងតែដាក់ទិសដៅរៀបចំគោលនយោបាយដើម្បីលើកទឹកចិត្តអ្នកដែលមកផលិតគ្រឿងបង្គំឱ្យបានច្រើននៅកម្ពុជា កម្ពុជាមិនមែនគ្រាន់តែជាប្រទេសដែលប្រមូលទិញគ្រឿងបង្គុំមកពីក្រៅ មកផលិតនាំចេញទេ ប៉ុន្តែផលិតឱ្យបានកាន់តែច្រើនអតិបរមានៅកម្ពុជា នេះជាគោលដៅដែលយើងដាក់ចេញ ហើយសង្ឃឹមថា យើងនឹងបន្តទៅទៀត»។ ការលើកទឹកចិត្តនេះមានគោលបំណងសំខាន់ក្នុងការកាត់បន្ថយការពឹងផ្អែកលើការនាំចូលគ្រឿងបង្គុំរថយន្តពីបរទេស និងបង្កើតឱកាសការងារកាន់តែច្រើនសម្រាប់ប្រជាពលរដ្ឋកម្ពុជា។

គួរជម្រាបថា ក្រុមហ៊ុន RMA CAMBODIA បានប្រតិបត្តិការនៅក្នុងព្រះរាជាណាចក្រកម្ពុជាអស់រយៈពេល ៣៣ ឆ្នាំមកហើយ ដោយជាក្រុមហ៊ុនផ្គត់ផ្គង់ផលិតផល និងសេវាកម្មដ៏ល្បីល្បាញលើពិភពលោក ក្នុងវិស័យជាច្រើនដូចជា យានយន្ត កសិកម្ម ហេដ្ឋារចនាសម្ព័ន្ធ និងឧស្សាហកម្មចំណីអាហារជាដើម។ ក្រុមហ៊ុននេះមានបុគ្គលិកសរុបជាង ៤,០០០ នាក់ ក្នុងនោះមានបុគ្គលិកនារីចំនួន ១,១៧៨ នាក់ និងបុគ្គលិកជំនាញបច្ចេកទេសចំនួន ២,៣០៣ នាក់។

Leave a Reply

Your email address will not be published. Required fields are marked *