សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ ពលរដ្ឋចំនួន ១០០០០ នាក់ ដាក់ពាក្យស្នើសុំក្នុងកម្មវិធីផ្ដល់ដីការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍ ដោយចីរភាព
ចេញផ្សាយ ថ្ងៃទី ២២ ខែ មេសា ឆ្នាំ ២០២៥
MoINFO APP
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានគូសបញ្ជាក់ថា កម្មវិធីផ្ដល់ដីការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍ ដោយចីរភាព ដែលគ្រោងអនុវត្តជំហានដំបូងនៅខេត្តស្ទឹងត្រែងនោះ មានពលរដ្ឋបានដាក់ពាក្យស្នើសុំ ចំនួន ១០០០០ នាក់រួចហើយ។
ការគូសបញ្ជាក់របស់សម្តេច នាយករដ្ឋមន្ត្រី បានធ្វើឡើងនៅក្នុងពិធីម្ពោធដាក់ឱ្យដំណើរការខ្សែច្រវាក់ផលិតកម្មថ្មី និងរោងចក្រដំឡើងគ្រឿងបង្គុំរថយន្ត Ford របស់ក្រុមហ៊ុន RMA Cambodia ស្ថិតនៅក្នុងស្រុកក្រគរ ខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥។
សម្ដេចបវរធិបតី បានបញ្ជាក់បន្ថែមថា ឥឡូវនេះគណៈកម្មការជំនាញកំពុង ពិនិត្យមើលរកអ្នកដែលខ្វះខាតដីពិតប្រាកដ ដើម្បីផ្ដល់ដីជូន។
គួរជម្រាបជូនថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅយប់ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៥កន្លងទៅនេះ បានប្រកាសអំពីកម្មវិធី «ផ្តល់ដី ការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព» ដែលកម្ពុជានេះនឹងអនុវត្តទទួលពាក្យស្នើសុំរបស់ប្រជាពលរដ្ឋ ចាប់ពីខែកុម្ភៈ ឆ្នាំ២០២៥ តទៅ។
តាមរយៈសារវីដេអូមួយ សម្តេចមហាបវរធិបតី បានបញ្ជាក់ថា ការដាក់ចេញកម្មវិធីនេះ មានគោលបំណង៣ ដែលអាទិភាពធំទីមួយគឺការដោះស្រាយដីជូនប្រជាពលរដ្ឋខ្មែរក្រីក្រ ដែលគ្មានដីពិតប្រាកដ ហើយបន្ថែមលើនេះ កម្មវិធីនឹងចូលរួមទប់ស្កាត់សកម្មភាពទន្ទ្រានដីរដ្ឋធ្វើជាកម្មសិទ្ធិឯកជន និងជំរុញការចូលរួមរបស់ប្រជាពលរដ្ឋក្នុងការការពារ និងអភិរក្សព្រៃឈើផងដែរ។
សម្តេចបានបញ្ជាក់ថា តាមរយៈកម្មវិធីនេះ ប្រជាពលរដ្ឋខ្មែរ ដែលខ្វះដីពិតប្រាកដ នឹងត្រូវបានរដ្ឋផ្តល់ដីជូន ជាមួយនឹងការរៀបចំជាភូមិកជូន ហើយប្រជាពលរដ្ឋខ្មែរ ដែលនឹងទៅរស់នៅទីនោះ អាចនឹងចងជាសហគមន៍ ដើម្បីជួយការពារដី និងព្រៃនៅជុំវិញសហគមន៍ ដែលខ្លួនរស់នៅ។