ព័ត៌មានជាតិ

អ្នកជំនាញអាជ្ញាធរជាតិអប្សរា ចាប់ផ្តើមធ្វើកំណាយស្រាវជ្រាវស្ពានហាលខាងកើតប្រាសាទបេងមាលា

អ្នកជំនាញអាជ្ញាធរជាតិអប្សរា ចាប់ផ្តើមធ្វើកំណាយស្រាវជ្រាវស្ពានហាលខាងកើតប្រាសាទបេងមាលា

ចេញផ្សាយ ថ្ងៃទី 

MoINFO APP

អ្នកជំនាញអាជ្ញាធរជាតិអប្សរា បានចាប់ផ្តើមធ្វើកំណាយស្រាវជ្រាវស្ពានហាលខាងកើតប្រាសាទបេងមាលាក្រុមការងារបច្ចេកទេស​នាយកដ្ឋាន​អភិរក្សប្រាសាទនិងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា កំពុងធ្វើកំណាយស្រាវជ្រាវទិន្នន័យបុរាណវិទ្យា​ទៅលើ​រចនា​សម្ព័ន្ធរបស់​ស្ពានហាលផ្នែកខាងកើតនៃប្រាសាទបេងមាលា នៃខេត្តសៀមរាប ដើម្បីឈានទៅដល់គម្រោងជួសជុលនៅពេល​ខាង​មុខ ។នេះបើយោងតាមការបញ្ជាក់របស់អាជ្ញាធរជាតិអប្សរានៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤។

លោក ពុទ្ធ សុទ្ធ មន្ត្រីបច្ចេកទេសនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា ដែលបានដឹកនាំធ្វើកំណាយឱ្យដឹងថា ក្រុមការងារ​បានចាប់ផ្ដើមធ្វើកំណាយស្រាវជ្រាវនៅលើស្ពានហាលនេះ គឺដើម្បីពិនិត្យលទ្ធភាពក្នុងការជួសជុលរចនាសម្ព័ន្ធ​ស្ពានហាល​ខាងកើត​ប្រាសាទបេងមាលាឡើងវិញ។

លោកបន្តថា ពេលកំណាយបកស្រទាប់ដីខាងលើឃើញថា កម្រាលស្ពានហាលផ្នែកខាងកើតនៃប្រាសាទបេងមាលាមាន​ការស្រុត​ខ្លាំងដោយកន្លែង គ្រឹះក៏ចុះខ្សោយ និងហែកចេញពីគ្នា ធ្វើឱ្យគ្រឿងបង្គុំរបស់រចនាសម្ពន្ធស្ពានហាលមួយចំនួនមានដូចជា សសរ បង្កាន់ដៃនាគ ខ្លួននាគ ក្បាលនាគ បាក់ជាច្រើនបំណែកធ្លាក់ចូលក្នុងកសិន្ធុ និងខ្លះទៀតកប់ក្នុងដី ដែលបណ្តាលមកពី​កត្តាអាយុ​កាល និងធម្មជាតិ។

សូមបញ្ជាក់ថា គម្រោងជួសជុលស្ពានហាលខាងកើតប្រាសាទបេងមាលា ស្ថិតក្រោមមូលនិធិនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡាន​ឆាង។

សូមជម្រាបដែរថា ប្រាសាទបេងមាលា មានលក្ខណៈស្រដៀងនឹងប្រាសាទអង្គរវត្ត និងត្រូវបានស្ថាបនាឡើងដោយក្នុងរាជ​ព្រះបាទ​សូរ្យវរ្ម័នទី២ដូចគ្នា។ ប្រាសាទនេះមានគូទឹកដ៏ធំមានប្រវែង ១២០០ គុណនឹង ៩០០ម៉ែត្រ ហើយត្រូវបានសាងសង់នៅ​ចុងសតវត្សរ៍​ទី ១១និងដើមសតវត្សរ៍ទី១២ ដើម្បីឧទ្ទិសថ្វាយដល់ព្រះអាទិទេពក្នុងព្រហ្មញ្ញសាសនា និកាយវិស្ណុនិយម។

បា្រសាទបេងមាលា ស្ថាបនាឡើងអំពីថ្មភក់ និងថ្មបាយក្រៀមដែលមានទ្រង់ទ្រាយប្រហាក់ប្រហែលប្រាសាទអង្គរវត្ត ខុសគ្នាត្រង់ថា ប្រាសាទអង្គរវត្តជាប្រាសាទភ្នំ ចំណែកឯប្រាសាទបឹងមាលាជាប្រាសាទរាបផ្ទាល់ដី។ បុរាណវិទូមួយចំនួនយល់ថា ប្រាសាទបេង​មាលា​ជាប្លង់មេ ឬថា បុព្វបុរសខែ្មរចាប់កសាងប្រាសាទនេះសិន មុននឹងឈានទៅកសាងប្រាសាទអង្គរវត្តដ៏ល្បីល្បាញ ដោយយក​ប្រាសាទបឹងមាលាជាគម្រូ។

អ្វីដែលស្ថាបត្យករខែ្មរជំនាន់នោះធ្វើដោយខានមិនបានគឺការជីកកសិណទឹកនៅជុំវិញប្រាសាទដើម្បីយកអាចម៍ដីទៅចាក់គ្រឹះប្រាសាទការពារកុំឲ្យបាក់ស្រុត ក៏ដូចជាការយកទឹកសម្រាប់ប្រើប្រាស់ផងទន្ទឹមនឹងនោះកសិណទឹកមួយៗបានក្លាយទៅជានិមិត្តរូបនៃ​សមុទ្រ​ទឹកដោះ និវេសនដ្ឋានព្រះអាទិទេពក្នុងព្រហ្មញ្ញសាសនា៕

Leave a Reply

Your email address will not be published. Required fields are marked *