មន្រ្តីការទូតសាធារណរដ្ឋឆែកសម្ដែងការពេញចិត្ត ចំពោះការរីកចម្រើនឥតឈប់ឈរនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ
ចេញផ្សាយ ថ្ងៃទី ០៩ ខែ កក្កដា ឆ្នាំ ២០២៥
នារសៀលថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូន ឯកឧត្តម Martin Vávra ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋឆែកប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម និងជម្រាបលា ក្នុងឱកាសដែលឯកឧត្តមបានបញ្ចប់អាណត្តិបេសកកម្មការទូតនៅព្រះរាជាណាចក្រកម្ពុជា នាទីស្តីការក្រសួង។
ឆ្លៀតក្នុងឱកាសនៃជំនួប ឯកឧត្តមឯកអគ្គរដ្ឋទូត បានសម្តែងនូវការពេញចិត្តចំពោះការរីកចម្រើនឥតឈប់ឈរនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ ជាពិសេសកិច្ចសហប្រតិបត្តិការល្អៗ លើគ្រប់វិស័យរួមទាំងវិស័យទេសចរណ៍ផងដែរ ហើយកិច្ចសហប្រតិបត្តិការនេះ នឹងបន្តពង្រឹងនិងពង្រីកបន្ថែមទៀត ដើម្បីជាប្រយោជន៍ដល់ប្រទេស និងប្រជាជន នៃប្រទេសទាំងពីរ។
ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្ត្រី បានអបអរសាទរឯកឧត្តមឯកអគ្គរដ្ឋទូត ដែលបានបញ្ចប់បេសកកម្មការទូតនៅកម្ពុជា ប្រកបដោយជោគជ័យ និងបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង និងកិច្ចសហប្រតិបត្តិការដ៏ល្អរបស់ឯកឧត្តមឯកអគ្គរដ្ឋទូតនាពេលកន្លងមក ព្រមទាំងស្នើឯកឧត្តមឯកអគ្គរដ្ឋទូត បន្តជួយផ្សព្វផ្សាយពីសភាពការណ៍ពិត នយោបាយ សន្តិសុខ សេដ្ឋកិច្ច និងសង្គមដែលមានភាពល្អប្រសើរ រួមទាំងកាលានុវត្តវិនិយោគ និងសក្តានុពលទេសចរណ៍របស់កម្ពុជាដល់ថ្នាក់ដឹកនាំ ធុរជន និងប្រជាពលរដ្ឋឆែក។
ជាកិច្ចបញ្ចប់ ឯកឧត្តមរដ្ឋមន្ត្រី បានជូនពរឯកឧត្តមឯកអគ្គរដ្ឋទូត និងក្រុមគ្រួសារ ទទួលបានសុខភាពបរិបូរណ៍ និងទទួលបានជោគជ័យគ្រប់ភារកិច្ចការងារ។
សូមបញ្ជាក់ជូនថា ឯកឧត្តម Martin Vávra ជាឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឆែកទី១ ដែលមាននិវេសដ្ឋាននៅប្រទេសកម្ពុជា ហើយចំនួនភ្ញៀវទេសចរឆែកមកទស្សនាកម្ពុជាមានការកើនឡើងជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំ ដោយនៅឆ្នាំ២០២៣ មានចំនួនប្រមាណ ៤.០០០ នាក់ ឆ្នាំ២០២៤ កន្លងទៅមានចំនួនជិត ៦.០០០នាក់ ហើយក្នុងរយៈពេល៥ខែដើមឆ្នាំ២០២៥ នេះ មានភ្ញៀវទេសចរឆែកមកទស្សនាកម្ពុជាប្រមាណជិត ៤.០០០នាក់ហើយ៕