សម្តេចបវរធិបតី ហ៊ុន ម៉ាណែត លើកឡើងថា ចំពោះការប្រឈមមុខនឹងភាពស្មុគស្មាញ និងភាពមិនច្បាស់លាស់ ការឆ្លើយតបរួមរបស់អាស៊ាន ត្រូវតែមានភាពបុរេសកម្ម
ចេញផ្សាយ ថ្ងៃទី ១០ ខែ តុលា ឆ្នាំ ២០២៤
MoINFO APP
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ជាថ្មី អំពីការគាំទ្រយ៉ាងពេញទំហឹងរបស់កម្ពុជាចំពោះអាទិភាពរបស់ឡាវ ដែលជាប្រធានអាស៊ាន ជាពិសេសការពង្រឹងការតភ្ជាប់ និងភាពធន់ដែល ឆ្លុះបញ្ចាំងយ៉ាងជ្រាលជ្រៅជាមួយនឹងសេចក្តីប្រាថ្នា និងចក្ខុវិស័យរួមរបស់អាស៊ាន ដើម្បីសម្រេចបាននូវតំបន់អាស៊ីអាគ្នេយ៍មួយ ដែលរឹងមាំ ប្រកបដោយវិបុលភាព និងមានភាពសមាហរណកម្ម។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៤ និង៤៥ នៅទីក្រុងវៀងចន្ទន៍ នាថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤នេះ។
ឆ្លៀតនាឱកាសនោះ សម្ដេចបវរធិបតី បានសង្កត់ធ្ងន់ថា ចំពោះការប្រឈមមុខនឹងភាពស្មុគស្មាញ និងភាពមិនច្បាស់លាស់ ដែលកាន់តែខ្លាំងឡើងដោយ បញ្ហាសន្តិសុខប្រពៃណី និងមិនប្រពៃណី ការឆ្លើយតបរួមរបស់អាស៊ាន ត្រូវតែមានភាពបុរេសកម្ម ការប្រមើលមើលគិតទុកជាមុន និងមានលក្ខណៈជាយុទ្ធសាស្ត្រ ដើម្បីត្រៀមខ្លួនប្រកបដោយភាពធន់ទៅនឹងអនាគត។
សម្ដេចបវរធិបតី នាយករដ្ឋមន្ត្រី បានបន្ថែមថា អាស៊ានគួរតែរក្សាការប្ដេជ្ញាចិត្តចំពោះប្រព័ន្ធពាណិជ្ជកម្មពហុភាគី ដែលមានលក្ខណៈសេរី បើកចំហ បរិយាប័ន្ន យុត្តិធម៌ និងតម្លាភាព ទន្ទឹមនឹងនោះក៏បាន អំពាវនាវឱ្យអាស៊ានពង្រីកកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មក្នុងចំណោមប្រទេសសមាជិក និ ជាមួយដៃគូអាស៊ាន។
ដើម្បីរក្សាអាស៊ានជាកម្លាំងចលករសម្រាប់វិបុលភាពពិភពលោក សម្ដេចបវរធិបតី បានគូសបញ្ជាក់ថា អាស៊ានគួរតែប្រើប្រាស់សក្តានុពលដ៏ធំនៃវិស័យដែលកំពុងរីកចម្រើន ដូចជា សេដ្ឋកិច្ចឌីជីថល អន្តរកាលបៃតង សេដ្ឋកិច្ចពណ៌ខៀវ និងខ្សែច្រវាក់ផ្គត់ផ្គង់ប្រកបដោយភាពធន់ ដើម្បីបន្តទទួលបាននូវកំណើនខ្ពស់ប្រកបដោយ និរន្តរភាព។
ឆ្លៀតក្នុងឱកាសនោះ សម្ដេចធិបតី ក៏បានបញ្ជាក់ជាថ្មីថាអំពីការគាំទ្ររបស់កម្ពុជាឱ្យទីម័រ ខាងកើតក្លាយជាសមាជិកពេញសិទ្ធិរបស់អាស៊ានឱ្យបានឆាប់បំផុត និងបានបញ្ជាក់ការគាំទ្រចំពោះវិធីសាស្ត្រជាក់ស្តែង ឬប្រកបដោយភាពច្នៃប្រឌិតណាមួយដែលអាចជួយសម្រេចបាននូវគោលដៅនេះ។