កិច្ចពិភាក្សាអំពីច្បាប់គ្រប់គ្រងគ្រឿងស្រវឹងនិងផលប៉ះពាល់ពីការផ្សព្វផ្សាយផលិតផលគ្រឿងស្រវឹង
ចេញផ្សាយ ថ្ងៃទី ១០ ខែ តុលា ឆ្នាំ ២០២៤
ក្រសួងព័ត៌មានដែលមានតួនាទីដឹកនាំក្រុមការងារអន្តរក្រសួងគ្រប់គ្រងការផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង (ក.គ.ផ.ស) បានរៀបចំសិក្ខាសាលាមួយនៅព្រឹកថ្ងៃទី១០តុលានេះនៅសណ្ឋាគារ សុខាភ្នំពេញក្នុងគោលដៅរៀបចំសណ្តាប់ធ្នាប់ការផ្សព្វផ្សាយ ពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង និងកាត់បន្ថយគ្រោះថ្នាក់ដែលបណ្តាលមកពីការសេពគ្រឿងស្រវឹង។
នៅក្នុងសិក្ខាសាលានេះមានរៀបចំកិច្ចពិភាក្សាតុមូលចំនួន២ វគ្គ ដែលវគ្គទី១ គឺជាកិច្ចពិភាក្សាមានសមាសភា ឯកឧត្តម ប៊ុត បូវុត រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាសមាជិក ក.គ.ផ.ស. ឯកឧត្តម លឹម ផាន់ភារៈ អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងឯកឧត្តម កែ គឺ រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលបានជជែកលើប្រធានបទ «ការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធការផ្សព្វផ្សាយ ផលិតផលគ្រឿងស្រវឹង នៅព្រះរាជាណាចក្រកម្ពុជា»។
ចំណែកឯ កិច្ចពិភាក្សាតុមូលវគ្គទី២ គឺជាកិច្ចពិភាក្សា លើប្រធានបទស្តីពី «ផលប៉ះពាល់ និងការរៀបចំសណ្តាប់ធ្នាប់ការផ្សព្វផ្សាយ ពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង » ដែលមានវាគ្មិនចំនួន ៣រូប មានសមាសភាព ឯកឧត្តម ផាន អូន អគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប. និងជាអនុប្រធាន លេខាធិការដ្ឋាន ក.គ.ផ.ស. ឯកឧត្តម ផុស សុវណ្ណ អគ្គនាយកនៃ អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ និងជាសមាជិកលេខាធិការដ្ឋាន ក.គ.ផ.ស. និងកញ្ញា ស្រេង ច័ន្ទមល្លិកា តំណាងក្រុមហ៊ុនផ្សព្វផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង។
សូមបញ្ជាក់ថា រដ្ឋាភិបាលកម្ពុជាមានឆន្ទះគ្រប់គ្រងការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងដើម្បីធានាបានសុខភាពសាធារណៈនៅប្រទេសកម្ពុជា៕