ព័ត៌មានជាតិ

ព្រះករុណាព្រះមហាក្សត្រ មានព្រះរាជបន្ទូលថា ការដាំដើមឈើ និងរុក្ខជាតិគ្រប់ប្រភេទនេះ គឺជាការវិនិយោគបៃតងលើធម្មជាតិដែលផ្ដល់ពហុប្រយោជន៍ សម្រាប់មនុស្ស សត្វ និងភពផែនដី

ព្រះករុណាព្រះមហាក្សត្រ មានព្រះរាជបន្ទូលថា ការដាំដើមឈើ និងរុក្ខជាតិគ្រប់ប្រភេទនេះ គឺជាការវិនិយោគបៃតងលើធម្មជាតិដែលផ្ដល់ពហុប្រយោជន៍ សម្រាប់មនុស្ស សត្វ និងភពផែនដី
ចេញផ្សាយ ថ្ងៃទី ០៩ ខែ កក្កដា ឆ្នាំ ២០២៥
MoINFO APP

ព្រះកុរណា ព្រះមហាក្សត្រកម្ពុជា មានព្រះរាជបន្ទូលថា ការដាំដើមឈើ និងរុក្ខជាតិគ្រប់ប្រភេទនេះ គឺជាការវិនិយោគបៃតងលើធម្មជាតិដែលផ្ដល់ពហុប្រយោជន៍ សម្រាប់មនុស្សជាតិយើងទាំងអស់គា្ន ដូចជា សត្វ ភពផែនដី និងធ្វើឱ្យមូលដ្ឋានភូមិ-ឃុំ របស់យើងមាន ទេសភាពពណ៍បៃតង និងរស់រវើកគ្រប់រដូវកាល ។

ក្នុងព្រះរាជពិធី “រុក្ខទិវា” ស្ថិតនៅភូមិកសិដ្ឋាន ឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាមនាព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាមានព្រះរាជបន្ទូលថា ការយកចិត្តទុកដាក់គ្រប់គ្រង អភិរក្ស និងអភិវឌ្ឍន៍ធនធានព្រៃឈើ និងសត្វ គឺដើម្បីធានានិរន្តរភាពបរិស្ថាន និងសេដ្ឋកិច្ចជាតិ ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ នៃរាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងស្វាហាប់ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា ។

ព្រះករុណាព្រះមហាក្សត្រកម្ពុជាមានព្រះរាជបន្ទូលបន្ដថា ក្រោមព្រះរាជកិច្ចដឹកនាំដ៏ថ្លៃថ្លាបំផុតរបស់ ព្រះករុណាព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិ ខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត បានផ្តួចផ្តើមរៀបចំពិធីរុក្ខទិវាជាចលនា ជាតិដែលប្រារព្ធឡើងជារៀងរាល់ឆ្នាំ នៅតាមខេត្តនានាក្នុងសម័យសង្គមរាស្ត្រនិយមមក ដើម្បីបំផុស និងលើកទឹកចិត្តឱ្យកូនចៅជាទីស្រលាញ់របស់ព្រះអង្គឱ្យចូលរួមថែរក្សា ការពារព្រៃឈើ និងដាំដើមឈើនៅទូទាំងប្រទេស ។

ជាមួយគ្នានេះ ព្រះមហាក្សត្រកម្ពុជាបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រទេសជាមិត្ត និងអង្គការជាតិ- អន្តរជាតិនានា ដែលបានចូលរួមគាំទ្រដល់ការងារដាំដើមឈើ និងការថែរក្សា ការពារធនធាន ព្រៃឈើ សត្វព្រៃ និងសូមអំពាវនាវឱ្យបន្តសកម្មភាពដ៏ថ្លៃថ្លាទាំងនេះ ដើម្បីជួយគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា និងដើម្បីជាប្រយោជន៍ដល់ពិភពលោកទាំងមូល ៕

Leave a Reply

Your email address will not be published. Required fields are marked *