មន្ទីរពិសោធន៍ជាតិវិទ្យាសាស្ត្របានក្លាយទៅជាកម្លាំងជំរុញគុណភាពផលិតកម្មកម្ពុជា

មន្ទីរពិសោធន៍ជាតិវិទ្យាសាស្ត្របានក្លាយទៅជាកម្លាំងជំរុញគុណភាពផលិតកម្មកម្ពុជា
ចេញផ្សាយ ថ្ងៃទី ២៨ ខែ ឧសភា ឆ្នាំ ២០២៦
មន្ទីរពិសោធន៍ជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍បានឲ្យដឹងថា មន្ទីរនេះបានទទួលការវិភាគ ជាង៣៥០០ សំណាកគំរូប្រចាំឆ្នាំ និង ចំនួនប៉ារ៉ាម៉ែត្រតេស្តប្រចាំឆ្នាំពិសោធន៍ជាង១៩៣០ប៉ារ៉ាម៉ែត្រតេស្តប្រចាំឆ្នាំតាមស្តង់ដារអន្តរជាតិ ISO/IEC 17025ដែលដើរតួនាទីជួយលើកកម្ពស់ស្តង់ដារគុណភាពផលិតផលក្នុងស្រុក និងជំរុញការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ ដោយធានាបាននូវសុវត្ថិភាព និងទំនុកចិត្តខ្ពស់។

យោងតាមអគ្គនាយកដ្ឋានគយនិងរដ្ឋាករ កម្ពុជាបានឲ្យដឹងថានៅក្នុង ឆ្នាំ២០២៥កន្លងនេះទំហំពាណិជ្ជកម្មនាំចេញរបស់កម្ពុជាក្នុងឆ្នាំ២០២៥មានចំនួន ៣០ ៤២៦,១ លានដុល្លារអាម៉េរិក កើនឡើងប្រមាណ ១៤,៦ភាគរយ ធៀបនឹងឆ្នាំ២០២៤។

ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជាកាលពីថ្ងៃទី២៦ឧសភា បានធ្វើដំណើរទស្សនកិច្ចនៅមន្ទីរពិសោធន៍ជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ដោយបានពិភាក្សាលើការពង្រឹងសមត្ថភាពមន្ទីរពិសោធន៍ និងការពង្រីកកិច្ចសហប្រតិបត្តិការកម្ពុជា–ចិន ក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។

សូមបញ្ជាក់ថា បច្ចុប្បន្ននៅក្នុងមន្ទីរពិសោធន៍ជាតិវិទ្យាសាស្ត្ររួមមាន មន្ទីរពិសោធន៍មីក្រូជីវសាស្ត្រផ្តល់សេវាធ្វើតេស្តវិភាគ ផ្តោតលើសំណាកគំរូបរិផលិតផលបរិស្ថាន ផលិតផលអាហារ ចំណីសត្វ វត្ថុធាតុដើម និងផ្សេងៗទៀត។ មន្ទីរពិសោធន៍គីមីសាស្ត្រទឹក ផ្តល់សេវា ធ្វើតេស្តវិភាគគីមី និងធ្វើតេស្ត ទូលំទូលាយ ដើម្បីធានាសុវត្ថិភាព គុណភាព និងការអនុវត្តតាមបទដ្ឋានស្របច្បាប់សម្រាប់ ការប្រើប្រាស់ទឹកក្នុងផ្នែកផ្សេងៗ។

មន្ទីរពិសោធន៍គីមីសាស្ត្រម្ហូបអាហារ ការវិភាគសារធាតុចិញ្ចឹម ការធ្វើតេស្តវិភាគ រកសារធាតុពុល ការត្រួតពិនិត្យគុណភាព ការវិភាគសារធាតុបន្ថែមអាហារ ការវិភាគសំណល់ សារធាតុបំផ្លាញសត្វលម្អ និងផ្សេងៗទៀត។ មន្ទីរពិសោធន៍គីមីសាស្រ្តមិនមែនម្ហូបអាហារដោយ ធ្វើតេស្តវិភាគ ផ្នែកគីមី-រូបីសាស្ត្រដែលទូលំទូលាយសម្រាប់សម្ភារៈជាច្រើនប្រភេទ រួមមាន សាប៊ូ សារធាតុបំផ្លាញសត្វលំអ គ្រឿងសំអាង ដែក ប្លាស្ទិច ជី ក្រណាត់ វេចខ្ចប់ និងសម្ភារៈ ផ្សេងៗទៀត។ វត្តមានមន្ទីរពិសោធន៍ជាតិវិទ្យាសាស្ត្រនេះបានឆ្លើយតបចំពោះការលំបាករបស់សហគ្រាសផលិតកម្មខ្មែរដែលមុននេះត្រូវយកសំណាកទំនិញទៅស្វែងរកសេវាពិនិត្យវិភាគនៅក្រៅប្រទេស៕

Leave a Reply

Your email address will not be published. Required fields are marked *