ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ស្តេចយាងជាព្រះរាជាធិបតីព្រះរាជពិធីរុក្ខទិវា ៩ កក្កដា នៅខេត្តកំពង់ចាម
ចេញផ្សាយ ថ្ងៃទី ០៩ ខែ កក្កដា ឆ្នាំ ២០២៥
AKP កំពង់ចាម ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៥—
ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ស្តេចសព្វព្រះរាជហឫទ័យយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ព្រះរាជពិធីរុក្ខទិវា ៩ កក្កដា នៅភូមិកសិដ្ឋាន ឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៥។
យាង និមន្ត និងអញ្ជើញចូលរួមក្នុងព្រះរាជពិធី រួមមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្នាក់ដឹកនាំសង្ឃទាំងពីរគណៈ ថ្នាក់ដឹកនាំជាន់ខ្ពស់ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ព្រះញាតិវង្សានុវង្ស បណ្តាអង្គទូត មន្ត្រីរាជការ និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។