ឯកឧត្តម នេត្រ ភក្ត្រា ជំរុញដល់និស្សិតជ័យលាភីអាហារូបករណ៍អ៊ីរ៉ាស្មូស ត្រូវប្រើប្រាស់ពេលវេលាឱ្យបានច្រើន និងសិក្សាដកស្រង់បទពិសោធន៍ប្រទេសគេ ដើម្បីយកមកអនុវត្ដន៍ក្នុងប្រទេសរបស់ខ្លួនវិញ
ចេញផ្សាយ ថ្ងៃទី ២២ ខែ ធ្នូ ឆ្នាំ ២០២៣
ភ្នំពេញ ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ — ឯកឧត្ដម នេត្រ ភក្រ្ដា រដ្ឋមន្រ្ដីក្រសួងព័ត៌មានបានជំរុញដល់និស្សិតជ័យលាភីអាហារូបករណ៍អ៊ីរ៉ាស្មូស (ERASMUS plus) ត្រូវប្រើប្រាស់ពេលវេលាឱ្យបានច្រើន សិក្សាដកស្រង់បទពិសោធន៍ប្រទេសគេក្នុងកិច្ចការងារ ខណៈទ្រឹស្តីជារឿងមួយ ប៉ុន្តែបទពិសោធន៍ជាផ្នែកមួយដ៏សំខាន់ ដែលអាចយកមកអនុវត្តន៍ការងារបានលឿនសម្រាប់យើង និងយកមកធ្វើការអភិវឌ្ឍប្រទេសជាតិ។ ការជំរុញរបស់ឯកឧត្តមរដ្ឋមន្រ្តី បែបនេះ ក្នុងឱកាសអនុញ្ញាតឱ្យក្រុមនិស្សិតជ័យលាភីអាហារូបករណ៍ អ៊ីរ៉ាស្មូស (ERASMUS plus) ក្នុងឆ្នាំសិក្សា ២០២៣-២០២៤ ចូលជួបសម្ដែងការគួរសម នាព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ នៅទីស្ដីការក្រសួងព័ត៌មាន ដើម្បីទទួលអនុសាសន៍ពី ឯកឧត្តម រដ្ឋមន្រ្តី សម្រាប់ជាពុទ្ធិបន្ថែមដល់ការសិក្សា ការអភិវឌ្ឍខ្លួន និងជាការលើកទឹកចិត្តដល់និស្សិតទាំងអស់ ដែលត្រូវទៅបន្តការសិក្សានៅក្រៅប្រទេស ។
បើតាមការបញ្ជាក់របស់លោក ប៉ោ សុមេធា តំណាងនិស្សិតជ័យលាភីអាហារូបករណ៍ អ៊ីរ៉ាស្មូស (ERASMUS plus) បានឱ្យដឹងថា និស្សិតចំនួន ៥ រូប ត្រូវទៅបន្តការសិក្សា ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាធារណរដ្ឋបារាំង លើមុខជំនាញ វិស្វកម្មរូបធាតុ និងគ្រឿងបង្គំ នៅវិទ្យាស្ថានជាតិ វិទ្យាសាស្ត្រអនុវត្ដន៍ ទីក្រុងរ៉ែន។ លោកបន្ដថា ក្រុមនិស្សិតទាំងអស់មានជំនឿជឿជាក់ថា បន្ទាប់ពីបញ្ចប់ការសិក្សា នឹងវិលត្រឡប់មកបម្រើជាតិមាតុភូមិ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍសង្គមជាតិ ហេដ្ឋារចនាសម្ព័ន្ធនានាក្នុងប្រទេសកម្ពុជា ស្របតាមយុទ្ធសាស្រ្តបច្ចកោណដំណាក់កាលទី ១ ។
ឯកឧត្តម នេត្រ ភក្ត្រា បានធ្វើការចែករំលែកបទពិសោធន៍ខ្លះៗពាក់ព័ន្ធការសិក្សាស្រាវជ្រាវ និងបរិបទបែបណាខ្លះថាតើត្រូវធ្វើអ្វី នៅពេលបញ្ចប់ការសិក្សា ដើម្បីចូលរួមកសាងប្រទេសជាតិឱ្យបានកាន់តែរីកចម្រើន។ ឯកឧត្តមបានធ្វើការរម្លឹកពីប្រវត្តិសាស្រ្តដែលប្រទេសកម្ពុជាបានឆ្លងកាត់ជាច្រើនដំណាក់កាលតាំងពីសម័យសង្គ្រាម រហូតដល់ប្រទេសមានសុខ សន្តិភាព ហើយបើពិនិត្យមើលលើធនធានមនុស្សរបស់កម្ពុជាកាលពីឆ្នាំ១៩៧៩ ស្ថានភាពកាលនោះគឺអ្នកចេះច្រើន បង្រៀនអ្នកចេះតិច ហើយអ្នកចេះតិចបង្រៀនអ្នកអត់ចេះ គឺពិតជាលំបាក ។ ទន្ទឹមនេះ ក្នុងដំណាក់កាលពីឆ្នាំ១៩៧៩ ដល់ឆ្នាំ១៩៩៣ គឺជាដំណាក់កាលពង្រឹងខ្លួន កសាងធនធានមនុស្ស ដោយធ្វើយ៉ាងម៉ិចឱ្យមានអ្នកចេះដឹងច្រើន ។ ឯកឧត្ដមរដ្ឋមន្រ្ដីបានបន្ដទៀតថា ពីឆ្នាំ១៩៩៣ ដល់ឆ្នាំ១៩៩៨ ជាដំណកាលនៃការពង្រីកនៃការអភិវឌ្ឈធនធានមនុស្ស ហើយចាប់ពីឆ្នាំ១៩៩៨ ដល់ឆ្នាំ២០២៣ គឺជាដំណាក់កាលនៃការពង្រឹងបរិមាណ និងគុណភាព ដែលនិយាយពីមូលធុនមនុស្ស សំដៅលើមនុស្សដែលជាធនធាន មានចំណេះដឹង មានសមត្ថភាព ស្នាដៃ និងសុខភាព ។
ឯកឧត្ដមរដ្ឋមន្រ្ដីបានលើកឡើងផងដែរថា បើពិនិត្យជារួម ក្នុងដំណើររយៈពេលជាង ៤០ ឆ្នាំនេះ គឺកម្ពុជាបានកសាងប្រទេសចាប់តាំងពីបាតដៃទទេ ព្រោះអ្នកចេះដឹងដែលមាននៅមុនឆ្នាំ១៩៧៩ ត្រូវបានខ្មែរក្រហមសម្លាប់ចោល។ ឯកឧត្ដមរដ្ឋមន្រ្ដីបានអះអាងថា ដោយការខិតខំប្រឹងប្រែងរបស់ប្រមុខដឹកនាំប្រទេស រហូតមកដល់ពេលបច្ចុប្បន្ននេះ បានកសាងធនធានមនុស្សបានយ៉ាងច្រើន ប្រកបដោយសមត្ថភាព និងគុណភាពខ្ពស់ ហើយសម្រាប់បងប្អូនជានិស្សិតដែលត្រូវទៅបន្តការសិក្សានៅប្រទេសបារាំង គឺជាធនធានមនុស្សដ៏សំខាន់ដែលត្រូវត្រឡប់មកជួយប្រទេសជាតិខ្លួនវិញ ។
ឯកឧត្ដមរដ្ឋមន្រ្ដីក៏បានលើកឡើងពីការអនុវត្ដគោលនយោបាយបញ្ចកោណ របស់រាជរដ្ឋាភិបាល នៅក្នុងអាណត្តិទី ៧ ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលបានផ្តោតសំខាន់លើមូលធនមនុស្ស ដោយធ្វើការកែទម្រង់រដ្ឋបាលសាធារណៈ ពង្រឹងប្រសិទ្ធភាពស្ថាប័ន ការជ្រើសមន្រ្តីប្រកបដោយគុណាធិបតេយ្យ យកមកបំពេញកិច្ចការងារ និងមានប្រព័ន្ធលើកទឹកចិត្តដល់មន្រ្តី ដើម្បីបង្កើនប្រសិទ្ធភាព ចំណេះដឹង ជំនាញ និងប្រសិទ្ធិផលការងារខ្ពស់៕
