ព័ត៌មានជាតិ

គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាហុងគ្រី អញ្ជើញមកដល់ព្រះរាជាណាចក្រកម្ពុជា ដើម្បីបំពេញទស្សនកិច្ចជាផ្លូវការ និងមិត្តភាព រយៈពេល៥ថ្ងៃ

គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាហុងគ្រី អញ្ជើញមកដល់ព្រះរាជាណាចក្រកម្ពុជា ដើម្បីបំពេញទស្សនកិច្ចជាផ្លូវការ និងមិត្តភាព រយៈពេល៥ថ្ងៃ
ចេញផ្សាយ ថ្ងៃទី ០៥ ខែ កុម្ភៈ ឆ្នាំ ២០២៥
MOINFO APP

គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាហុងគ្រី ដឹកនាំដោយ លោកជំទាវ ម៉ាតា ម៉ាត្រៃ (Marta Matrai) អនុប្រធានទី១ រដ្ឋសភា នៃប្រទេសហុងគ្រី បានអញ្ជើញមកដល់ព្រះរាជាណាចក្រកម្ពុជាប្រកបដោយសុវត្ថិភាព នាព្រឹកថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥ ដើម្បីពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការរដ្ឋសភានៃប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅបន្ថែមទៀត ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី។

អញ្ជើញទទួលបដិសណ្ឋារកិច្ចគណៈប្រតិភូនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ រួមមាន លោកជំទាវ ខេង សំវ៉ាដា អនុប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា និងជាអនុប្រធានក្រុមមិត្តភាពរដ្ឋសភាកម្ពុជា-ហុងគ្រី និងឯកឧត្តម ទី សុគន្ធ លេខាធិការគណៈកម្មការទី៥ នៃរដ្ឋសភា និងជាអនុប្រធានក្រុមមិត្តភាពរដ្ឋសភាកម្ពុជា-ហុងគ្រី ព្រមទាំងថ្នាក់ដឹកនាំនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា។

ក្នុងដំណើរបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភានៃប្រទេសហុងគ្រី នឹងអញ្ជើញចូលជួបសម្តែងការគួរសមជាមួយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា អញ្ជើញជួបសម្តែងការគួរសមជាមួយ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា និងអញ្ជើញមានជំនួបទ្វេភាគីជាមួយ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១រដ្ឋសភា ព្រមទាំងជួបពិភាក្សាការងារជាមួយឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការ បរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន នៃរដ្ឋសភា។

ក្រៅពីជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយថ្នាក់ដឹកនាំកំពូលនៃស្ថាប័ននីតិប្បញ្ញត្តិរបស់កម្ពុជា ហើយនោះ លោកជំទាវ ម៉ាតា ម៉ាត្រៃ និងគណៈប្រតិភូ ក៏មានគម្រោងធ្វើទស្សនកិច្ចនៅតាមទីតាំងសំខាន់ៗមួយចំនួននៅក្នុងរាជធានីភ្នំពេញ និងខេត្តសៀមរាប ផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *