ព័ត៌មានជាតិ

ឯកឧត្តម នេត្រ ភក្រ្តា អញ្ជើញជាអធិបតី ក្នុងកម្មវិធីចែករំលែកបទពិសោធន៍ លើប្រធានបទ «ការចែករំលែក ចំណេះដឹងពីសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ» ជូនដល់និស្សិតនៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ

ឯកឧត្តម នេត្រ ភក្រ្តា អញ្ជើញជាអធិបតី ក្នុងកម្មវិធីចែករំលែកបទពិសោធន៍ លើប្រធានបទ «ការចែករំលែក ចំណេះដឹងពីសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ» ជូនដល់និស្សិតនៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ
ចេញផ្សាយ ថ្ងៃទី ០៥ ខែ កុម្ភៈ ឆ្នាំ ២០២៥
MoINFO APP

នៅព្រឹកថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអញ្ជើញជាវាគ្មិនកិត្តិយសកម្មវិធីចែករំលែកបទពិសោធន៍លើប្រធានបទ «ការចែករំលែក ចំណេះដឹងពីសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ» ជូនដល់និស្សិតឆ្នាំទី១ ឆមាសទី១ ជាង ១ ៨០០នាក់ នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ទីតាំងទី២ (ស្ពានអាកាសចោមចៅ) រាជធានីភ្នំពេញ ។

ឯកឧត្តម លី ណាវុឌ្ឍ អគ្គនាយករង ប៊ែលធី គ្រុប និងជាសាកលវិទ្យាធិការនៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានបញ្ជាក់ជូនពីគោលបំណងនៃកម្មវិធីចែករំលែកបទពិសោធន៍ លើប្រធានបទ «ការចែករំលែក ចំណេះដឹងពីសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ» គឺជាប្រធានបទមួយដ៏មានគុណតម្លៃយ៉ាងវិសេស វិសាល ប្រកបដោយសារប្រយោជន៍ ចំពោះនិស្សិតក្នុងការកសាងចំណេះដឹង ជំនាញ និងបទពិសោធន៍ ឲ្យក្លាយជាបញ្ញវ័ន្តដ៏ឆ្នើមសម្រាប់ខ្លួនឯង គ្រួសារ សង្គមជាតិ និងសាកលលោក ស្របតាមបាវចនារបស់ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ គឺ៖ « BELTEI International University-The Future of Global Leaders »។

ឯកឧត្តម លី ណាវុឌ្ឍ បានជម្រាបជូនថា ចាប់តាំងពីឆ្នាំ២០០២ មកដល់ឆ្នាំ២០២៥ ក្នុងរយៈពេល ២៣ឆ្នាំកន្លងមកនេះ ប៊ែលធីគ្រុបខិតខំចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍវិស័យអប់រំ និងបណ្តុះបណ្តាលធនធានមនុស្សនៃព្រះរាជាណាចក្រកម្ពុជា ដែលបច្ចុប្បន្នមានបុគ្គលិកកំពុងបម្រើការចំនួន 3,800 នាក់ និងសិស្ស-និស្សិត សរុបចំនួនប្រមាណជាង 61,000នាក់ និងមានអគារផ្ទាល់ខ្លួនសរុប 35 ទីតាំង នៅរាជធានីភ្នំពេញ។ ប៊ែលធីគ្រុបបាននឹងកំពុងសាងសាង់អគារស្នាក់ការកណ្តាលកម្ពស់ 32ជាន់ នៅកណ្តាលរាជធានី ភ្នំពេញដែលនឹងបញ្ចប់ការសាងសង់នាពេលឆាប់ៗនេះ។

ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានលើកឡើងនូវ តួនាទីរបស់សារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ ដោយបានបញ្ជាក់ថា មនុស្សត្រូវការព័ត៌មានជាចាំបាច់ក្នុងជីវភាពប្រចាំថ្ងៃ, មនុស្ស និងព័ត៌មានមិនអាចកាត់ផ្តាច់ចេញពីគ្នាសារព័ត៌មានជាអំណាចទី៤ ហើយប្រព័ន្ធផ្សព្វផ្សាយជាយន្តការចែករំលែកព័ត៌មានសម្រាប់ ចំណេះដឹងសង្គម ដែលជាមូលដ្ឋានក្នុងការសម្រចចិត្តត្រឹមត្រូវ ឬខុស ។ សារព័ត៌មានធ្វើឱ្យមានស្ថិរភាព ឬចលាចលក្នុងសង្គម,សារព័ត៌មានដើរតួក្នុងការឆ្លុះបញ្ចាំងពីតថភាពពិត ។

ឯកឧត្តម រដ្ឋមន្ត្រី ក៏បានជម្រាបជូនពីការវិវត្តិនៃប្រព័ន្ធផ្សាយនៅកម្ពុជា និងស្នើដល់និស្សិតទាំងអស់ចូលរួមប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ដើម្បីពង្រឹងសុវត្ថិភាពនៃការប្រើប្រាស់ព័ត៌មាន ៕

Leave a Reply

Your email address will not be published. Required fields are marked *