អភិបាលខេត្តព្រះសីហនុ ក្រើនរំលឹកមន្ទីរកសិកម្មខេត្ត ត្រូវរៀបចំផែនការបណ្តុះបណ្តាលធ្វើវារីវប្បកម្ម ការងារដាំដុះបន្លែរួមផ្សំ និងការចិញ្ចឹមសត្វ
ចេញផ្សាយ ថ្ងៃទី ០៥ ខែ កុម្ភៈ ឆ្នាំ ២០២៥
MoINFO APP
នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅអនុវត្តឆ្នាំ២០២៥ របស់មន្ទីរកសិកម្ម និងនេសាទខេត្តព្រះសីហនុ នៅសាលប្រជុំមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ។
ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានអបអរសាទសមិទ្ធផលដែលមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទសម្រេចបានក្នុងឆ្នាំ២០២៤ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលនីតិការទី៧ បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ប្រកបដោយថាមពល ស្វាហាប់ ឈ្លៀសវៃ និងប៉ិនប្រសប់របស់សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បន្តថែរក្សាប្រព័ន្ធអេកូឡូស៊ីការពាជីវចម្រុះ និងតំបន់ធម្មជាតិ តាមរយៈផែនការយុទ្ធសាស្ត្រជាតិ សម្រាប់គ្រប់គ្រងការពារធម្មជាតិ ការធ្វើទំនើបកម្ម និងឌីជីថលនីយកម្មទិន្នន័យព័ត៌មាននិងភូមិសាស្ត្រតំបន់ការពារធម្មជាតិ។ ដោយផ្តោតលើការបង្កើនផលិត ភាព គុណភាព សុវត្ថិភាព ពិពិធភាពតម្លៃបន្ថែម និងភាពធន់ តាមរយៈការស្រាវជ្រាវការអភិវឌ្ឍពូជដំណាំ ពូជសត្វ និងវារីវប្បកម្មដែលធន និងអាកាសធាតុ ឆ្លើយតបនឹងតម្រូវការទីផ្សារ បន្តជំរុញសហគមន៍កសិកម្ម សហគមន៍នេសាទ ការដាក់ពង្រាយមន្ត្រីបច្ចេកទេសកសិកម្មនៅមូលដ្ឋាន និងពង្រីកបច្ចេកទេសកសិកម្មទំនើប វៃឆ្លាតឌីជីថល មានសុវត្ថិភាព។
ឯកឧត្តម អភិបាលខេត្ត បានធ្វើការកោតសរសើរ និងវាយតម្លៃចំពោះមន្ទីរកសិកម្ម បានបំពេញតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមធ្វើការបណ្តុះបណ្តាលវិធីសាស្ត្រដាំដុះដំណាំ ការធ្វើវារីវប្បកម្ម និងការចិញ្ចឹមសត្វ ពាក់ព័ន្ធទៅនឹងបច្ចេកទេសដល់កសិករ ដើម្បីធានាបានទិន្នផលខ្ពស់ រក្សាតុល្យភាពបរិស្ថាន ធម្មជាតិ ក្នុងការជំរុញលើកកម្ពស់បង្កើនជីវភាពគ្រួសាររបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ពិសេសការថែទាំដើមឈើនៅតាមមហាវិថី វិថី និងអនុវិថីទាំង ៣៧ខ្សែ ទទួលបានលទ្ធផលល្អ។ មន្ទីរកសិកម្មខេត្តព្រះសីហនុ ត្រូវបំពេញការងារឱ្យបានឈានមុខគេនៅទូទាំងប្រទេសក្នុងការបណ្តុះបណ្តាលប្រជាពលរដ្ឋ ការបំផុស រួមគ្នាឆ្ពោះទៅគោលដៅមួយ ដើម្បីធ្វើការប្រកួតប្រជែងជាមួយបណ្តាខេត្ត រាជធានី ទន្ទឹមនោះត្រូវរួមគ្នាថែរក្សាដើមឈើរបស់យើងនៅក្នុងក្រុងព្រះសីហនុ ដើម្បីបង្កើនសោភ័ណភាព បរិស្ថាន និងធ្វើការបណ្តុះ និងដាំដុះដើមកោងកាង ទន្ទឹមនោះ មន្ទីរកសិកម្ម ត្រូវពង្រឹងលើវារីវប្បកម្មមានដូចជាក្តាម ត្រី ដើម្បីធានាផលិត ផលកសិកម្មរបស់យើង ដោយមិនមានការពឹងផ្អែកការនាំចូលពីបណ្តាខេត្ត ក៏ដូចជាប្រទេសជិតខាង យើងត្រូវប្រមូលគំនិតរួមគ្នាគិត។ អាជ្ញាធរត្រូវធ្វើការពន្យល់ណែនាំដល់ប្រជាពលរដ្ឋនៅមូលដ្ឋានឪ្យចេះដាំដុះ និងធ្វើវារីវប្បកម្ម ជាពិសេសការដាំដុះដើមឈើ ដើម្បីបរិស្ថាន និងផលដំណាំនៅជុំវិញផ្ទះ ដើម្បីបង្កើនជីវភាពគ្រួសារ ព្រោះការអភិវឌ្ឍត្រូវទាមទាឪ្យមានបរិស្ថាន និងសោភ័ណភាពដោយមានការចូលរួមពីប្រជាពលរដ្ឋទាំងអស់គ្នា។