នាព្រឹកថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្ដម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង និងឯកឧត្តម សុខ ផេង អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខា ក្រុមការងារថ្នាក់ខេត្ត រួមជាមួយក្រុមការងារអនុសាខាស្រុក ក្រុមកាកបាទក្រហមឃុំ និងអ្នកស្ម័គ្រចិត្តភូមិ បានចុះសួរសុខទុក្ខ និងចូលរួមរំលែកទុក្ខដល់គ្រួសារសពស្រី្តមានផ្ទៃពោះស្លាប់ដោយសារជំងឺ ជាភរិយាកងទ័ពបម្រើការងារ នៅកងពលលេខ៩ នៅខេត្តព្រះវិហារ ដែលមានទីលំនៅភូមិកន្សោមអក ឃុំកន្សោមអក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្ដម អភិបាលខេត្ត និងក្រុមការងារ បាននាំយកនូវអំណោយដ៏ថ្លៃថ្លារបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ប្រគល់ជូនក្រុមគ្រួសារនៃសព ដែលអំណោយទាំងនោះរួមមាន÷ ផ្ទះ១ខ្នង ដែលមានភ្ជាប់ដោយប្រព័ន្ធទឹកស្អាតសម្រាប់ប្រើប្រាស់ក្នុងផ្ទះ និងកង់អគ្គិសនីចំនួន ២គ្រឿង ជូនដល់កូនៗរបស់សព ទុក្ខសម្រាប់ការប្រើប្រាស់ជាមធ្យោបាយក្នុងការធ្វើដំណើរទៅមកក្នុងការសិក្សា និងការប្រើប្រាស់ប្រចាំថ្ងៃ។
ក្នុងឱកាសដ៏សែនក្រៀមក្រំនេះ ឯកឧត្ដម អភិបាលខេត្ត សូមចូលរួមសម្តែងការសោកស្តាយជាពន់ពេក ជាមួយក្រុមគ្រួសារនៃសព ដែលបានបាត់បង់ភរិយា ម្តាយ ជាទីស្រឡាញ់ និងបាននាំមកនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំនេះ ពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រធានកិត្តយសសាខា ដែលតែងតែខ្វាយខ្វល់ពីសុខទុក្ខ របស់ប្រជាពលរដ្ឋទូទៅ ពិសេសជនរងគ្រោះ និងងាយរងគ្រោះ ដោយមិនប្រកាន់វណ្ណៈ ជាតិសាសន៍ ឬ និន្នាការនយោបាយអ្វីឡើយ ស្របតាមទិសស្លោក “ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា” ។