ធនាគារអភិវឌ្ឍន៍អាស៊ី ប្តេជ្ញាជួយកម្ពុជា ក្នុងការពង្រឹងសេដ្ឋកិច្ច និងបង្កើតឱកាសថ្មីៗ ជាពិសេសសម្រាប់ប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះបំផុត
ចេញផ្សាយ ថ្ងៃទី ២១ ខែ មីនា ឆ្នាំ ២០២៥
MoINFO APP
នាថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥នេះ លោក Masato Kanda ប្រធានធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានជួបពិភាក្សាការងារជាមួយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃនេះ ដោយបញ្ជាក់សារជាថ្មីអំពីភាពជាដៃ គូដ៏រឹងមាំរបស់ ADB ជាមួយកម្ពុជា និងការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការជំរុញការធ្វើពិពិធកម្មសេដ្ឋកិច្ច ការអភិវឌ្ឍវិស័យឯកជន និងការវិនិយោគលើប្រជាពលរដ្ឋ ដើម្បីរក្សាកំណើនប្រកបដោយចីរភាព។
លោក Kanda បានមានប្រសាសន៍ថា «ចំពេលដែលមានការប្រកួតប្រជែងជាសកលកាន់តែខ្លាំង ភាពជាអ្នកដឹកនាំដ៏រឹងមាំ និងការប្តេជ្ញាចិត្តចំពោះការអភិវឌ្ឍដែលផ្តោតលើពលរដ្ឋជាមូលដ្ឋានគឺជាការចាំបាច់។ ADB ប្តេជ្ញាជួយកម្ពុជា ក្នុងការពង្រឹងសេដ្ឋកិច្ច និងបង្កើតឱកាសថ្មីៗ ជាពិសេសសម្រាប់ប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះបំផុត។»
លោក Kanda និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានពិភាក្សាគ្នាដោយសង្កត់ធ្ងន់លើសារៈសំខាន់នៃការធ្វើឱយមានតុល្យភាពកំណើនសេដ្ឋកិច្ច ជាមួយនឹងនិរន្តរភាពអេកូឡូស៊ី និងការអភិរក្សវប្បធម៌។ ពួកគាត់ក៏បានទទួលស្គាល់ពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការក្នុងវិស័យថាមពលក្នុងតំបន់ រួមទាំងការចូលរួមរបស់កម្ពុជានៅក្នុងបណ្តាញថាមពលអាស៊ាន ដើម្បីបង្កើនលទ្ធភាពទទួលបាន និងសន្តិសុខថាមពល។
ក្នុងដំណើរទស្សនកិច្ចរបស់គាត់ លោក Kanda បានទស្សនា គម្រោងជលផលសមុទ្រ និងតំបន់ឆ្នេរប្រកបដោយចីរភាព ដែលគាំទ្រដោយមូលនិធិអភិវឌ្ឍន៍អាស៊ី ដែលកំពុងបង្កើតឡើងវិញនូវប្រព័ន្ធអេកូឡូស៊ីសមុទ្រ ជំរុញនិរន្តរភាពជលផល និងលើកកម្ពស់ជីវភាពរស់នៅរបស់សហគមន៍តំបន់ឆ្នេរ។ ដោយជួបសំណេះសំណាលជាមួយគ្រួសារអ្នកនេសាទ និងសមាជិកសហគមន៍ផ្សេងទៀត លោកបានបញ្ជាក់សារជាថ្មីអំពីតួនាទីរបស់ ADB ជាដៃគូអភិវឌ្ឍន៍ពហុភាគីដ៏ធំបំផុតរបស់កម្ពុជា និងការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការគាំទ្រគម្រោងដែលនាំមកនូវផលជះយូរអង្វែង និងប្រកបដោយអត្ថប្រយោជន៍។
លោក Kanda ក៏បានទៅទស្សនកិច្ចវិទ្យាល័យមួយក្នុងខេត្តកែប ដែលគាំទ្រដោយ កម្មវិធីអភិវឌ្ឍន៍ វិស័យអប់រំមធ្យមសិក្សាទុតិយភូមិជំហានទី២របស់ ADB ដែលផ្តោតលើការអប់រំផ្នែកវិទ្យាសាស្ត្រ បច្ចេក វិទ្យា វិស្វកម្ម និងគណិតវិទ្យា (STEM) និងលើកកម្ពស់ការពង្រឹងសមត្ថភាពសិស្សស្រី។ ក្នុងកិច្ចសំណេះ សំណាលជាមួយសិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូនៅទីនោះ លោក Kanda បានគូសបញ្ជាក់ពីសារៈសំខាន់នៃការផ្តល់ឱ្យយុវជននូវជំនាញចំាបាច់ ដើម្បីទទួលបានជោគជ័យក្នុងទីផ្សារការងារដែលកំពុងវិវត្ត។