ឯកឧត្តម ម៉ែន សាម៉ន អញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ មន្រ្តីជាប់កិច្ចសន្យា នៃមន្ទីរព័ត៌មានខេត្តព្រៃវែង
ព្រៃវែង៖ ឯកឧត្តម ម៉ែន សាម៉ន អនុរដ្ឋលេខាធិការក្រសួងព៏ត៌មាន ទទួលបន្ទុកមន្ទីរព័ត៌មានខេត្តព្រៃវែង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងស្វេងយល់អំពីបញ្ហា សំណូបពរ មន្ត្រីរាជការ និងនីតិវិធីពាក់ព័ន្ធនឹងការងារដែលមន្ទីរព័ត៌មានខេត្តព្រៃវែងអនុវត្តកន្លងមក នៅព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤ នៅមន្ទីរព័ត៌មានខេត្តព្រៃវែង។
ក្រោយអំពីលោក ញ៉ែម សៅគ្រី ប្រធានមន្ទីរព័ត៌មាន បានរាយការណ៍អំពីសកម្មភាពការងារដែលមន្ទីរបានអនុវត្តកន្លងមក ឯកឧត្តម ម៉ែន សាម៉ន អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងធ្វើការងារអស់កម្លាំងកាយចិត្ត របស់ថ្នាក់ដឹកនាំ មន្រ្តីរាជការ មន្រ្តីជាប់កិច្ចសន្យា នៃមន្ទីរព័ត៌មានព្រៃវែងទាំងអស់តាមផ្នែកជំនាញនីមួយៗ ក៏ដូចជាក្នុងការចុះយកព័ត៌មានតាមថ្នាក់ដឹកនាំខេត្ត ក្រុង ស្រុក យកមកផ្សព្វផ្សាយតាមរយៈកញ្ចក់ទូរទស្សន៍ តាមវិទ្យុ និងតាមគេហទំព័រព័ត៌មានផ្សេងៗក្នុងខេត្ត ដើម្បីបង្ហាញដល់មហាជនបានឃើញ និងទស្សនាអំពីរភាពរីកចម្រើនរបស់ខេត្ត។
ឯកឧត្ដម បានលើកឡើងអំពីសភាពការថ្មីៗដែលកើតមានឡើងក្នុងប្រទេកម្ពុជា អំពីសកម្មភាពក្រុមអគតិជ្រុលនិយមក្រៅប្រទេសមួយចំនួនតូចដែលមានចេតនា ចង់បង្កភាពចលាចលក្នុងប្រទេស ដែលនិងបង្កឲ្យមានភាពវិកវរ ដែលប៉ះពាល់ដល់សន្តិសុខសម្រាប់ធ្នាប់សាធារណៈ ប្រជាពលរដ្ឋនៅក្នុងប្រទេស ដែលសកម្មភាពទាំងអស់នោះមិនត្រូវបានកើតមានឡើងនោះទេ ដោយសារតែមានការយកចិត្តទុកដាក់ ដ៏ខ្ពង់ខ្ពស់ពីថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ក្នុងការទប់ស្កាត់មិនឲ្យមានបញ្ហាទាំងអស់នេះកើតមានបាននៅក្នុងប្រទេសកម្ពុជានោះទេ។ ឯកឧត្ដម ក៏បានណែនាំ ដល់មន្ទីរព័ត៌មាន ត្រូវតាមដានព័ត៌មានមួយចំនួនដែលចុះផ្សាយមិនពិត្យ ដែលធ្វើប៉ះពាល់ដល់ខេត្ត និងប្រទេសជាតិ ឲ្យបានទាន់ពេលវេលា និងត្រូវធ្វើការចុះផ្សាយវាយបកចំពោះព័ត៌មានដែលចុះផ្សាយមិនពិត្យនោះឲ្យបានទាន់ពេលវេលា ដើម្បីធ្វើយ៉ាងណាកុំឲ្យប្រជាពលរដ្ឋមានការយល់ច្រឡំ។
ឯកឧត្តម ក៏បានលើកឡើងបន្ថែមថា មន្រ្តីចុះយកព័ត៌មានត្រូវពង្រឹងការសរសេព័ត៌មានកាន់តែមានគុណភាព ត្រូវអនុវត្តន៍នូវគោលការណ៍ និងគោរពក្រមសីលធម៌ សរសេរព័ត៌មានពិត ឈរលើប្រភព និងប្រកាន់គោលការណ៍បី ខ្លី ខ្លឹម ខ្លាំង។
ឯកឧត្តម អនុរដ្ឋលេខាធិការ បានផ្ដាំផ្ញើ ដល់ថ្នាក់ដឹកនាំ និងមន្រ្ដីរាជការនៃមន្ទីរព័ត៌មាន ត្រូវរក្សាសាមគ្គីភាពផ្ទៃក្នុងឱ្យកាន់តែរឹងមាំថែមទៀត និងត្រូវខិតខំបំពេញការងារ ត្រូវមានវិន័យក្នុងពេលបំពេញការងារ ត្រូវពង្រឹងសាមគ្គីភាពផ្ទៃក្នុង ធ្វើការប្រកបដោយសមូហភាព៕