សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង ប្រារព្ធទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ ធ្នូ ឆ្នាំ ២០២៤ ក្រោមប្រធានបទ “សិទ្ធិ ជាមាគ៌ាឆ្ពោះទៅបញ្ចប់អេដស៍” និងរួមបញ្ចូលទិវាអន្តជាតិនៃជនពិការ ៣ធ្នូ នៅអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកកញ្រ្ជៀច
ព្រៃវែង ៖ ដើម្បីចូលរួមទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ ធ្នូ ឆ្នាំ ២០២៤ ក្រោមប្រធានបទ “សិទ្ធិ ជាមាគ៌ាឆ្ពោះទៅបញ្ចប់អេដស៍” (ការងារឥស្សរជនឆ្នើមថ្នាក់ជាតិ) រួមបញ្ចូលទិវាអន្តជាតិនៃជនពិការ ៣ធ្នូ និងដើម្បីលើកកម្ពស់កិត្តិនាមសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ឥស្សរជនឆ្នើមថ្នាក់ជាតិ នៃវេទិកាភាពជាអ្នកដឹកនាំតំបន់អាស៊ី-ប៉ាស៊ីហ្វិកឆ្លើយតប នឹងជំងឺអេដស៍ នៅកម្ពុជា ដោយមានការអញ្ជើញចូលរួម ជាអធិបតី ឯកឧត្តម សុខ ផេង អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខា និងជាអនុប្រធានក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ នៃសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង តំណាង ឯកឧត្តម សួន សុម៉ាលីន ប្រធានគណៈកម្មាធិការសាខាខេត្ត នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ នៅសាលាកញ្ជ្រៀច ខេត្តព្រៃវែង។ ដែលមានការអញ្ជើញចូលរួមពីលេខាធិការដ្ឋានប្រយុទ្ធនឹងជំងឺអេដស៍ខេត្ត តំណាងមន្ទីរសុខាភិបាលខេត្ត ក្រុមការងារអនុសាខាស្រុកកញ្រ្ជៀច មន្ទីរពេទ្យបង្អែក មណ្ឌលសុខភាព ក្រុមគ្រូពេទ្យ អ្នកស្ម័គ្រចិត្តភូមិ ទីប្រឹក្សាយុវជន និងយុវជនកាកបាទក្រហមកម្ពុជា បានរៀបចំពិធីសំណេះសំណាលសួរសុខទុក្ខ និងផ្តល់អំណោយមនុស្សធម៌ ចំនួន ១០០នាក់ ក្នុងនោះអ្នកផ្ទុកមេរោគអេដស៍ ចំនួន ៩០នាក់ និងជនពិការ ចំនួន ១០នាក់ មកពីឃុំចំនួន ៧ ស្មើនឹង ៤៥ភូមិ ក្នុងស្រុកកញ្រ្ជៀច នៅមុខទីស្នាក់ការអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកកញ្រ្ជៀច។
ក្នុងនាមឯកឧត្តម អនុប្រធានអចិន្ត្រៃយ៍ ព្រមទាំងសមាជិក សមាជិកាក្នុងអង្គពិធី សូមពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខពីសំណាក់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានកិត្តិយសសាខា និង ឯកឧត្តម សួន សុម៉ាលីន ប្រធានគណៈកម្មាធិការសាខា ពិសេសសូមសំដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានយកចិត្តទុកដាក់នូវសុខទុក្ខប្រជាពលរដ្ឋ ទៅលើការឈានឆ្ពោះទៅការបញ្ចប់អេដស៍ នៅឆ្នាំ២០២៥។
ក្នុងនាមជាជំនួយការជូនអាជ្ញាធរសាធារណៈក្នុងវិស័យមនុស្សធម៌ កាកបាទក្រហមកម្ពុជា និងក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ នឹងបន្តពង្រឹងការចូលរួមជាមួយរាជរដ្ឋាភិបាលឱ្យបានទ្វេដង ដោយផ្តោតការ យកចិត្តទុកដាក់ទៅលើអាទិភាពបីជាចម្បងគឺ៖ ទីមួយ ការអប់រំលើកកម្ពស់ការយល់ដឹងពីការបង្ការ ការចម្លង មេរោគអេដស៍នៅក្នុងសហគមន៍ និងនៅតាមគ្រឹះស្ថានអប់រំ ជាពិសេសក្នុងចំណោមយុវវ័យ និងការបង្ការ ការចម្លងមេរោគអេដស៍ពីម្តាយទៅកូន។ ទីពីរ ផ្តល់សេវាគាំទ្រសង្គមជួយជនរងគ្រោះដោយសារមេរោគអេដស៍ និងជំងឺអេដស៍។ ទីបី លើកកម្ពស់ការកាត់បន្ថយដើម្បីឈានទៅលុបបំបាត់ទាំងស្រុងរាល់ទម្រង់រើសអើង និងមាក់ងាយលើអ្នកផ្ទុកមេរោគអេដស៍ និងជំងឺអេដស៍។
នាឱកាសនោះ លោកស្រី ព្រាប ផល្លា សមាជិកាគណៈកម្មាធិការសាខា និងជាសមាជិកក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ នៃសាខាខេត្ត បានអានសារសារលិខិតសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃវេទិកាភាពជាអ្នកដឹកនាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក ឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍ និងការអភិវឌ្ឍនៅកម្ពុជា ក្នុងឱកាសទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ ធ្នូ ឆ្នាំ២០២៤ ក្រោមប្រធានបទ «សិទ្ធិ ជាមាគ៌ាឆ្ពោះទៅបញ្ចប់អេដស៍» ដូចតទៅ៖ ១. សូមចូលរួមយ៉ាងសកម្ម និងឱ្យបានទ្វេដងជាមួយរាជរដ្ឋាភិបាលកម្ពុជា និងកាកបាទក្រហមកម្ពុជា ក្នុងយន្តការជាតិតែមួយដើម្បីពង្រឹងភាពជាអ្នកដឹកនាំសហគមន៍ឆ្លើយតបឱ្យបានទូលំទូលាយ និង ពហុវិស័យគ្របដណ្តប់ទៅគ្រប់ភូមិសាស្ត្រ និងគ្រប់ក្រុមគោលដៅ។
២. ក្មួយៗជាយុវជន យុវនារី ត្រូវប្រកាន់យកនូវផ្នត់គំនិត និងឥរិយាបថវិជ្ជមាន ដោយប្រកាន់ខ្ជាប់នូវ ការអភិវឌ្ឍស្វែងយល់ជាប្រចាំនូវចំណេះដឹងថ្មីៗស្តីពីការបង្ការ ការចម្លងមេរោគអេដស៍ ដើម្បីបង្ការ ខ្លួនយើង គ្រួសារយើង សហគមន៍យើង និងសង្គមជាតិយើងពីការរាលដាលនៃមេរោគអេដស៍ ព្រោះថា “យើងអាចភ្លេចអេដស៍ តែអេដស៍ពុំភ្លេចយើងឡើយ”។ ៣. អ្នកដែលបានប្រព្រឹត្តឬសង្ស័យថាខ្លួនបានប្រឈមនឹងការឆ្លងមេរោគអេដស៍ ចូរប្រញាប់រួសរាន់ ទៅស្វែងរកសេវាផ្តល់ប្រឹក្សា និងធ្វើតេស្តឈាមរកមេរោគអេដស៍ដោយស្ម័គ្រចិត្ត និងរក្សាការ សម្ងាត់ដើម្បីឆាប់បានដឹងពីស្ថានភាពផ្ទុកមេរោគអេដស៍ដែលអាចប្រើប្រាស់ក្នុងការសម្រេចចិត្ត ទៅទទួលសេវាថែទាំ និងព្យាបាលបន្តបានទាន់ពេលវេលា។ ៤. ស្ត្រីមានផ្ទៃពោះទាំងអស់ ចូរប្រញាប់រួសរាន់ស្វែងរកសេវាពិនិត្យ និងថែទាំផ្ទៃពោះឱ្យបានត្រឹមត្រូវ និងទៀងទាត់ទៅតាមការណែនាំរបស់បុគ្គលិកពេទ្យ ដើម្បីសុខភាពមាតា ទារក និងដើម្បីចូលរួម ទប់ស្កាត់ការចម្លងមេរោគអេដស៍ពីម្តាយទៅទារក។ ៥. ត្រូវបញ្ឈប់ជាដាច់ខាតនូវគ្រប់ទម្រង់រើសអើង ឬមាក់ងាយទៅលើអ្នកផ្ទុកមេរោគអេដស៍ និងជំងឺ អេដស៍ ព្រោះវាជាអំពើផ្ទុយទៅនឹងច្បាប់ស្តីពីការបង្ការ និងទប់ស្កាត់ការរីករាលដាលមេរោគអេដស៍ និងជំងឺអេដស៍នៅកម្ពុជា។ ៦.
ចំពោះអ្នកដែលមានមុខរបរ ឬមានការប្រព្រឹត្តប្រឈមខ្ពស់នឹងការឆ្លងមេរោគអេដស៍ ចូរប្រើប្រាស់ ស្រោមអនាម័យឱ្យបាន១០០% នៅរៀងរាល់ពេលដែលមានទំនាក់ទំនងរួមភេទ។
ក្នុងពិធីនេះក៍មានការផ្តល់អំណោយមនុស្សធម៌ ក្នុង ១គ្រួសារ/នាក់ ទទួលបាន៖ មី ១ កេស ត្រី ខ ១យួរ និងថវិកាចំនួន ១០០,០០០រៀល។ សាខាខេត្ត ក៍បានឧបត្ថម្ភថវិកាមួយចំនួន ដល់អ្នកស្ម័គ្រចិត្តូមិ ទីប្រឹក្សាយុវជន និងយុវជនកាកបាទក្រហមកម្ពុជា និងបានរៀបចំអាហារសម្រន់ សម្រាប់អ្នកចូលរួមក្នុងទិវាផងដែរ៕