ឯកឧត្ដម គួច ចំរើន ប្តេជ្ញាដោះស្រាយការលំបាករបស់អតីតយុទ្ធជនទាំងអស់ក្នុងមូលដ្ឋានខេត្ត និងផ្តល់អាទិភាពខ្ពស់ជូនពួកគាត់
ចេញផ្សាយ ថ្ងៃទី ២៣ ខែ សីហា ឆ្នាំ ២០២៤
MoINFO APP
ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល និងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត ដែលទើបប្រកាសថ្មី បានប្តេជ្ញាប្រឹងប្រែងឱ្យអស់ពីកម្លាំងកាយចិត្ត ដើម្បីដោះស្រាយការលំបាករបស់ អតីតយុទ្ធជនទាំងអស់ និងផ្តល់អាទិភាពខ្ពស់បម្រើជាពិសេស ចំពោះអតីតយុទ្ធជនក្នុងខេត្ត ឱ្យសមនឹងគុណបំណាច់មិនអាចកាត់ថ្លៃបានរបស់ពួកគាត់ ដែលបានបម្រើ និងលះបង់ក្នុងបុព្វហេតុការពារ និងកសាងសន្តិភាពជូនមាតុភូមិកម្ពុជានាពេលកន្លងមក។
នៅក្នុងពិធីប្រកាសទទួលស្គាល់ប្រធានកិត្តិយស សមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកណ្តាល ក្រោមអធិបតីភាពឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ម្សិលមិញនេះ ឯកឧត្ដម គួច ចំរើន អភិបាល បញ្ជាក់ពីការខិតខំជំរុញការអនុវត្តគម្រោង សាងសង់ផ្ទះជូនអតីតយុទ្ធជន និងគ្រួសារដូចដែលបានបញ្ចូល ក្នុងផែនការ វិនិយោគសាធារណៈរបស់រាជរដ្ឋាភិបាល និងខិតខំប្រឹងប្រែងកៀរគរ សប្បុរសជន និងអ្នកពាក់ព័ន្ធឱ្យជួយឧបត្ថម្ភ គាំទ្រ ដល់ អតីតយុទ្ធជន ជាពិសេសត្រូវយកចិត្តទុកដាក់ជួយឧបត្ថម្ភគាំទ្រដល់គ្រួសារអតីតយុទ្ធជន ដែលកំពុងជួបប្រទះការលំបាក។
មានប្រសាសន៍ក្នុងពិធីប្រកាសនេះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម បានលើកឡើងថា សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជន កម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាអនុប្រធានសមាគមអតីតយុទ្ធជនកម្ពុជា តែងតែយកចិត្តទុកដាក់គិតគូរចំពោះ ជីវភាពរស់នៅរបស់អតីតយុទ្ធជន ដែលមានគុណបំណាច់ដ៏ធំធេងមិនអាចកាត់ថ្លៃបាន ហ៊ាន លះបង់សាច់ស្រស់ ឈាមស្រស់ និងធ្វើពលីកម្មគ្រប់បែបយ៉ាង ក្នុងបុព្វហេតុរំដោះប្រទេសជាតិ ប្រជាជន ឲ្យរួចផុតពីរបបប្រល័យពូជសាសន៍ ធ្វើឲ្យប្រទេសកម្ពុជាមានសុខសន្តិភាព និងមានការអភិវឌ្ឍន៍រីកចំរើនរហូតដល់សព្វថ្ងៃ។
ក្នុងឱកាសនោះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត បានថ្លែងកោតសរសើរដល់ មេឃុំ ចៅសង្កាត់ ប៉ុស្តិ៍នគរបាលរដ្ឋបាល អធិការក្រុង-ស្រុក និងរដ្ឋបាលក្រុង-ស្រុកទាំងអស់នៅទូទាំងខេត្តកណ្ដាល ដែលជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជា ដែលបានយកចិត្តទុកដាក់មើលថែ អតីតយុទ្ធជននៅក្នុងមូលដ្ឋានរបស់ខ្លួនបានយ៉ាងល្អប្រសើរ៕