ព្រះសង្ឃ រួមនិងពុទ្ធបរិស័ទ្ធ ទូរទាំងខេត្តព្រៃវែង បានប្រារព្ធពិធី ដង្ហែ បុណ្យវិសាខបូជា ដើម្បី រំលឹកគុណព្រះសម្មាសម្ពុទ្ធ
ព្រៃវែង៖ នៅរសៀលថ្ងៃទី ២២ ខែឧសភា ឆ្នាំ ២០២៤ ព្រះសង្ឃ រួមជាមួយនឹងប្រជាពុទ្ធបរិស័ទ ក្មេង ចាស់ប្រុស ស្រី បានរៀបចំពិធី ដង្ហែនៅបុណ្យវិសាខបូជាដើម្បីរំលឹកគុណដល់ព្រះសម្មាសម្ពុទ្ធបរមគ្រូនៃយើង។
ព្រះខេមរញាណ ភី យ៉ា ព្រះអនុគណក្រុងព្រៃវែង បានមានថេរៈដីការថា ពិធីបុណ្យវិសាខបូជានេះ ប្រារព្ធឡើង រំលឹកគុណដល់ព្រះសម្មាសម្ពុទ្ធ ដោយហេតុ ៣ ប្រការ
១- ទ្រង់ប្រសូត្រចាកព្រះឧទរព្រះវរមាតា ។
ព្រះអង្គទ្រង់ប្រសូតិ នៅថ្ងៃសុក្រ ពេញបូណ៌មី ខែវិសាខ ឆ្នាំច វេលាជិតថ្ងៃត្រង់ មុនពុទ្ធសករាជ ៨០ ឆ្នាំ នៅឧទ្យានលុម្ពិនី ព្រៃសាលព្រឹក្ស ចន្លោះនគរទាំងពីរ គឺកបិលពស្តុ និងទេវទហៈ ។
២- ទ្រង់ត្រាស់ដឹងអនុត្តរសម្មាសម្ពោធិញ្ញាណ ។
ព្រះអង្គទ្រង់ត្រាស់ដឹង នៅថ្ងៃពុធ ពេញបូណ៌មី ខែវិសាខ ឆ្នាំរកា វេលាជិតភ្លឺ មុនពុទ្ធសករាជ ៤៥ ឆ្នាំ ក្នុងព្រះជន្ម ៣៥ វស្សា ។
៣- ទ្រង់រំលត់ខ័ន្ធចូលកាន់ព្រះនិព្វាន ។
ព្រះអង្គទ្រង់បរិនិព្វាន ក្នុងថ្ងៃអង្គារ ពេញបូណ៌មី ខែវិសាខ ឆ្នាំម្សាញ់ វេលាជិតបែក បច្ចូសសម័យ ជិតភ្លឺ មុនពុទ្ធសករាជ ១ថ្ងៃ ក្នុងព្រះជន្ម ៨០ ព្រះវស្សាគត់ ចន្លោះសាលព្រឹក្សទាំងគូ ក្នុងក្រុងកុសិនារា ។
ព្រះខេមរញាណ ភី យ៉ា ព្រះអនុគណក្រុងព្រៃវែង មានថេរៈដីការបន្តថា ព្រះបរមសាស្រ្តាចារ្យ របស់យើងទ្រង់ប្រសូត ត្រាស់ដឹង និងទ្រង់បរិនិព្វាន សុទ្ធ តែក្នុងថ្ងៃ ពេញបូណ៌មី ខែវិសាខ ទាំងអស់ ប្លែកគ្នាតែទីកន្លែង ថ្ងៃ និងឆ្នាំប៉ុណ្ណោះ ។
បុណ្យវិសាខបូជា ជាបុណ្យមួយដ៏ធំក្នុង ព្រះពុទ្ធសាសនា ដោយប្រជាពុទ្ធ បរិស័ទ្ធ បាននាំគ្នាយកចង្ហាន់ប្រគេនព្រះសង្ឃបូជាទានធូបការភ្ញី សម្រាប់ជាការនឹករលឹកដឹងគុណដ៏ធំធេង នៃព្រះសម្មាសម្ពុទ្ធ បរមគ្រូ និងបាននូវចំណែកបុណ្យកុសលផលបុណ្យដែលខ្លួនបានធ្វើនៅក្នុងថ្ងៃវិសាខបូជានេះផង ដើម្បីរលាស់ខ្លួនឲ្យរួចចាកទុក្ខទោសទាំងពួងនោះផងដែរ៕