សម្តេចតេជោ ហ៊ុន សែន ផ្តល់អគារសិក្សា១ខ្នង កម្ពស់២ជាន់ មាន១០បន្ទប់ នៅសាលាបឋមសិក្សា ហ៊ុន សែន វត្តថ្មី ក្រុងប៉ោយប៉ែត
ចេញផ្សាយ ថ្ងៃទី ១២ ខែ វិច្ឆិកា ឆ្នាំ ២០២៤
AKP បន្ទាយមានជ័យ ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤–ពិធីក្រុងពលីបញ្ចុះបឋមសីលាសាងសង់អគារសិក្សា១ខ្នង កម្ពស់២ជាន់ មាន១០បន្ទប់ នៅក្នុងសាលាបឋមសិក្សា ហ៊ុន សែន វត្តថ្មី នៅភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានធ្វើឡើងកាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី រួមទាំងអាជ្ញាធរសង្កាត់/ក្រុងប៉ោយប៉ែត មន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ច្រើនកុះករ។
ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានក្រុងប៉ោយប៉ែត មានប្រសាសន៍ថា ការរៀបចំសាងសង់អគារថ្មី កម្ពស់២ជាន់ មាន១០បន្ទប់នេះ គឺជាសមិទ្ធផលថ្មីមួយបន្ថែមទៀតដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ដែលកន្លងមកសាលាបឋមសិក្សា ហ៊ុន សែនវត្តថ្មីនេះ សម្តេចបានកសាងអគារជូនសិស្សានុសិស្សឱ្យបានសិក្សាកន្លងមក ហើយនៅពេលនេះដើម្បីឱ្យសមស្របឆ្លើយតបទៅតាមកំណើនរបស់សិស្សានុសិស្ស សម្តេចបានផ្តល់នូវចំណងដៃថ្មីមួយទៀតហើយ ដែលនេះគឺជាការគិតគូរដ៏ខ្ពង់ខ្ពស់លើការអប់រំដើម្បីកូនៗចៅៗទទួលបាននូវចំណេះដឹងឱ្យក្លាយជាធនធានមនុស្សល្អប្រសើរទៅថ្ងៃអនាគតសម្រាប់ប្រទេសជាតិស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយគិតបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ទន្ទឹមនេះដែរ ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន បានផ្តាំផ្ញើដល់សិស្សានុសិស្សទាំងអស់ត្រូវខិតខំប្រឹងប្រែងយកចិត្តទុកដាក់រៀនសូត្រ ហើយត្រូវចៀសឱ្យឆ្ងាយពីគ្រឿងញៀន ដើម្បីក្លាយជាកូនល្អ សិស្សល្អ ពលរដ្ឋល្អ មិត្តល្អ ឱ្យក្លាយជាមនុស្សប្រកបដោយធនធានចំណេះដឹង ចំណេះធ្វើ ដើម្បីជីវភាពគ្រួសារ និងការអភិវឌ្ឍសង្គមជាតិឱ្យកាន់តែរីកចម្រើនថែមទៀត៕