ខេត្ត ក្រុងមិត្តភាពកម្ពុជា-ចិន ជួបគ្នានៅខេត្តសៀមរាប ដើម្បីពិភាក្សា និងចែករំលែកបទពិសោធន៍ពីការអភិវឌ្ឍ នឹងធ្វើឱ្យកាន់តែប្រសើរឡើងនូវវិស័យទេសចរណ៍
ចេញផ្សាយ ថ្ងៃទី ១២ ខែ វិច្ឆិកា ឆ្នាំ ២០២៤
AKP សៀមរាប ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤–
សមាគមមិត្តភាពកម្ពុជា-ចិន និងសមាគមប្រជាជនចិនដើម្បីមិត្តភាព ជាមួយបរទេស បានរៀបចំសន្និសីទខេត្ត-ក្រុង មេត្រីភាពកម្ពុជា-ចិន ឆ្នាំ២០២៤ ដែលបានធ្វើឡើងនៅខេត្តសៀមរាប កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ដោយមានអញ្ជើញចូលរួមពីឯកឧត្តម ឯក សំអុល ប្រធានសមាគមមិត្តភាពកម្ពុជា-ចិន ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកឧត្តម យ៉ាង វ័នមីន ប្រធានសមាគមប្រជាជនចិនដើម្បីមិត្តភាពជាមួយបរទេស និងឯកឧត្តម វ៉ាង វិនពីន (Wang Wenbin)ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា រួមជាមួយឯកឧត្តម លោកជំទាវ អភិបាលខេត្ត-ក្រុង មេត្រីភាពកម្ពុជា-ចិន។
ឯកឧត្តម វ៉ាង វិនពីន (Wang Wenbin) បានមានប្រសាសន៍ថា វិស័យទេសចរណ៍ជាកម្លាំងចលករជំរុញវិស័យសេដ្ឋកិច្ច ហើយប្រទេសចិន បានយកចិត្តទុកដាក់ជាខ្លាំងក្នុងការអភិវឌ្ឍវិស័យទេសចរណ៍នេះ ហើយស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា បានយកការងារអភិវឌ្ឍវិស័យទេសចរណ៍នេះជាការងារចម្បង ដោយក្នុងនោះស្ថានទូតចិនបានធ្វើការងារជាច្រើន ជាមួយសម្ព័ន្ធទេសចរចិន ជាមួយក្រសួងទេសចរណ៍កម្ពុជា ដូចជារៀបចំសន្និសីទលើកទី១ ស្តីពីយន្តការនៃការផ្លាស់ប្តូរកិច្ចសហប្រតិបត្តិការទេសចរកម្ពុជា-ចិន ដោយទទួលបានផលល្អ។ ហើយក៏មានការជួបគ្នារវាងខេត្ត-ក្រុង មេត្រីភាពកម្ពុជា-ចិន ហើយក៏ឃើញថា មានក្រុមហ៊ុនអាកាសចរណ៍មួយចំនួនបានចូលរួម។ ជាមួយគ្នានេះយើងក៏មានគម្រោងបង្កើតជើងហោះហើរថ្មី ពីស៊ីអានហាពិនមកទីក្រុងភ្នំពេញ ដែលការងារនេះនឹងជួយបង្កើនការហោះហើរពីប្រទេសចិនមកកម្ពុជាបានកាន់តែច្រើន។
ឯកឧត្តមបានបន្តថា យើងបានធ្វើការជំរុញកិច្ចសហប្រតិបត្តិការទេសចរនៅតាមមូលដ្ឋាន ដែលនៅក្នុងសន្និសីទខេត្ត-ក្រុង មេត្រីភាពកម្ពុជា-ចិន ឆ្នាំ២០២៤នេះ ក៏ឃើញមានការចូលរួមពីសំណាក់តំណាងខេត្ត-ក្រុងនៃប្រទេសចិនចំនួន៨ ហើយខេត្ត-ក្រុងនៃប្រទេសកម្ពុជាចំនួន២៥ ដោយមានការពិភាក្សាគ្នា ហើយក៏មានការព្រមព្រៀងគ្នាជាច្រើនផងដែរ។ ជាមួយគ្នានេះ ខេត្តយូណានបានកំពុងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យទេចរណ៍ជាមួយកម្ពុជា ដោយគ្រោងរៀបចំដំណើរកម្សាន្តយូណានទៅទស្សនានៅអង្គរឱ្យទៅជាគម្រោងទេសចរណ៍ ដែលប្រណិត ហើយខេត្តហើណាន ក៏កំពុងសហការជាមួយកម្ពុជាផងដែរ។ ដែលយើងសង្ឃឹមថា កិច្ចសហប្រតិបត្តិការទាំងនេះ នឹងជំរុញធ្វើឱ្យវិស័យទេសចរចិន-កម្ពុជា ឈានទៅមុខមួយកម្រិតទៀត។
ក្នុងឱកាសនោះ ឯកឧត្តម ហួត ហាក់ បានមានប្រសាសន៍ថា សន្និសីទខេត្ត-ក្រុង មេត្រីភាពកម្ពុជា-ចិន ឆ្នាំ២០២៤ មិនត្រឹមតែចូលរួមដល់ការពង្រឹងចំណងមិត្តភាព ការបង្កើនកិច្ចសហប្រតិបត្តិការល្អលើគ្រប់វិស័យ និងការផ្លាស់ប្តូរវប្បធម៌គ្នាទៅវិញទៅមករវាងកម្ពុជា-ចិន ប៉ុណ្ណោះទេ ប៉ុន្តែនឹងជួយជំរុញក្នុងការផ្សាភ្ជាប់ និងបង្កើតទំនាក់ទំនងទីក្រុងមេត្រីភាព កាន់តែច្រើនបន្ថែមរវាង កម្ពុជា-ចិន ដែលនឹងរួមចំណែកក្នុងការផ្សព្វផ្សាយកាន់តែទូលំទូលាយនូវ វប្បធម៌ ប្រពៃណី និងសក្តានុពលទេសចរណ៍របស់កម្ពុជា-ចិន ជាពិសេសការយកចិត្តទុកដាក់ ជា អាទិភាពនូវប្រភពទីផ្សារចិន សម្រាប់វិស័យទេសចរណ៍កម្ពុជាផងដែរ។