ព័ត៌មានជាតិ

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ ទោះបីជាភាគីថៃមិនឯកភាព ក៏កម្ពុជាយកបញ្ហាប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ប្ដឹងទៅតុលាការយុត្តិធម៌អន្តរជាតិ(ICJ)ដែរ

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ ទោះបីជាភាគីថៃមិនឯកភាព ក៏កម្ពុជាយកបញ្ហាប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ប្ដឹងទៅតុលាការយុត្តិធម៌អន្តរជាតិ(ICJ)ដែរ
ចេញផ្សាយ ថ្ងៃទី ០២ ខែ មិថុនា ឆ្នាំ ២០២៥
MoINFO APP

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសប្ដឹងករណីបញ្ហាប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ទៅតុលាការយុត្តិធម៌អន្តរជាតិ(ICJ) ដើម្បីបញ្ចប់ភាពតាងតឹង ដោយសារភាពមិនច្បាស់លាស់ដែលតែងតែកើតការប្រឈមមុខដាក់គ្នាមិនចេះចប់មិនចេះហើយរវាងយោធាកម្ពុជា និងយោធាថៃ។

ការប្រកាសជាថ្មីរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នេះ បង្ហាញពីការប្ដេជ្ញាចិត្តដ៏មុតមាំរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការការពារទឹកដី មិនឱ្យបាត់បង់ និងមិនឱ្យបរទេសណាមួយឈ្លានពានបានឡើយ។

ក្នុងបទអន្តរាគមន៍ បើកកិច្ចប្រជុំសមាជ រដ្ឋសភានិង ព្រឹទ្ធភា នៅព្រឹកថ្ងៃទី០២ខែមិថុនា ឆ្នាំ២០២៥នេះ នៅវិមានរដ្ឋសភា សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជាតែងតែប្រកាន់ជំហរព្យាយាមដោះស្រាយបញ្ហាដោយសន្តិវិធី ផ្អែកលើបច្ចេកទេសនិងច្បាប់អន្តរជាតិ ដើម្បីពន្លត់បញ្ហាជាជាងអង្គុយបក់ផ្សែង។

សម្ដេចសង្ឃឹមថា ភាគីថៃនឹងឯកភាពជាមួយកម្ពុជា ដើម្បីរួមគ្នាយកបញ្ហា ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ទៅតុលាករអន្តរជាតិ និងនៅក្នុងស្មារតីសុចរិតភាពនិងស្មោះត្រង់ជាមួយគ្នាទៅវិញទៅមកដើម្បីបញ្ចប់បញ្ចៀសបញ្ហា កុំឱ្យអាចក្លាយទៅជាបញ្ហាប្រឈមគ្នាដោយប្រដាប់អាវុធសាជាថ្មីដោយសារភាពមិនច្បាស់លាស់ពីករណីព្រំដែនក៏ដូចជា MOU ឆ្នាំ២០០០។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងបញ្ជាក់ថា« កម្ពុជាសូមបញ្ជាក់ថា ខ្ញុំសូមបញ្ជាក់ថា ទោះបីជាភាគីថៃមិនឯកភាពជាមួយយើងនៅក្នុងការយកបញ្ហានេះទៅICJ ក៏កម្ពុជានឹងប្ដឹងទៅICJ លើបញ្ហានេះ ដើម្បីបញ្ចប់បញ្ហានេះ និង ពន្លត់បញ្ហានេះតែម្ដង កុំឱ្យមានបញ្ហាស្រពេចស្រពិលគ្នា ជាពិសេសការធ្លាក់ចូលទៅក្នុងការបំផុសរុញច្រានដោយក្រុមជ្រុលនិយមមួយក្ដាប់តូចនៅក្នុងប្រទេសថៃនិងកម្ពុជា ដែលអាចឈានដល់ការផ្ទុះអាវុធ និងការប្រឈមគ្នា ចឹងកិច្ចការងារនេះ គឺជាការសម្រេចចិត្តរបស់រាជរដ្ឋាភិបាល»។

កាលពីយប់ថ្ងៃទី០១មិថុនា ឆ្នាំ២០២៥ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានគូសបញ្ជាក់តាមបណ្ដាញសង្គមថា កម្ពុជាប្រកាន់ជំហរដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីតាមរយៈការប្រើប្រាស់យន្តការបច្ចេកទេស និងច្បាប់អន្តរជាតិ ជាគោល។ ក្នុងន័យនេះសម្ដេចបានបញ្ជាឱ្យគណៈកម្មការព្រំដែនចម្រុះ(JBC) កម្ពុជា ÷

១. រៀបចំការប្រជុំ JBC ជាមួយភាគីថៃជាបន្ទាន់ ដើម្បីដោះស្រាយបញ្ហាព្រំដែន និងបន្តការងារវាស់វែង ខណ្ឌសីមា និងបោះបង្គោលព្រំដែនរវាងប្រទេសទាំងពីរ។

Leave a Reply

Your email address will not be published. Required fields are marked *