ព័ត៌មានជាតិ

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ៖រាជរដ្ឋាភិបាលយកចិត្តទុកដាក់ខ្ពស់ចំពោះសុខមាលភាព ជីវភាព ការអប់រំ និងសេវាសង្គមនានាជូនពលរដ្ឋ

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ៖រាជរដ្ឋាភិបាលយកចិត្តទុកដាក់ខ្ពស់ចំពោះសុខមាលភាព ជីវភាព ការអប់រំ និងសេវាសង្គមនានាជូនពលរដ្ឋ
ចេញផ្សាយ ថ្ងៃទី ០២ ខែ មិថុនា ឆ្នាំ ២០២៥
MoINFO APP

មានប្រសាសន៍ជម្រាបជូន សមាជរដ្ឋសភានិងព្រឹទ្ធសភា នៅព្រឹកថ្ងៃទី២ ខែមិថុនាឆ្នាំ២០២៥ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា រាជរដ្ឋាភិបាលគ្រប់ដំណាក់កាល តែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះសុខមាលភាពរបស់ប្រជាពលរដ្ឋ ការស្តារជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ដោយផ្តោតលើសន្តិសុខស្បៀង ការផ្តល់សេវាសុខភិបាល ការអប់រំ និងសេវាសង្គម សាងសំណាញសុវត្ថិភាពសង្គម។ រាជរដ្ឋាភិបាលនីតិកាលទី៧ ដែលជារាជរដ្ឋាភិបាលបន្តវេន របស់គណបក្សប្រជាជនកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១សម្រាប់ឆ្នាំ២០២៣-២០២៨ បានកំណត់យកការអភិវឌ្ឍន៍ប្រព័ន្ធគាំពារសង្គម ។

សម្តេចនាយករដ្ឋមន្រ្តី បានគូសបញ្ជាល់ថា ដើម្បីកសាងប្រព័ន្ធគាំពារសង្គមឧ្យមានភាពរឹងមាំ ភាពធន និងប្រសិទ្ធភាពដូចសព្វថ្ងៃ រាជរដ្ឋាភិបាលបានវិនិយោគលើការកសាងមូលដ្ឋានគ្រឹះរឹងមាំសំរាប់អភិវឌ្ឍន៍ប្រព័ន្ធគាំពារសង្គម ដោយផ្តោតលើធាតុសំខាន់ៗចំនួន ៣ រួមមាន៖ទី១ ក្របខណ្ឌគតិយុត្ត និងឯកសារគោលនយោបាយ, ទី២ ប្រព័ន្ធគាំពារសង្គមឌីជីថល និងយន្តការតាមដានវាយតម្លៃ និងទី៣ ក្របខណ្ឌស្ថាប័ន ក្នុងនោះរាជរដ្ឋាភិបាលបានរៀបចំនិងដាក់ចេញលិខិតបទដ្ឋានគតិយុត្តិ ឯកសារក្របខណ្ឌ ផែនទីបង្ហាញផ្លូវ យុទ្ធសាស្រ្តនិងគោលការណ៍ណែនាំសំខាន់ៗសម្រាប់ធ្វើស្ថាប័ននូបយនីកម្ម ដាក់ឧ្យអនុវត្ត ក៏ដូចជំរុញការអនុវត្តកម្មវិធីជាតិជំនួយសង្គម របបសន្តិសុខសង្គម និងអន្តរាគមន៍គាំពារសង្គមជាបន្តបន្ទាប់។

សូមជម្រាបថាប្រព័ន្ធគំាពារសង្គមជាប្រធានបទមួយក្នុងចំណោមប្រធានបទចំនួនបី ដែលសមាជរដ្ឋសភានិងព្រឹទ្ធសភា លើកយកមកពិភាក្សា។ ប្រធានបទទំាងបីនៃកិច្ចប្រជុំសមាជរដ្ឋសភានិងព្រឹទ្ធសភាមាន ប្រធានបទស្តីប្រព័ន្ធគំពារសង្គម ប្រធានបទស្តីពី សេដ្ឋកិច្ចក្រៅប្រព័ន្ធ និងប្រធានបទស្តីពី វិស័យកសិកម្ម។

គិតត្រឹមខែមេសា ឆ្នាំ២០២៥ កម្មវិធីជាតិជំនួយសង្គម បានក្របដណ្តប់លើពលរដ្ឋសរុបប្រមាណ ១,២លានគ្រួសារ មានប្រមាណ ៤,៨៤លាននាក់ ស្មើនឹង ២៨% នៃចំនួនពលរដ្ឋសរុប។ ក្នុងឆ្នាំ២០២៥នេះ រាជរដ្ឋាភិ បាលបានវិភាជថវិកាប្រមាណ ២៥៧លានដុល្លារអាមេរិក សម្រាប់អនុវត្តកម្មវិធីចំនួន៩។ គិតត្រឹមខែមេសា ឆ្នាំ២០២៥ របបសន្តិសុខសង្គម បានក្របដណ្តប់លើពលរដ្ឋប្រមាណ ៣,១លាននាក់ ទាំងក្នុងវិស័យសាធារណៈ និងវិស័យឯកជន ហើយក្នុងឆ្នាំ២០២៥នេះ រាជរដ្ឋាភិបាលបានវិភាជថវិកាប្រមាណ ៤២៥លានដុល្លារអាមេរិក បន្ថែមលើថវិកាវិភាគទានដែលប្រមូលបានពីសមាជិក ប.ស.ស សម្រាប់អនុវត្តរបបសន្តិសុខសង្គមចំនួន ៣សំខាន់ៗ។ ចំណែកអន្តរាគមន៍ឆ្លើយបតទៅគ្រោះអាសន្ន៖ ក្នុងខណៈដែលប្រទេសជាតិជួបគ្រោះអាសន្នដែលរួមមានការរីករាលដាលជំងឺកូវីដ ១៩ សម្ភាធអតិផរណានិងគ្រោះទឹកជំនន់ធ្ងន់ធ្ងរ រាជរដ្ឋាភិបាលបានគិតគូរនិងផ្តល់ការគាំពារដល់ពលរដ្ឋដើម្បីរក្សាលំនឹងជីវភាព កាត់បន្ថយការវិបាកអវិជ្ជមាន ដោយសារជីវភាពរបស់ប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព តាមរយៈការអន្តរាគមន៍ជំនួយសង្គមពិសេសដល់គ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ដែលបានចំណាយថវិកាជាតិសរុបប្រមាណ ១ ៤២២ លានដុល្លារអាមេក៕

Leave a Reply

Your email address will not be published. Required fields are marked *