ព័ត៌មានជាតិ

ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អញ្ជើញ បញ្ចុះបឋមសិលាសាងសង់អគារសិក្សាកម្ពស់៤ជាន់ រួមនឹងទីចាត់ការ១ខ្នង ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តព្រឹទ្ធបណ្ឌិត នៅវិទ្យាល័យព្រៃព្នៅ

ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អញ្ជើញ
បញ្ចុះបឋមសិលាសាងសង់អគារសិក្សាកម្ពស់៤ជាន់ រួមនឹងទីចាត់ការ១ខ្នង ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តព្រឹទ្ធបណ្ឌិត នៅវិទ្យាល័យព្រៃព្នៅ

ព្រៃវែង៖ នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពារាំង តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញបញ្ចុះឋមសិលាសាងសង់អគារសិក្សា និងទីចាត់ការ នៅវិទ្យាល័យព្រៃព្នៅ ស្ថិតក្នុងស្រុកពារាំង ខេត្តព្រៃវែង។

ក្នុងនោះឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែងបានមានប្រសាសន៍ថា សមិទ្ធផលថ្មី នៅក្នុងបរិវេណវិទ្យាល័យព្រៃព្នៅ ដែលត្រូវសាងសង់នាពេលនេះមាន៖ អគារសិក្សា ១ខ្នង កម្ពស់ ៤ជាន់ ស្មើនឹង ៣២បន្ទប់ រួមនឹងទីចាត់ការ ១ខ្នង មាន៣បន្ទប់ ជាចំណងដៃថ្មី និងជាប្រវត្តិសាស្រ្តរបស់ស្រុកពារាំង ដែលសម្ដេចតេជោ និងសម្ដេចគតិព្រឹទ្ធបណ្ឌិត បានផ្តល់ជូនតាមសំណូមពររបស់យុវសិស្ស សាយ ស៊ីណា ដែលបានច្រៀងបទ “ស្ពានសាងស្នេហ៍”ក្នុងកម្មវិធីប្រឡងជ្រើសរើសយុវជនឆ្នើម និងធ្វើឱ្យសម្តេចទាំងទ្វេពេញចិត្តចំពោះអត្ថន័យនិងទឹកដមសម្លេងដ៏ពិរោះរបស់យុវសិស្ស។

ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បាននាំមកនៅការសាកសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំ ផ្ញើជូនប្រជាពលរដ្ឋនៅទូទាំងខេត្តព្រៃវែង និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានឧបត្ថម្ភអគារសិក្សា និងទីចាត់ការនៅវិទ្យាល័យព្រៃព្នៅ ជាកាយវិការប្រកបដោយព្រហ្មវិហារធម៌ អាណិតស្រលាញ់ ដែលសម្តេចទាំងទ្វេតែងមានចំពោះប្រជាពលរដ្ឋទូទៅ។

ឯកឧត្តម នាយឧត្តមសេនីយ៍ មានប្រសាសន៍ បន្ថែមទៀតថា អគារសិក្សាថ្មីនេះ ពិតជាអាចឆ្លើយតបទៅនឹងចំនួនសិស្ស ដែលមានការកើនឡើងជារៀងរាល់ឆ្នាំ និងបានរួមចំណែកដ៏ថ្លៃថ្លា ក្នុងការជួយលើកកម្ពស់ដល់ការ សិក្សាអប់រំ ក៏ដូចជាគុណភាពនៃការអប់រំនៅកម្ពុជា ស្របតាមគោលនយោបាយរបស់រាជដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភាក្រោមការដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដោយបានចាត់ទុកការអភិវឌ្ឍនធានមនុស្ស ជាអាទិភាពទី១ ។ ក្នុងយុទ្ធ សាស្ត្របញ្ចកោណដំណាក់កាលទី១ ក្រសួងអប់រំ យុវជន និងកីឡា នឹងបន្តការធ្វើកំណែទម្រង់វិស័យអប់រំ ដោយផ្តោតលើគុណភាពអប់រំគ្រប់កម្រិតសិក្សា ជំរុញការអប់រំឌីជីថល បង្កើនការចូលរៀនផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ពង្រឹងការបណ្តុះបណ្តាលជំនាញដល់យុវជន ពង្រឹងការអប់រំកាយ និងកីឡា ការអប់រំសុខភាព និងភាពជាពលរដ្ឋពេញលេញ។ ក្នុងនោះផែនការយុទ្ធសាស្ត្រកំណែទម្រង់វិស័យ អប់រំ ២០២៣-២០២៨ ដែលឈរលើគោលនយោបាយធំៗពីរគឺ៖ ទី១.ធានាឱ្យការអប់រំមានគុណភាព ប្រកបដោយសមធម៌ បរិយាបន្ន និងលើកកម្ពស់ឱកាសក្នុងការសិក្សាពេញមួយជីវិតសម្រាប់ទាំងអស់គ្នា និងទី២. ធានាភាពស័ក្តិសិទ្ធិនៃភាពជាអ្នកដឹកនាំ និងគ្រប់គ្រងមន្ត្រីអប់រំគ្រប់លំដាប់ថ្នាក់។

ឯកឧត្តម ក៏បានអំពាវនាវដល់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ធ្វើការវាយគង ទូងស្គរ និងធ្វើតាមគ្រប់មធ្យោបាយដែលមាន ដើម្បីអបអរសាទរការបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ខាងមុខ ដែលជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ក្រោមគំនិតផ្តួចផ្តើមប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចតេជោ ហ៊ុន សែន សម្រាប់គុណប្រយោជន៍ធំធេងចំពោះជាតិ។

ឯកឧត្តម នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានផ្តល់ជូនអំណោយឧបត្ថម្ភរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត មាន៖ កុំព្យូទ័រ ១០គ្រឿង, ធុងបាស់ និងម៉ៃក្រូហ្វូនសម្រាប់មុខវិជ្ជាសិល្បៈ ១ឈុត, តារាងបាល់ទះ បាល់ទាត់ និងបាល់បោះ ១ឈុត, ចាក់សាបផ្លូវដើរចូលសាលារៀន, ធ្វើរបងសាលារៀនបន្ថែម ៥០ម៉ែត្រ, ស្លាយបញ្ចាំង ៥ឈុត, ម៉ាស៊ីនព្រីនធ័រ ៥គ្រឿង, ម៉ាស៊ីនថតចម្លងខ្នាតធំ ៥គ្រឿង និងអំពូលសូឡា ៥០០វ៉ាត់ ចំនួន ១០០គ្រាប់។

ជាមួយនោះ ឯកឧត្តម ក៏បានឧបត្ថម្ភសម្ភារៈ និងថវិកាដល់អ្នកចូលរួម ដែលមាន៖ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស មន្ត្រីសាលាស្រុក បុគ្គលិកពេទ្យ កងកម្លាំងប៉ុស្តិ៍ ប្រជាការពារ យុវជនកាយរិទ្ធ យុវជនកាកបាទក្រហម យុវជន ស.ស.យ.ក និងប្រជាពលរដ្ឋផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *