ព័ត៌មានជាតិ

មកដឹងពីលក្ខណៈពិសេសនៃតំបន់ប្រាសាទសំបូរព្រៃគុក ដែលជាសម្បត្តិ​បេតិក​ភណ្ឌពិភពលោក

មកដឹងពីលក្ខណៈពិសេសនៃតំបន់ប្រាសាទសំបូរព្រៃគុក ដែលជាសម្បត្តិ​បេតិក​ភណ្ឌពិភពលោក
ចេញផ្សាយ ថ្ងៃទី ០៨ ខែ កក្កដា ឆ្នាំ ២០២៥
នៅថ្ងៃទី៨ ខែកក្កដានេះ កាលពីឆ្នាំ២០១៧ តំបន់ប្រាសាទ​សំបូរ​ព្រៃគុក​នៃព្រះ​រាជា​ណាចក្រកម្ពុជាត្រូវ​បាន​សម្រេច​អនុម័តបញ្ចូល ជាសម្បត្តិ​បេតិក​ភណ្ឌពិភពលោក នៅទីក្រុងក្រាកូ(Cracovie) ប្រទេសប៉ូឡូញ។

សមិទ្ធផលជាប្រវត្តិសាស្រ្តនេះ មិនមែនកើតឡើងដោយឯកឯងទេ។​ដោយមាន​កិច្ចខិតខំប្រឹងប្រែងជាច្រើនឆ្នាំ​របស់​រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីកម្ពុជា និងបន្តវេនដោយសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ដែល​មានក្រសួង​វប្បធម៌និង​វិចិត្រ​សិល្បៈ​ជា​សេនាធិការ​បច្ចេកទេស ដឹកនាំដោយលោក​ជំទាវរដ្ឋមន្រ្តី ភឿង សកុណា និងមន្រ្តីជំនាញ តំបន់​ប្រាសាទ​សំបូរ​ព្រៃគុក ត្រូវបាន​សម្រេចដាក់បញ្ចូលជា​បេតិកភណ្ឌ​ពិភពលោក នៅក្នុងកិច្ចប្រជុំ​កំពូល​លើកទី៤១ នៃ​គណៈ​កម្មាធិ​ការ​បេតិកភណ្ឌពិភពលោក ដែលប្រព្រឹត្តទៅ​ពីថ្ងៃ​ទី០២-១២ខែ​​កក្កដា ឆ្នាំ២០១៧ ដែល​មាន​១៩៣​ប្រទេស​ជាសមាជិក និង២១​ប្រទេស​ជាគណៈកម្មាធិការ​អចិន្ត្រៃយ៍បាន​សម្រេច​អនុម័តបញ្ចូល «តំបន់​ប្រាសាទ​​សំបូរព្រៃគុក» ជាសម្បត្តិ​បេតិក​ភណ្ឌពិភពលោក នាវេលាម៉ោង៩:៣៧នាទី (ម៉ោងនៅ​ប្រទេស​កម្ពុជា​)យប់ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៧ នៅទីក្រុងក្រាកូ(Cracovie) ប្រទេសប៉ូឡូញ។

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានគូសរំលេចឱ្យឃើញថា មានលក្ខណៈពិសេសបី​យ៉ាង ដែលនាំឱ្យការសម្រេច​ដាក់​បញ្ចូល «តំបន់ប្រាសាទសំបូរ​ព្រៃគុក» ជាបេតិកភណ្ឌ​ពិភពលោកមាន៖ ទី១.តម្លៃលេចធ្លោជាសាកល ,ទី២.ការរក្សា​បាន​នូវបុរាណភាព និងទី៣.​សភាព​​ដើមរបស់​ប្រាសាទ។

បន្តទៅនេះសូមមកដឹងដោយសង្ខេបអំពីប្រាសាទសំបូរព្រៃគុកដែលជាមោទនកជាតិខ្មែរ និងជាមរតកនៃបុព្វបុរស​ខ្មែរ។

ប្រាសាទសំបូរព្រៃគុក គឺជារមណីយដ្ឋានបុរាណក្នុងខេត្តកំពង់ធំ ស្ថិតនៅចម្ងាយ​ប្រហែល ៣០ គីឡូម៉ែត្រ ភាគខាង​ជើងនៃទីរួមខេត្ត ,ចម្ងាយ ១៧៦ គីឡូម៉ែត្រខាង​កើតអង្គរ និង ២០៦ គីឡូម៉ែត្រភាគខាងជើងនៃរាជធានីភ្នំពេញ។

រមណីយដ្ឋានប្រាសាទសំបូរព្រៃគុក គឺជាអតីតរាជធានីឦសានបុរៈ នៃអាណាចក្រ​ចេនឡា​ក្នុង​ចន្លោះ​ចុងសតវត្សទី៦ ដើមសតវត្សទី៧នៃគ្រឹស្តសករាជ។ រាជធានីបុរាណ​ខ្មែរមួយនេះ បានកត់ត្រាក្នុង​សៀវ​ភៅ​កំណត់​ត្រារបស់បេសកជន​ចិនជាលើកដំបូង​ក្នុងសន្តតិវង្សថាង នាពាក់កណ្តាលទីមួយនៃសតវត្សទី៧។ នៅសម័យ​កាលនោះ ព្រះរាជាមាន​អំណាច​គ្រប់គ្រងលើអាណាចក្រខ្មែរទាំងមូល រួមទាំងភាគខាង​ត្បូង​ប្រទេស​​​ឡាវ និងប្រទេសថៃបច្ចុប្បន្ន។

សំណល់បុរាណជាច្រើននៅក្នុងរាជធានីឦសានបុរៈ ស្ថិតក្នុងរមណីយដ្ឋាន​ប្រាសាទ​សំបូរព្រៃគុក ​សព្វថ្ងៃមាន​ជាអាទិ៍៖ ប្រាសាទឥដ្ឋ សិលាចារឹក សំណង់រក្សាទឹក កំពែងក្រុង និងទីសក្ការៈបូជាដទៃទៀត។ សំណង់​​​ទាំងនោះ បានឆ្លុះ​បញ្ចាំងអំពី​ដំណាក់​កាលនៃ​ការរីកចម្រើនរបស់អារ្យធម៌ខ្មែរនាសម័យនោះ។ សំណង់​​​​ស្ថាបត្យកម្ម និងសិល្បៈ​បាន​បង្ហាញពីការទទួលឥទ្ធិពលវប្បធម៌ឥណ្ឌា ទន្ទឹមនឹងការរក្សានូវ​វប្បធម៌​ក្នុងស្រុក ដែលនេះបញ្ជាក់ពីដំណើរ​នៃការ​ទទួលឥទ្ធិពលឥណ្ឌា និងនាំមកនូវ​លក្ខណៈ​ឯកនៃ​វប្បធម៌ខ្មែរ។ ស្ថាបត្យកម្ម និងក្បូរក្បាច់រចនានៃ​ចម្លាក់នៅលើ​តួ​ប្រាសាទរាង​៨ជ្រុង ដែលអ្នកស្រាវជ្រាវ​ហៅថាប្រាសាទ​អណ្តែត និងក្បាច់រចនាលម្អនៅលើផ្តែរមាន​រូបសត្វម្ករ គឺជាអត្តសញ្ញាណតែមួយគត់ក្នុង​សិល្បៈខ្មែរ។ រមណីយ​ដ្ឋាននេះ បាន​ស្ថាបនា​ឡើងជាបន្តបន្ទាប់អស់រយៈ​ពេល​ប្រហែល​៥០០ឆ្នាំ ដែល​រំលេច​ឱ្យ​ឃើញតួ​ប្រាសាទ បដិមា និងស្នាដៃសិល្បៈជាច្រើនស្ថិតនៅកណ្តាល​ព្រៃ ជិតក្រុង​កំពង់ធំ។

Leave a Reply

Your email address will not be published. Required fields are marked *