ព័ត៌មានជាតិ

កម្ពុជា៖ សាលារៀនចំនួន១៨៦ ដែលជាគោលដៅសម្រាប់ការតេស្ត PISA នឹងផ្តល់​អាទិភាពទី១ ក្នុងការសម្រេច​ទទួល​បាន​ជាសាលារៀនគំរូ

កម្ពុជា៖ សាលារៀនចំនួន១៨៦ ដែលជាគោលដៅសម្រាប់ការតេស្ត PISA នឹងផ្តល់​អាទិភាពទី១ ក្នុងការសម្រេច​ទទួល​បាន​ជាសាលារៀនគំរូ
ចេញផ្សាយ ថ្ងៃទី ៣១ ខែ មីនា ឆ្នាំ ២០២៥
ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួង​អប់រំ យុវជន និងកីឡា បានថ្លែងពាក់ព័ន្ធ​នឹង​សាលាគោលដៅតេស្ត PISA ចំនួន​១៨៦ ដោយនឹង​ផ្តល់ជាអាទិភាពទី១ ដើម្បីឈានទៅ​សម្រេចគោល​ដៅទទួល​បាន​សាលារៀនគំរូ ព្រមគ្នានឹង​ក្នុងឆ្នាំ២០២៥នេះដែរ សាលា​រៀន​ចំនួន២៤៤​នឹងត្រូវ​កំណត់ជ្រើសរើស​ជា​សាលារៀនគំរូ។ឯកឧត្តមឧបនាយករដ្ឋមន្រ្តីបានថ្លែង​បែបនេះក្នុងកិច្ចប្រជុំស្តីពីការពិនិត្យវឌ្ឍនភាព និងការកំណត់សាលារៀន​គោលដៅ​ឆ្នាំ២០២៥ កាលពីចុងសប្ដាហ៍កន្លងទៅ។

តើអ្វីទៅតេស្ត PISA? តេស្ត PISA គឺជាកម្មវិធីវាយតម្លៃអន្តរជាតិដែលរៀបចំ​ឡើង​ដោយអង្គការសហប្រតិបត្តិការ និងការ​អភិវឌ្ឍសេដ្ឋកិច្ច (OECD)។ កម្មវិធីនេះ​ត្រូវបានរៀបចំឡើងជារៀងរាល់៣ឆ្នាំម្តង ដើម្បីវាយតម្លៃចំណេះដឹង និងជំនាញ​របស់សិស្សអាយុ១៥ឆ្នាំ ក្នុងវិស័យគណិតវិទ្យា វិទ្យាសាស្ត្រ និងការអាន។គោល​បំណងចម្បងរបស់ PISA គឺដើម្បីវាយតម្លៃ និងកែលម្អប្រព័ន្ធអប់រំទូទាំងពិភព​លោក​ដោយផ្តោតលើការធានាថា សិស្សទាំងអស់មានសមត្ថភាព​គ្រប់គ្រាន់​ក្នុងការចូល​រួមយ៉ាង​មានប្រសិទ្ធភាពក្នុងសង្គម និងសេដ្ឋកិច្ច។

លោកបណ្ឌិត សុខ សូត្រ ព្រឹទ្ធបុរសមហាវិទ្យាល័យអប់រំ នៃសាកលវិទ្យាល័យ​ភូមិន្ទភ្នំពេញ ក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា កម្មវិធីតេស្តអន្តរជាតិ PISA បានអនុវត្តចំនួន២ដងរួចមកហើយក្នុងរយៈពេលបន្តបន្ទាប់គ្នា ។លើកទី១ នៅ​ឆ្នាំ២០១៨ (PISA-D) ជាការសាកល្បង និងលើកទី២ PISA ក្នុងឆ្នាំ២០២២។ចំណែកលើកទី៣ គឺក្នុងឆ្នាំ២០២៥នេះ។

Leave a Reply

Your email address will not be published. Required fields are marked *