ព័ត៌មានជាតិ

សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យពង្រឹងការងារចូលរួមរក្សាសន្តិសុខព័ត៌មាននៅក្នុងសង្គម

សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យពង្រឹងការងារចូលរួមរក្សាសន្តិសុខព័ត៌មាននៅក្នុងសង្គម
ចេញផ្សាយ ថ្ងៃទី ៣១ ខែ មីនា ឆ្នាំ ២០២៥
សមាជិកសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យបានចូលរួមបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ខ្លួន កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ ដោយបានបង្កើនការចូលរួមប្រឆាំងព័ត៌មានក្លែងក្លាយជាមួយក្រសួងព័ត៌មាន ដើម្បីចូលរួមរក្សាសន្តិសុខព័ត៌មាននៅក្នុងសង្គម។

ពិធីបិទសន្និបាតដែលបានមានការអញ្ជើញចូលរួមពីឯកឧត្តម សុខ ចាន់ភក្តី រដ្ឋលេខាធិការក្រសួងព័ត៌មានតំណាងឯកឧត្តមរដ្ឋមន្ត្រី ក៏បានឈ្វេងយល់ អំពីធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន ដែលជាអាវក្រោះសម្រាប់អ្នកសារព័ត៌មាននៅកម្ពុជាផងដែរ។

លោក ទូច វណ្ណៈ ប្រធានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ នៅក្នុងឱកាសនោះបានផ្តល់ជាវេទិកាដល់អង្គសន្និបាតដើម្បីពិភាក្សាអំពីបញ្ហាប្រឈមនានារបស់វិស័យ សារព័ត៌មាន នៅកម្ពុជានិយាយជារួម និងដោយឡែកបញ្ហាប្រឈមរបស់បណ្តាអង្គភាពសារព័ត៌មាន និងអ្នកសារព័ត៌មានដែលជាសមាជិករបស់សមាគម ក្នុងន័យស្វែងរកដំណោះស្រាយជារួមសំដៅធ្វើ យ៉ាងណាជំរុញឲ្យវិស័យសារព័ត៌មានកាន់តែមានតួនាទីសំខាន់បន្ថែមទៀតក្នុងការចូលរួមចំណែក អភិវឌ្ឍន៍ប្រទេសជាតិក៏ដូចជាពង្រឹងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។

សូមបញ្ជាក់ថា សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យបង្កើតឡើងដោយក្រុមយុវជនខ្មែរ ដែល មានអាជីពជាអ្នកសារព័ត៌មាន ជាអ្នកស្រឡាញ់វិស័យព័ត៌មាន និងការងារសង្គម មនុស្សធម៌ សាសនា អប់រំ កីឡា សិល្បៈ និងការអភិវឌ្ឍនធនធានមនុស្ស។

បច្ចុប្បន្នសមាគមសារព័ត៌មានឯករាជ្យ មានអង្គភាពសារព័ត៌មានជាសមាជិកសរុបចំនួន៦២ អង្គភាព និងមានក្រុមហ៊ុនសហគ្រាស គ្រឹះស្ថានសិក្សាជាដៃគូ សរុបចំនួន២៤ស្ថាប័ន។ សមាគមមានសមាជិក សមាជិកាថ្នាក់កណ្តាល និងថ្នាក់ដឹកនាំ សមាជិក សមាជិកានៅថ្នាក់រាជធានី ខេត្តទាំង១០ សរុបជិត ៣,០០០នាក់៕

Leave a Reply

Your email address will not be published. Required fields are marked *