សម្តេចធិបតី៖ អតីតយុទ្ធជនជាង១០ម៉ឺននាក់ និងអ្នកនៅក្នុងបន្ទុកជាង១៤ម៉ឺននាក់ កំពុងទទួលប្រាក់របបសន្តិសុខសង្គមប្រចាំខែពីរដ្ឋ
ចេញផ្សាយ ថ្ងៃទី ២១ ខែ មិថុនា ឆ្នាំ ២០២៤
MoINFO APP
បច្ចុប្បន្នអតីតយុទ្ធជនចំនួន ១០៩ ០៣៤ នាក់ ព្រមទាំងអ្នកនៅក្នុងបន្ទុកចំនួន ១៤៩ ០៥៣ នាក់ កំពុងទទួលប្រាក់របបសន្តិសុខ សង្គមប្រចាំខែពីរដ្ឋ។នេះជាការគូសបញ្ជាក់នៅក្នុងសារលិខិតរបស់សម្ដេចធិបតីនាយករដ្ឋមន្រ្តីកម្ពុជាក្នុងឱកាសខួបលើកទី១៧ ទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា ឆ្នាំ២០២៤ ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តថា គិតចាប់ពីខែមករា ឆ្នាំ២០២៣ រាជរដ្ឋាភិបាលបានដំឡើង ប្រាក់របបសន្តិសុខសង្គមប្រចាំខែជូននិវត្តន៍ជន ជនបាត់បង់សមត្ថភាពការងារ និងជនពិការ ទាបជាងឬស្មើ ៦៩ម៉ឺន រៀល ត្រូវបន្ថែមឱ្យដល់ត្រឹម ៧៧ម៉ឺនរៀល ក្នុងមួយខែ ហើយដំឡើងដល់ ៨២ម៉ឺន ៥ពាន់រៀល ក្នុងមួយខែ នៅឆ្នាំ ២០២៤។ ក្នុងនោះប្រាក់វិភាជន៍គ្រួសារ និងកូនប្រចាំខែរបស់អតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជន បានកំពុង អនុវត្តដូចប្រាក់វិភាជន៍គ្រួសារប្រចាំខែរបស់មន្ត្រីរាជការស៊ីវិល និងកងកម្លាំងប្រដាប់អាវុធផងដែរ ដែលចាប់ពី ខែមករា ឆ្នាំ២០២៤ រាជរដ្ឋាភិបាលកម្ពុជា បានដំឡើងប្រាក់ឧបត្ថម្ភប្រចាំខែជូនដល់គ្រួសាររបស់អតីតយុទ្ធជនពលី និងមរណៈ និងប្រាក់ឧបត្ថម្ភប្តី ឬប្រពន្ធ ពី ១៥ ០០០រៀល ទៅ៣០ ០០០រៀល, កូនពី ១០ ០០០រៀល ទៅ ៣០ ០០០រៀល, និងឪពុក ម្តាយ ឬអាណាព្យាបាល ពី ៨ ០០០រៀល ទៅ ៣០ ០០០រៀល ក្នុងម្នាក់។ ទន្ទឹមនឹង នេះ រាជរដ្ឋាភិបាលក៏បានផ្តល់ប្រាក់ឧបត្ថម្ភក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរចំនួន ៥ម៉ឺនរៀល ជូនដល់ និវត្តជន ជនបាត់បង់សមត្ថភាពការងារ ជនពិការ និងគ្រួសារអតីតយុទ្ធជន។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានគូសរំលេចទៀតថា ទិន្នន័យអតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជន ត្រូវបានធ្វើបច្ចុប្បន្នភាព និងគ្រប់គ្រងតាមប្រព័ន្ធបច្ចេកវិទ្យា ព័ត៌មានវិទ្យា ដើម្បីធានាបាននូវប្រសិទ្ធភាព និងសុវត្ថិភាពក្នុងការបើករបបសន្តិសុខសង្គមប្រចាំខែ ដែលកំពុងអនុវត្តជាមួយធនាគារដៃគូនៅទូទាំង២៥ រាជធានី ខេត្ត ហើយការបើកប្រាក់របបសន្តិសុខសង្គមរៀងរាល់ពីរសប្តាហ៍ម្តងក្នុងខែនីមួយៗ ត្រូវបានដាក់ឱ្យអនុវត្តចាប់ពីខែមករា ឆ្នាំ២០១៩ មកម៉្លេះ។ រាជរដ្ឋាភិបាល បានផ្តល់បណ្ណថែទាំសុខភាព (ប.ស.ស.) ជូនជនពិការ និវត្តជន និងជនបាត់បង់សមត្ថភាពការងារ និងបណ្ណមូលនិធិសមធម៌សុខាភិបាលជូនអ្នកកាន់សៀវភៅធនាគាររបស់គ្រួសារជនពលី និងគ្រួសារជនមរណៈ ជាអតីតយុទ្ធជន ដើម្បីទៅពិនិត្យនិងព្យាបាលជំងឺនៅតាមមន្ទីរពេទ្យ ដែលបានចុះកិច្ចសន្យាជាមួយ (ប.ស.ស.) ដោយមិនបង់ប្រាក់។