ព័ត៌មានជាតិ

សម្ដេចនាយករដ្ឋមន្រ្តី៖ រាជរដ្ឋាភិបាលកម្ពុជា តែងតែផ្តល់ការយកចិត្តទុកដាក់ លើការងារអតីតយុទ្ធជន និងអតីតមន្ត្រីរាជការស៊ីវិល

សម្ដេចនាយករដ្ឋមន្រ្តី៖ រាជរដ្ឋាភិបាលកម្ពុជា តែងតែផ្តល់ការយកចិត្តទុកដាក់ លើការងារអតីតយុទ្ធជន និងអតីតមន្ត្រីរាជការស៊ីវិល
ចេញផ្សាយ ថ្ងៃទី ២១ ខែ មិថុនា ឆ្នាំ ២០២៤
MoINFO APP

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាបានលើកឡើងថា ក្នុងគ្រប់កម្មវិធីនយោបាយ រាជរដ្ឋាភិបាលកម្ពុជាតែងតែផ្តល់​ការយកចិត្តទុកដាក់លើការងារអតីតយុទ្ធជន និង អតីតមន្ត្រីរាជការស៊ីវិលជាអាទិភាពមួយក្នុងចំណោមអាទិភាពនានា។

តាមរយៈសារលិខិតក្នុងឱកាសខួបលើកទី១៧ ទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា ឆ្នាំ២០២៤ សម្ដេចធិបតីបានគូសរំលេចថា​សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា រាជរដ្ឋាភិបាល បានដាក់ចេញនូវយុទ្ធសាស្ត្រ បញ្ចកោណ ដំណាក់កាលទី១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព សំដៅកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ដែលក្នុងនោះ មុំទី៤៖ «ការពង្រឹង ប្រព័ន្ធគាំពារសង្គម និងប្រព័ន្ធស្បៀង» នៃ បញ្ចកោណទី១៖ «ការអភិវឌ្ឍមូលធនមនុស្ស» មានគោលដៅជា យុទ្ធសាស្ត្រ កសាងនិងអភិវឌ្ឍប្រព័ន្ធគាំពារសង្គម ឱ្យមានលក្ខណៈប្រមូលផ្តុំ និងសង្គតិភាពទាំងក្នុងប្រព័ន្ធជំនួយ សង្គម និងប្រព័ន្ធសន្តិសុខសង្គម និងពង្រឹងប្រព័ន្ធស្បៀងដែលផ្តល់សន្តិសុខស្បៀង និងអាហាររូបត្ថម្ភសម្រាប់ ប្រជាជនគ្រប់រូប។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បន្តថា លើសពីនេះការបន្តអភិវឌ្ឍប្រព័ន្ធគាំពារសង្គមនឹងត្រូវធ្វើឡើងដោយឈរលើស្មារតី “មិនបោះបង់ ពលរដ្ឋខ្មែរណាម្នាក់” ហើយការពង្រីកវិសាលភាពនៃប្រព័ន្ធគាំពារសង្គមក៏ឈរលើអភិក្រមចំនួន ៤ គឺ៖ ១) ចីរភាពនៃ កម្មវិធី ២) លទ្ធភាពអាចទ្រទ្រង់បាននៃថវិកាជាតិ ៣) ការធានាបរិយាបន្ន និងសមធម៌សង្គម ដោយផ្តោតលើកិច្ច អន្តរាគមន៍របស់រដ្ឋលើគ្រួសារក្រីក្រ ងាយរងគ្រោះ និងងាយរងហានិភ័យ និង ៤) ភាពអាចពង្រីកវិសាលភាពនៃ ប្រព័ន្ធគាំពារសង្គម តាមរយៈការអភិវឌ្ឍជាប្រព័ន្ធ។

បច្ចុប្បន្ននេះ អតីតយុទ្ធជនចំនួន ១០៩ ០៣៤ នាក់ ព្រមទាំងអ្នកនៅក្នុងបន្ទុកចំនួន ១៤៩ ០៥៣ នាក់ កំពុងទទួលប្រាក់របប​សន្តិសុខសង្គមប្រចាំខែពីរដ្ឋ។នេះបើតាមការបញ្ជាក់ក្នុងសារលិខិតក្នុងឱកាសខួបលើកទី១៧ ទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា ឆ្នាំ២០២៤៕

Leave a Reply

Your email address will not be published. Required fields are marked *