កម្មវិធីផ្តល់សេវាជួសជុលអវយវៈសិប្បនិម្មិត រណប និងគ្រឿងជំនួយដើរ និងផ្តល់អំណោយសប្បុរសធម៌ជូនជនមានពិការភាពនៅស្រុកពាមជរ ខេត្តព្រៃវែង
ព្រៃវែង៖ នៅព្រឹកថ្ងៃទី ២៩ ខែឧសភា ឆ្នាំ២០២៤
ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានរៀបចំ ផ្តល់សេវាជួសជុលអវយវៈសិប្បនិម្មិត រណបនៅតាម សហគមន៍ ការផ្តល់គ្រឿងជំនួនក្នុងការដើរ និងផ្តល់កញ្ចប់អំណោយសប្បុរសធម៌ជូនជនមានពិការភាពចំនួន១៥០ នាក់ ក្រោមអធិបតីភាពដ៏ខ្ពស់ខ្ពស់ ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៅសាលាស្រុកពាមជរ ខេត្តព្រៃវែង។
ឯកឧត្ដម ខុម ផលលឿន នាយកមូលនិធិជនពិការ បានលើកឡើងថា៖ សេវាស្តារលទ្ធភាពពលកម្មកាយសម្បទា ភាគច្រើនត្រូវបានផ្តល់ជូនតាមរយៈមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទា ទាំង ១១ទីតាំង រូមមាន៖ រាជធានីភ្នំពេញ (២ទីតាំង) ខេត្តបាត់ដំបង កំពង់ឆ្នាំង កំពង់ចាម ព្រះសីហនុ កំពង់ស្ពឺ ក្រចេះ សៀមរាប តាកែវ និងខេត្តព្រៃវែង និងរោងជាងស្តារលទ្ធភាពពលកម្មកាយសម្បទា ៣ទីតាំង រួមមាន៖ ខេត្តកំពង់ធំ ព្រះវិហារ និងខេត្តស្វាយរៀង ដែលជាសេវាមួយផ្តល់ជូនជនមានពិការភាពដោយឥតបង់ថ្លៃ និងប្រកបដោយតម្លាភាព។
ឯកឧត្ដម បន្តថា ក្នុងឆ្នាំ២០២៣ មូលនិធិជនពិការ តាមរយៈមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទារាជធានី-ខេត្ត និងរោងជាងស្តារលទ្ធភាពពលកម្មកាយសម្បទា បានផ្តល់សេវាស្តារលទ្ធភាពពលកម្មគ្រប់ប្រភេទជូនជនមានពិការភាពចំនួនសរុប ២៧,៧៧៤នាក់ ដោយជនមានពិការភាពទទួលបានសេវារួមមាន៖ការផ្តល់អវយវៈសិប្បនិម្មិត រណប និងឧបករណ៍ជំនួយរាងកាយចំនួន ១៣,៨៥០គ្រឿង, ការផ្តល់រទេះរុញចំនួន ១,៥៤០គ្រឿង, ការជួសជុលអវយវៈសិប្បនិម្មិត រណប និងឧបករណ៍ជំនួយរាងកាយចំនួន ១២,៣៧៦គ្រឿង/រាយ និងការព្យាបាលដោយចលនាចំនួន ១១,០៣៤នាក់ ស្មើនឹងចំនួនព្យាបាល ៩៤,៥៩៥ដង។ ទន្ទឹមនឹងនេះ មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាបានផ្តល់សេវានៅតាមសហគមន៍ ចំនួន ៨,៥០៥នាក់ រួមមាន៖សេវាជួសជុលចល័តនូវឧបករណ៍អវយវៈសិប្បនិម្មិត និងគ្រឿងជំនួយនានាចំនួន ៦,០១៣ នាក់, ការផ្តល់រទេះរុញចំនួន ២៥០ គ្រឿង, ការផ្តល់ឈើច្រត់គ្រប់ប្រភេទចំនួន ៧៦៨ រាយ, ការផ្ដល់ស្បែកជើងខ្ពស់ទាបចំនួន ២០៩ គូ, ការបញ្ជូនជនមានពិការភាពទៅកាន់អង្គការ ឬអ្នកផ្ដល់សេវាផ្សេងៗទៀតចំនួន ១៤៩ នាក់, ការសម្របសម្រួល និងបញ្ជូនកុមារមានពិការភាពឱ្យបានចូលរៀននៅសាលារដ្ឋ ៣២៣ នាក់, បានស្រាវជ្រាវឃើញជនមានពិការភាពថ្មី ដែលត្រូវបញ្ជូនទៅទទួលសេវានៅមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទា ១៦២ នាក់, ការសម្របសម្រួលរកការងារជូនជនមានពិការភាពចំនួន ១៧នាក់ បានផ្តល់កង់និងកង់អគ្គិសនីជូនជនមានពិការភាពក្រីក្រនិងក្រុមគ្រួសារ២៦ គ្រឿង, បានបង្កើតអាជីវកម្មខ្នាតតូចជូនជនមានពិការភាព ១៦ កម្មវិធី, និងការចុះសួរសុខទុក្ខ តាមដាន និងវាយតម្លៃជនមានពិការភាពក្នុងសហគមន៍៥៧៥ នាក់។ បានផ្តល់សេវាស្តារលទ្ធភាពពលកម្មកាយសម្បទាបែបវេជ្ជសាស្ត្រជូនជនមានពិការភាព និងប្រជាជនក្រីក្របានចំនួន ៣៦,០៧៤នាក់ និងគាំទ្រដល់ជីវភាពជនមានពិការភាព តាមរយៈផ្តល់ជាអំណោយសប្បុរសធម៌ជូនជនមានពិការភាពក្រីក្រចំនួន ៦៣០គ្រួសារ នៅរាជធានី-ខេត្តទាំង២៥ និងសាងសង់ផ្ទះជូនជនមានពិការភាពក្រីក្រចំនួន ៩ខ្នង។
ឯកឧត្ដម បន្តថា ក្នុងឆ្នាំ២០២៤នេះ មូលនិធិជនពិការ បានសហការជាមួយអង្គការឆាយ(CHAI) និងអង្គការជនពិការអន្តរជាតិ(HI) ក្រោមជំនួយឧបត្ថម្ភពីគម្រោង AT Scale ក្នុងការចុះផ្តល់សេវានៅតាមសហគមន៍ សម្រាប់មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាចំនួន០៣ខេត្ត គឺខេត្តព្រៃវែង ខេត្តសៀមរាប និងខេត្តក្រចេះ។ លើសពីនេះ បានជួយគាំទ្រលើសម្ភារៈ បរិក្ខា និងគ្រឿងម៉ាស៊ីនជាច្រើនទៀតដល់មជ្ឈមណ្ឌល ស្តារលទ្ធភាពពលកម្មកាយម្បទាគៀនឃ្លាំង ខេត្តតាកែវ ខេត្តព្រៃវែង ខេត្តក្រចេះ និងខេត្តសៀមរាប ដើម្បីឱ្យការផ្តល់សេវាជូនជនមានពិការភាពបានទាន់ពេលវេលា និងប្រកបដោយគុណភាព។ គម្រោង AT Scale រួមជាមួយដៃគូពាក់ព័ន្ធនានា បានផ្តួចផ្តើមឱ្យមានទិវាបច្ចេកវិទ្យាជំនួយពិភពលោក ក្នុងគោលបំណងផ្សព្វផ្សាយការយល់ដឹង និងសារៈសំខាន់ នៃបច្ចេកវិទ្យាជំនួយ ដែលជាតម្រូវការចាំបាច់របស់ជនមានពិការភាពក្នុងជីវភាពរស់នៅ និងសកម្មភាពសង្គម ដែលប្រព្រឹត្តនាថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤ ខាងមុខនេះ។
មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា មានប្រសាសន៍ថា ផ្តើមចេញពីនេះ វិស័យសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានរួមចំណែក និងដើរតួនាទីយ៉ាង សំខាន់ ព្រមទាំងទទួលបាននូវសមិទ្ធផលថ្មីៗជាច្រើន ដោយក្នុងនោះគឺការអនុវត្តគោលនយោបាយ កម្មវិធីជាតិ ពាក់ព័ន្ធវិស័យសង្គមកិច្ច សំដៅបង្កើតនូវសេវាសាធារណៈដើម្បីជួយដល់ជនរងគ្រោះ និងក្រុមជនងាយរងគ្រោះ អតីតមន្ត្រីរាជការស៊ីវិល អតីតយុទ្ធជន និងកិច្ចគាំពារសង្គមដល់ប្រជាពលរដ្ឋ ជាពិសេសជនមានពិការភាព ។
ដោយមានការយកចិត្តទុកដាក់ និងការខិតខំប្រឹងប្រែងរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិ តាមរយៈមូលនិធិជនពិការបានផ្តល់សេវាស្តារលទ្ធភាពពលកម្មកាយសម្បទាជូនជនមានពិការភាពក្នុង សម្បទា មួយឆ្នាំៗគិតជាមធ្យមបានចំនួន២៨០០០នាក់។ ដោយពិនិត្យបញ្ហាប្រឈមរបស់បងប្អូនជនមានពិការជួបការ
លំបាកក្នុងការអញ្ជើញទៅទទួលសេវានៅមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទា មូលនិធិជនពិការបាន ខិតខំស្វែងរកថវិកាតាមរយៈថវិការដ្ឋ និងអង្គការដៃគូពាក់ព័ន្ធពង្រីកការផ្តល់សេវានៅតាមសហគមន៍ដើម្បីបង្ខិត សេវាឱ្យបានជិតនិងបងប្អូនជនមានពិការភាព ដើម្បីកាត់បន្ថយថវិកា និងពេលវេលាក្នុងការទៅទទួលសេវានៅ មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មដែលមានទីតាំងនៅឯទីរួមខេត្ត។
ឯកឧត្តម រដ្ឋមន្ត្រី មានប្រសាសន៍បន្ថែមថា ថ្ងៃនេះមូលនិធិជនពិការ តាមរយៈ មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទា និងសាខាមូលនិធិជនពិការខេត្តព្រៃវែងបានផ្តល់អំណោយ សប្បុរសធម៌ជូនជនមានពិការភាពយើងចំនួន១៥០នាក់ មានដូចជាគ្រឿងឧបភោគ បរិភោគ និងថវិកា ហើយក៍ មានការផ្តល់សេវាជួសជុលអវយវៈសិប្បនិម្មិត និងរណប និងគ្រឿងជំនួយដើរផ្សេងៗទៀតដល់ជនមានពិការភាព ចំនួន៧០នាក់ផងដែរ៕